តើ James Webb អាចមើលឃើញអតីតកាល និងភពអេលៀន ដោយរបៀបណា? (មានវីដេអូ)

(បរទេស)៖ កែវយឺតអវកាស James Webb ដែលដឹកនាំការផលិតដោយអង្គការ NASA នៃសហរដ្ឋអាមេរិកតាំងតែពីឆ្នាំ២០០៩ ត្រូវបានចំណាយប្រាក់រហូតដល់ជិត ១០ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍឡើង ដែលគម្រោងដើមរបស់វា គឺបានគ្រោងចំណាយតែ ១ពាន់លានដុល្លារប៉ុណ្ណោះ។ បើគិតពីការពន្យារពេល ក្នុងការបាញ់បង្ហោះនោះ គឺត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅក្នុងកំលុងពេល ០៧ឆ្នាំមកនេះ ហើយសម្រាប់កាលកំណត់ថ្មី ក៏ទើបត្រូវបានលើកពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ទៅកាន់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ផងដែរ។

គ្រប់គ្នាហាក់គិតថាជារឿងធម្មតាទៅហើយ សម្រាប់ការពន្យារពេលជាថ្មីទៀតនេះ ប៉ុន្តែទោះជាយ៉ាងណា គម្រោងបាញ់បង្ហោះវា គឺនៅតែស្ថិតនៅចំពោះមុខដដែល គ្រាន់តែយូរ ឬឆាប់តែប៉ុណ្ណោះ។ ដើម្បីរំលឹកមេរៀនចាស់ៗឡើងវិញ ឥឡូវនេះយើងអាចស្វែងយល់អំពីសំនួរសំខាន់ៗចំនួន ២ នោះគឺ៖ តើតេឡេស្កូបអវកាស James Webb អាចឆ្លុះមើលអតីតកាលដោយរបៀបណា? ហើយថាតើ James Webb អាចឆ្លុះមើលឃើញភពអេលៀន (Alien) បានយ៉ាងដូចម្តេច?

១៖ ការឆ្លុះមើលអតីតកាល

សម្លឹងមើលទៅកាន់ចក្រវាល តាមរយៈរលកចម្ងាយនៃពន្លឺ infrared (infrared wavelengths) តេឡេស្កូបអវកាស James Webb នឹងបង្ហាញយើងអំពីអ្វីៗ ដែលតេឡេស្កូបមុនៗសូម្បីតែ Hubble មិនធ្លាប់បានបង្ហាញ ឬមិនអាចមានលទ្ធភាពក្នុងការចាប់បាន។ ជាមួយនឹងពន្លឺ infrared នេះ James Webb អាចឲ្យយើងមើលឃើញតារានានា និងប្រព័នភពទាំងឡាយ កំពុងកកើតនៅក្នុងបណ្តុំនៃពពកធូលី ដែលពីមុនមកវាបានបង្ហាញភាពស្រអាប់ មិនបញ្ចេញពន្លឺណាមួយ ឲ្យយើងមើលឃើញងាយៗនោះឡើយ។

ពន្លឺ infrared (infrared light) ដែលភ្នែករបស់មនុស្សមិនអាចមើលឃើញ នឹងត្រូវប្រើប្រាស់ដោយ James Webb ដើម្បីស្វែងយល់អំពីដំណើរវិវឌ្ឍ កាលពីអតីតកាលនៃទីអវកាស។ នៅពេលដែលវាឆ្លុះទៅកាន់ចម្ងាយ ចាប់ពីរាប់ឆ្នាំពន្លឺរហូតដល់រាប់រយឆ្នាំពន្លឺនោះ អតីតកាលជាច្រើនរឿងនឹងត្រូវវាលាតត្រដាង។ ឧបករណ៍សំខាន់ៗទាំង ៤ របស់ James Webb សុទ្ធតែត្រូវបានរចនាឡើង ដើម្បីចាប់យកពន្លឺ infrared នៅក្នុងទីអវកាស ដោយវាអាចឆ្លុះទម្លុះកម្ទេចធូលីនៃទីអវកាស ដើម្បីសិក្សាវត្ថុអវកាសឆ្ងាយៗ និងត្រជាក់ខ្លាំងបានផងដែរ។

