មិនធម្មតា! ឥណ្ឌារកឃើញប្រហោងខ្មៅមហាយក្សចំនួន ៣ មកពីកាឡាក់ស៊ី ៣ ផ្សេងៗគ្នា កំពុងឈានទៅរួមបញ្ចូល

(ញូដេលី)៖ ក្រុមអ្នកស្រាវជ្រាវតារាសាស្ត្រនៅក្នុងប្រទេសឥណ្ឌា បានរកឃើញប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) ចំនួន មកពីកាឡាក់ស៊ីចំនួន កំពុងស្ថិតនៅក្នុងដំណើររួមបញ្ចូលគ្នា (merging) ដើម្បីក្លាយជាស្នូលនៃកាឡាក់ស៊ីដ៏ធំធេង និងពុះកញ្ជ្រោលថ្មីមួយនៅពេលអនាគត ស្ថិតនៅចម្ងាយខ្ទង់ ៨០០លានឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៦៤ទ្រីលានគីឡូម៉ែត្រ)។ នេះបើតាមព័ត៌មានដែលត្រូវបានបញ្ចេញកាលពីថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ ដោយក្រសួងវិទ្យាសាស្ត្រសហព័ន្ធឥណ្ឌា។

នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើនេះ បានពន្យល់យ៉ាងដូច្នេះថា «នៅត្រង់ចំណុចកណ្តាលនៃកាឡាក់ស៊ីថ្មីមួយ ដែលទើបត្រូវបានរកឃើញ វាមានពន្លឺភ្លឺចិញ្ច្រាចខុសប្លែកពីធម្មតា។ ទិដ្ឋភាពដ៏កម្រមើលឃើញ នៅក្នុងចក្រវាលរបស់យើងនេះ បានឆ្លុះបញ្ចាំងអំពីដំណើរការរួមបញ្ចូលគ្នាជាក្រុម ដូចដែលយើងបានធ្វើការពិសោធន៍ អំពីការរួមបញ្ចូលគ្នានៃពពួកប្រហោងខ្មៅ ហើយចេញលទ្ធផលដែលអាចទៅរួច តាមការសន្និដ្ឋានអំពីការកើតមាន បាតុភូតដ៏កម្របំផុតនេះ»

យោងតាមក្រសួងវិទ្យាសាស្ត្រឥណ្ឌា នៅពេលក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានរូបវិទ្យា និងតារាសាស្ត្រកំពុងតែធ្វើការសិក្សា អំពីការផ្សាភ្ជាប់គ្នារវាងប្រហោងខ្មៅមួយគូ ដោយមួយនៅក្នុងកាឡាក់ស៊ី NGC7733 និងមួយទៀតនៅក្នុងកាឡាក់ស៊ី NGC7734 ស្រាប់តែពួកគេបានអង្កេតឃើញ ការជះចេញនូវពន្លឺភ្លឺមិនធម្មតា ចេញពីចំណុចកណ្តាលនៃកាឡាក់ស៊ី NGC7734 និងចង្កោមនៃពន្លឺដ៏ធំស្ថិតនៅដៃផ្នែកខាងជើង នៃកាឡាក់ស៊ី NGC7733 នោះតែម្តង។

សេចក្តីថ្លែងការណ៍បានពន្យល់ទៀតថា «ចង្កោមនៃពន្លឺខាងលើនេះ (ត្រង់ដៃផ្នែកខាងជើងកាឡាក់ស៊ី) កំពុងចល័តក្នុងល្បឿនខុសគ្នា បើធៀបទៅនឹងល្បឿននៃការចល័តរបស់កាឡាក់ស៊ី NGC7733 ខ្លួនឯងផ្ទាល់។ ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌាចង់មានន័យថា ចង្កោមពន្លឺនោះ មិនមែនជាផ្នែករបស់កាឡាក់ស៊ី NGC7733 នោះទេ តែវាជាផ្នែកនៃកាឡាក់ស៊ីតូចមួយទៀត ដែលស្ថិតនៅពីក្រោយនៃដៃផ្នែកខាងជើងកាឡាក់ស៊ី NGC7733 នោះ។ ឈ្មោះរបស់កាឡាក់ស៊ីតូចមួយនោះ គឺត្រូវបានដាក់ឲ្យថា NGC7733N»

ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៃប្រទេសឥណ្ឌាខាងលើនេះ បានប្រើប្រាស់តេឡេស្កូបអង្កេតពន្លឺដ៏អស្ចារ្យ UVIT, តេឡេស្កូប MUSE របស់អឺរ៉ុប ដែលមានមូលដ្ឋាននៅក្នុងប្រទេសឈីលី និង តេឡេស្កូបពន្លឺ infrared (IRSF) ស្ថិតនៅប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីអង្កេត និងសិក្សាបាតុភូតចក្រវាលខាងលើនេះ។ បើតាមក្រសួងវិទ្យាសាស្ត្រឥណ្ឌា ប្រហោងខ្មៅទាំងអស់នេះពិតជាពិបាកឲ្យយើង ធ្វើការអង្កេតរកមើលណាស់ ពីព្រោះពួកវាមិនជះចេញនូវពន្លឺសោះ។ ប៉ុន្តែពួកវាអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រដឹងអំពីវត្តមានបាន តាមរយៈការផ្សាភ្ជាប់រវាងពួកវា ទៅនឹងបរិស្ថានជុំវិញតំបន់ដែលពួកវាស្ថិតនៅ។

ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌាបានពន្យល់ទៀតថា «នៅពេលដែលធូលី និងឧស្ម័នពីមជ្ឈដ្ឋានជុំវិញធ្លាក់ចូលក្នុងប្រហោងខ្មៅដ៏ធំមួយ ម៉ាសខ្លះគឺត្រូវបានលេបដោយប្រហោងខ្មៅ ប៉ុន្តែខ្លះទៀតត្រូវបានបំលែងទៅជាថាមពល ហើយបញ្ចេញទៅជាធាតុវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច ដែលធ្វើឱ្យមានពន្លឺខ្លាំងនៅជុំវិញប្រហោងខ្មៅ ហើយអាចឲ្យយើងអង្កេតដឹង»

ពពួកប្រហោងខ្មៅមហាយក្សខាងលើនេះ ត្រូវបានគេហៅថា Active Galactic Nuclei (AGN) ឬ សារធាតុនុយក្លេអ៊ែរនៃកាឡាក់ស៊ីដ៏សកម្ម ហើយជះចេញនូវភាគល្អិតប្រកបដោយថាមពល ក្នុងចំនួនច្រើនសន្ធឹកសន្ធាប់ទៅក្នុងកាឡាក់ស៊ី និងបរិស្ថានជុំវិញពួកវា។ សកម្មភាពចម្បងៗទាំងនេះ ផ្តល់ឲ្យមានការរីកលូតលាស់នៃបរិស្ថានជុំវិញកាឡាក់់ស៊ី និងជាទីបំផុតនៃដំណើរវិវត្តន៍របស់កាឡាក់ស៊ីខ្លួនឯង។

យោងតាមក្រុមអ្នកស្រាវជ្រាវឥណ្ឌាខាងលើនេះ កត្តាចម្បងមួយដែលជះឥទ្ធិពលធំបំផុត ដល់ដំណើរវិវត្តន៍នៃកាឡាក់ស៊ី នោះគឺអន្តរកម្មរវាងកាឡាក់ស៊ីនានា នៅពេលដែលកាឡាក់ស៊ីទាំងនោះ ចល័តមកជិតៗគ្នា ហើយចាប់ផ្តើមបញ្ចេញកម្លាំងស្រូបទាញ ដាក់គ្នាទៅវិញទៅមក៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Xinhua (ថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១)

Comments (0)
Add Comment