(បរទេស)៖ ក្រោយពីជួបបញ្ហាមិនអាចដោះស្រាយបាន កាលពីប៉ុន្មានខែមុន ផ្កាយរណបមួយគ្រឿងរបស់ម៉ាឡេស៉ី នឹងត្រូវចល័តទៅកាន់គន្លងផ្ទុកខ្មោចផ្កាយរណប ដែលស្ថិតនៅរយៈកម្ពស់រាប់ម៉ឺនគីឡូម៉ែត្រពីផ្ទៃផែនដី ដើម្បីបោះបង់ចោល។
ផ្កាយរណបទំនាក់ទំនង Measat-3 ដែលមានអាយុកាលជិត ១៥ឆ្នាំមកហើយ បានជួបបញ្ហាដែលមិនត្រូវបានបកស្រាយ កាលពីខែមិថុនាកន្លងទៅ ហើយលែងដំណើរការបានរហូតមកទល់ពេលនេះ ទោះបីមានការខំប្រឹងព្យាយាម ជួសជុលវាយ៉ាងណាក៏ដោយ។ ដោយមើលឃើញថា មិនអាចស្រោចស្រង់វិញបាន ក្រុមហ៊ុនប្រតិបត្តិករផ្កាយរណបរបស់ម៉ាឡេស៉ី Measat បានសម្រេចថា នឹងបោះបង់ផ្កាយរណបនេះតែម្តង។
បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Measat ដោយផ្អែកលើរយៈកម្ពស់បច្ចុប្បន្នរបស់វា ផ្កាយរណប Measat-3 នឹងត្រូវបញ្ជូនទៅទុកចោលនៅគន្លង គេហៅថា graveyard orbit ដែលស្ថិតនៅចម្ងាយរហូតដល់ជាង ៣៦,០០០គីឡូម៉ែត្រប៉ុណ្ណោះ ពីផ្ទៃផែនដី ខណៈជាទូទៅបើផ្កាយរណបស្ថិតនៅគន្លងកម្រិតទាប ត្រឹមខ្ទប់រយគីឡូម៉ែត្រនោះ គឺពួកវានឹងត្រូវបន្ទាបឲ្យធ្លាក់ចូលមក ក្នុងស្រទាប់បរិយាកាសផែនដី ដើម្បីឲ្យរលាយឆេះទៅវិញ។
គួរបញ្ជាក់ថា ផ្កាយរណប Measat-3 ត្រូវបានបាញ់បង្ហោះឡើងទីអវកាស កាលពីឆ្នាំ២០០៦។ វាត្រូវបានប្រើប្រាស់ដើម្បីបម្រើសេវាកម្ម ដល់ប្រទេសច្រើនជាង ១០០ នៅតំបន់អាស៉ី អឺរ៉ុបខាងកើត មជ្ឈិមបូព៌ា និងអាហ្រ្វិកជាដើម៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១)