(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិបានប្រទះឃើញ ទិដ្ឋភាពដ៏អស្ចារ្យនៃរូបធាតុនានា ចល័តទៅប៉ះទង្គិចជាមួយផ្ទៃរបស់ផ្កាយក្មេងមួយ។ ផ្កាយដែលទើបកកើតឡើង ជាទូទៅតែងតែត្រូវហ៊ុមព័ទ្ធដោយសំណុំធូលី និងឧស្ម័នអវកាសហៅថា «protoplanetary disk ឬ បន្ទះឌីសនៃការកកើតភពដំបូងៗ» ដែលរង្វង់ឌីសនេះ គឺជាប្រភពផ្តល់កំណើតឲ្យ ភព អាចម៍ផ្កាយ ផ្កាយដុះកន្ទុយ និងព្រះចន្ទជាដើម។ ដែនម៉ាញេទិចរបស់ផ្កាយ តភ្ជាប់ខ្លួនផ្កាយជាមួយនិង protoplanetary disk ហើយបង្ហូររូបធាតុ នានាពីទីនោះទៅលើផ្កាយ ដើម្បីធ្វើឲ្យផ្កាយនោះមានម៉ាស់រីកធំឡើងៗជាលំដាប់។
ក្នុងការសិក្សាថ្មីមួយ ក្រុមអ្នកស្រាវជ្រាវអាមេរិក ដឹកនាំដោយអ្នកវិទ្យាសាស្រ្តមួយរូប គឺលោកស្រី ខេធើរីន អ៊ែស្ពែលឡាត (Catherine Espaillat) នៃសាកលវិទ្យាល័យ Boston បានស៉ើបអង្កេតទៅលើទីតាំង ដែលដែនម៉ាញេទិចរបស់ផ្កាយបង្ហូររូបធាតុពី protoplanetary disk ចូលទៅលើផ្កាយ។ ពួកគេបានផ្តោតទៅលើផ្កាយមួយឈ្មោះ GM Aurigae ដែលមានម៉ាស់ប្រហាក់ប្រហែលនឹងព្រះអាទិត្យយើង ហើយស្ថិតនៅចម្ងាយ ៤២០ឆ្នាំពន្លឺពីយើង និងស្ថិតនៅក្នុងកញ្ចុំផ្កាយ Auriga។ ផ្កាយ GM Aurigae មានអាយុត្រឹម ២លានឆ្នាំប៉ុណ្ណោះ ធៀបនឹងព្រះអាទិត្យដែលមានចំណាស់ ៤.៦ពាន់លានឆ្នាំ។
គួរបញ្ជាក់ថា ដើម្បីសម្រេចបានការសិក្សាខាងលើ ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យអង្កេត ពីកែវយឺតអវកាសដូចជា Hubble, Swift និង TESS ព្រមទាំងប្រព័ន្ធតេឡេស្កូបលើផែនដី នៅប្រទេសស៊ីលី (ឈីលី), នៅរដ្ឋ Arizona របស់អាមេរិក និងបណ្តាតេឡេស្កូបសកល Las Cumbres។ លក្ខណៈពិសេសនៃការអង្កេតមើលផ្កាយទើបចាប់កំណតើត GM Auriagae នេះ គឺអាចជាឧទាហរណ៍ដ៏ល្អប្រសើរ ដែលអាចពន្យល់អំពីការចាប់កំណើតដំបូងៗ នៃព្រះអាទិត្យរបស់យើងបានផងដែរ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Live Science (ថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១)