បញ្ជាក់៖ ពន្លឺ អ៊ីនហ្វ្រា ឬ Infrared Light គឺជាវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច (electromagnetic radiation) ដែលមានប្រវែងរលកវែងជាងពន្លឺធម្មតា។ ពន្លឺធម្មជាតិ ឬ Light អាចឲ្យភ្នែកមនុស្សមើលឃើញ ប៉ុន្តែ Infrared Light គឺមនុស្សមិនអាចមើលឃើញឡើយ។ វត្ថុនានាក្នុងទីអវកាសដែលអាចបញ្ចេញកម្តៅ (heat) សុទ្ធតែមានបញ្ចេញនូវ Infrared Light ទោះបីជាមិនបញ្ចេញពន្លឺ (Light) ក៏ដោយ។

២៖ ការឆ្លុះរកមើលភពអេលៀន (Alien) ដើម្បីវិភាគរកភពដែលអាចលាក់ជីវិត

វាគឺជាគោលដៅធំមួយដែររបស់ James Webb នៅក្រោយការបាញ់បង្ហោះ និងគោចរនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដី។ បណ្តុំកញ្ចក់ពណ៌មាសដែលមានមុខកាត់ ៦.៥ម៉ែត្រ, កាមេរ៉ាស្វ័យប្រវត្តិ និងឧបករណ៍ពិសេសមួយចំនួនទៀត នៅលើតេឡេស្កូបអវកាសនេះ សុទ្ធតែជាអំណាចដែលវាមាន ក្នុងការសិក្សាស្រាវជ្រាវទីអវកាស។ James Webb អាចឆ្លុះបានជម្រៅ ១០០លានឆ្នាំពន្លឺទៅក្នុងចក្រវាល បើធៀបនឹង Hubble ដែលបានត្រឹមតែជាង ៣លានឆ្នាំពន្លឺប៉ុណ្ណោះ។

James Webb ដែលមានទម្ងន់ ៦.៥តោន នឹងអាចឆ្លុះមើលដឹងអំពីធាតុផ្សំ នៅក្នុងបរិយាកាសភពនានា ដែលជាគោលដៅនៃការអង្កេត។ វាគឺជារឿងងាយបំផុត នៅក្នុងការស្វែងយល់អំពីចំណុចនេះ, ឧទាហរណ៍ប្រសិនបើ James Webb កំពុងតែគោចរនៅជុំវិញភព Proxima B នៃប្រព័ន្ធផ្កាយ Proxima Centaury ដែលមានចម្ងាយ ៤.២ឆ្នាំពន្លឺពីផែនដី ហើយវាតម្រង់កាណុងមកអង្កេតផែនដីយើងវិញនោះ វានឹងអាចប្រាប់ Alien នៅលើភព Proxima B នោះថា បរិយាកាសផែនដីយើង ផ្សំឡើងដោយសារធាតុគីមីអ្វីខ្លះ។

ការយល់ដឹងអំពីធាតុគីមីផ្សំ នៅក្នុងបរិយាកាសរបស់ភពមួយ គឺពិតជាសំខាន់ខ្លាំងបំផុត ដែលស្ទើរតែអាចឲ្យយើងធ្វើការសន្មត់តែម្តងថា ភពមួយនោះមានជីវិតរស់នៅដែរឬអត់។ James Webb ជាតេឡេស្កូបអវកាស ដែលនឹងមានភាពស្និទ្ធទៅនឹង ពន្លឺគ្រប់ទម្រង់នៅក្នុងទីអវកាស ហើយសម្រាប់ភពមួយ វាអាចចាប់សញ្ញាចេញពីប្រតិកម្មគីមី មិនប្រក្រតីក្នុងបរិយាកាស (atmospheric chemical disequilibrium) នៃភពនោះបាន។ James Webb អាចនឹងរកឃើញអុកស៊ីសែន (oxygen) ឬសារធាតុគីមីជំពូកជាមួយគ្នាគឺ អូហ្សូន (ozone) ដែលជាមធ្យោបាយសន្មត់ថា មានជីវិតក្នុងទម្រង់ណាមួយ នៅលើភពដែលវាអង្កេតនោះផងក៏បាននៅថ្ងៃអនាគត៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/BBC

Comments (0)
Add Comment