(អាមេរិក)៖ យាន Perseverance របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានទទួលជោគជ័យ ក្នុងការខួងយកដុំថ្មជាលើកដំបូង ពីលើផ្ទៃភពអង្គារ (Mars)។ វានឹងត្រូវធ្វើការងារនេះជាច្រើនលើកទៀត។
ទីភ្នាក់ងារអវកាស NASA បានឲ្យដឹងថា ការងារប្រមូលគំរូតាងខាងលើ បានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ (ពេលវេលាលើផែនដី) នៅពេលឧបករណ៍របស់យាន Perseverance បានខួងទម្លុះចូលផ្ទាំងថ្មរាបស្មើមួយ នៅលើផ្ទៃអង្គារ ដែលត្រូវបានគេដាក់ឈ្មោះឲ្យថា Rochette ហើយវាទើបបញ្ចប់ជាស្ថាពរ កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅពេលយាន Perseverance រក្សាទុកត្រឹមត្រូវ នូវបំពង់ស្តុកគំរូតាងដែលប្រមូលបាន។
គំរូតាងដុំថ្ម និងដីដែលយាន Perseverance ប្រមូលបាននៅលើភពអង្គារ នឹងត្រូវដឹកជញ្ជូនមកកាន់ផែនដីដើម្បីសិក្សា តាមរយៈបេសកកម្មនាពេលអនាគត ខណៈអង្គការ NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA កំពុងប្រឹងប្រែងរៀបចំផែនការ ដើម្បីសម្រេចរឿងនេះ ដែលអាចកើតឡើងនៅអំលុងទសវត្សរ៍ ២០៣០។ ពួកវានឹងក្លាយជាវត្ថុធាតុដំបូងបំផុត ដែលត្រូវបានជីកយកពីភពដទៃ និងដឹកមកកាន់ភពផែនដីយើង។
គួរបញ្ជាក់ថា បេសកកម្ម Perseverance បានទៅដល់ភពអង្គារ កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ក្រៅពីការស្វែងរកនិងប្រមូលដុំថ្ម-ដី ព្រមទាំងតាមរកសញ្ញានៃទម្រង់ជីវិត កាលពីយូរណាស់មកហើយនៅភពអង្គារ បេសកកម្ម Perseverance ក៏រួមមានគោលដៅ សិក្សាតំបន់រណ្តៅ Jezero ដែលវាកំពុងស្ថិតនៅ ដើម្បីស្វែងយល់អំពីភូគព្ភសាស្ត្រ លទ្ធភាពនៃការទ្រទ្រង់ជីវិតពីបុរាណ និងអាកាសធាតុនៃតំបន់នោះផងដែរ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ SciTechDaily (ថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១)