តើព្យុះធូលីតូចៗលើភពអង្គារ បានជំរុញឲ្យភពក្រហមនេះ បាត់បង់ទឹកបន្តិចម្តងៗ? ក្រុមអ្នកវិទ្យាសាស្ត្រពន្យល់…

(អាមេរិក)៖ តាមរយៈទិន្នន័យពីផ្កាយរណបចំនួន ៣ ដែលកំពុងគោចរនៅជុំវិញភពអង្គារ (Mars) ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា ព្យុះធូលីតូចៗតាមតំបន់ ក៏ចូលរួមចំណែកសំខាន់ ក្នុងការធ្វើឲ្យភពក្រហមនេះបាត់បង់ទឹក ដូចទៅនឹងព្យុះខ្សាច់ធំៗដែរ។

ព្យុះធូលីនៅភពអង្គារ អាចលាតសន្ធឹងទូទាំងភពទាំងមូល ហើយគ្របដណ្តប់វាជាមួយភាពងងឹត។ ជាយូរណាស់មកហើយ អ្នកវិទ្យាសាស្រ្តបានដឹងថា ព្យុះយក្សធំៗសម្បើមទាំងនេះ គឺជាមូលហេតុដែលធ្វើឲ្យទឹកត្រូវបាត់បង់ពីលើផ្ទៃភពអង្គារ។ យ៉ាងណាក្តី ភពអង្គារធ្លាប់ជាភពដែលស្រដៀងនឹងភពផែនដី គឺមានមហាសមុទ្រជាដើម ហើយព្យុះធំៗទាំងនោះ មិនអាចផ្តល់ការបកស្រាយឲ្យបានច្បាស់ អំពីការបាត់បង់ទឹកទាំស្រុងរបស់ភពអង្គារឡើយ។

យោងតាមការសិក្សាថ្មីខាងលើ ព្យុះធូលីតូចៗនៅតាមតំបន់ ក៏អាចចូលរួមចំណែកលុបបំបាត់ វត្តមានទឹកនៅលើភពអង្គារផងដែរ។ ព្យុះធូលីតូចៗទាំងនេះ ធ្វើឲ្យចំហាយទឹកឡើងក្តៅ ហើយពន្យឺតដំណើរប្រែប្រួលរបស់វាទៅជាទឹករាវ។ ព្យុះធូលីតូចៗ ក៏រក្សាចំហាយទឹកនៅរយៈកម្ពស់ខ្ពស់ក្នុងបរិយាកាស ជាទីដែលកាំរស្មីស្វាយអ៊ុលត្រា (UV) ងាយក្នុងការបំបែកអាតូមអ៊ីដ្រូសែន ចេញពីម៉ូលេគុលទឹកផងដែរ។

ការសិក្សាស្រាវជ្រាវនោះ បានផ្តោតទៅលើព្យុះតំបន់តូចមួយ ដែលកើតឡើងកាលពីចន្លោះខែមករា-កុម្ភៈ ឆ្នាំ២០១៩។ មុនពេលព្យុះធូលីចាប់ផ្តើម ក្រុមអ្នកវិទ្យាសាស្រ្តអាចមើលឃើញចំហាយទឹក តែស្ថិតនៅកៀកនឹងផ្ទៃភពអង្គារប៉ុណ្ណោះ ដ្បិតជាទូទៅវានឹងកករឹងភ្លាមៗទៅហើយ នៅក្នុងរយៈកម្ពស់ទាបៗ។ ប៉ុន្តែនៅពេលព្យុះធូលីនោះកើនថាមពល ក្រុមអ្នកវិទ្យាសាស្រ្តក៏បានប្រទះឃើញ កំណើនសីតុណ្ហភាព រួមនិងការអណ្តែតឡើងខ្ពស់នៃចំហាយ។ ខណៈរំហួតទឹកឡើងកាន់តែកៀកនឹងកាំរស្មី UV ក្រុមអ្នកវិទ្យាសាស្រ្ត បានមើលឃើញវត្តមានអាតូមអ៉ីដ្រូសែនកាន់តែច្រើន ត្រូវបានបំបែកចេញពីម៉ូលេគុលទឹក។

គួរបញ្ជាក់ថា មិនមានយានអវកាស ឬផ្កាយរណបណាមួយ ដែលកំពុងគោចរជុំវិញភពអង្គារ មានសមត្ថភាពអាចតាមដាន គ្រប់លក្ខណៈសម្បត្តិទាំងអស់ នៃព្យុះធូលីទាំងនោះតែឯងឡើយ។ ហេតុដូច្នេះ ក្រុមអ្នកវិទ្យាសាស្រ្តត្រូវរួមបញ្ចូលទិន្នន័យ ដែលបានមកពីផ្កាយរណប៣ខុសៗគ្នា។ ផ្កាយរណប Trace Gas របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ជាអ្នកប្រមូលទិន្នន័យអំពីកម្រិតចំហាយទឹក និងទឹកកក នៅស្រទាប់ខាងក្រោមនៃបរិយាកាស។

នៅទីនោះ ផ្កាយរណប Mars Reconnaissance Orbiter (MRO) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ក៏បានជួយពិនិត្យមើលស្ថានភាពធូលី និងសីតុណ្ហភាពផងដែរ។ រីឯផ្កាយរណបមួយទៀតរបស់ NASA ឈ្មោះ Mars Atmosphere and Volatile Evolution (MAVEN) បានតាមដានកម្រិតអ៉ីដ្រូសែន នៅស្រទាប់ខាងលើនៃបរិយាកាស៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២១)

Comments (0)
Add Comment