(បរទេស)៖ ក្នុងសប្តាហ៍នេះ លោកអ្នកប្រហែលជាមិនអាចមានអារម្មណ៍ស្រស់ស្រាយ ដូចសព្វមួយដងចំពោះរូបភាពពីទីអវកាសឡើយ ព្រោះការប្រមូលផ្តុំពេលនេះ គឺភាគច្រើនបំផុតជាសោកនាដកម្ម និងគ្រោះធម្មជាតិ។ ចង់ដឹងថា តើទិដ្ឋភាពទាំងអស់នោះ មើលពីទីអវកាសទៅដូចម្តេច សូមតាមដានកម្រងរូបភាព ប្រចាំសប្តាហ៍ដូចខាងក្រោមនេះ៖
១៖ ព្យុះ និងភ្លើងឆេះព្រៃ៖ រូបភាពមួយសន្លឹកនេះ បានបង្ហាញអំពីផ្ទៃដីសហរដ្ឋអាមេរិក និងពពកដ៏ខ្មួលខ្មាញ់នៅពីលើ និងជុំវិញនោះ។ វាមិនមែនជាពពកខ្មួលខ្មាញ់ធម្មតានោះទេ ដោយពពកខ្លះគឺជាបណ្តុំផ្សែង រសាត់មកពីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ភាគនិរតីសហរដ្ឋអាមេរិក និងបណ្តុំពពកកួចជារាងគូទខ្យង នៅលើមហាសមុទ្រទាំងសងខាងនោះ គឺជាព្យុះហឺរីខិន។ រូបភាពនេះត្រូវបានថតដោយ ផ្កាយរណប GOES-16 នៃរដ្ឋបាលតាមដានអាកាសធាតុ និងមហាសមុទ្រជាតិអាមេរិក (NOAA) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
២៖ ភ្លើងឆេះព្រៃនៅតំបន់ Siberia ប្រទេសរុស្ស៊ី៖ រូបភាពនេះត្រូវបានផ្តិតយក ដោយផ្កាយរណប Aqua របស់អង្គការ NASA កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។ វាគឺជាផ្សែងរសាត់ប្រមូលផ្តុំជាពពកសៗ ពីលើតំបន់ភ្លើងឆេះព្រៃ Siberia ស្ថិតនៅភាគឦសានប្រទេសរុស្ស៊ី។ ភ្លើងឆេះព្រៃនៅ Siberia ត្រូវបានចាត់ទុកថា ធំធេងជាងគេបំផុតលើផែនដី ឬធំជាងភ្លើងឆេះព្រៃកំពុងកើតឡើងនៅអឺរ៉ុប អាមេរិក និងកន្លែងផ្សេងៗទៀត បូកបញ្ចូលគ្នាទៅទៀត។
៣៖ អាកាសយានដ្ឋានទីក្រុងកាប៊ុល, អាហ្វហ្គានីស្ថាន៖ ពិភពលោកបានដឹងអំពីទុក្ខវេទនា និងភាពចលាចលដែលប្រទេសអាហ្វហ្គានីស្ថាន បាននិងកំពុងជួបប្រទះ ក្រោយក្រុមតាលីបង់ចូលគ្រប់គ្រងទីក្រុងកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ រូបភាពខាងក្រោមនេះត្រូវបានថតយក ដោយផ្កាយរណបក្រុមហ៊ុន Maxar ពីលើអាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលបង្ហាញឲ្យឃើញពីមនុស្សម្នាយ៉ាងកកកុញ ឈរត្រៀមឡើងយន្តហោះដើម្បីគេចចេញពីសង្គ្រាម និងស្វែងរកអនាគតថ្មី។
៤៖ ក្រោយមហន្តរាយភ្លើងឆេះព្រៃ៖ តំបន់ Greenville នៃរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានភ្លើងឆេះព្រៃលេបត្របាក់ទាំងស្រុង សល់តែគំនរផេះផង់។ ទិដ្ឋភាពដ៏គួរឲ្យខ្លោចផ្សា និងតក់ស្លុតនេះបានកើតមានឡើងជារៀងរាល់ឆ្នាំទៅហើយ ប៉ុន្តែវាកាន់តែអាក្រក់ខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែឥទ្ធិពលនៃការកើនឡើងកម្តៅភពផែនដី។ រូបនេះត្រូវបានថតនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដោយផ្កាយរណបរបស់ក្រុមហ៊ុន Maxar។
៥៖ ឥទ្ធិពលនៃផ្សែងភ្លើងឆេះព្រៃ Siberia៖ ចំណុចខ្មៅធំកណ្តាលរូបភាព ដែលត្រូវបានផ្តិតដោយផ្កាយរណបអឺរ៉ុប European Sentinel 5P កាលពីថ្ងៃទី១៤ ខែសីហាមួយនេះ គឺតំណាងឲ្យចំណុចប៉ូលខាងជើងផែនដី ដែលស្ថិតនៅមហាសមុទ្រទឹកកកអាក់ទិក ហើយតំបន់ដែលមានពណ៌លឿង និងទឹកក្រូចនោះ គឺជាបណ្តុំពពកផ្សែងបង្កឡើងដោយភ្លើងឆេះព្រៃនៅតំបន់ Siberia ប្រទេសរុស្ស៊ី។ វាបានរសាត់ទៅដល់រដ្ឋ Alaska របស់អាមមេរិក និងមួយផ្នែកនៃមហាសមុទ្រទឹកកកអាក់ទិច ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានកត់ត្រាកន្លងមកនេះ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១)