រកឃើញវត្ថុអវកាសចម្លែកៗកាន់តែច្រើន នៅចុងប្រព័ន្ធព្រះអាទិត្យ, វាជួយដល់ការស្វែងរកភពទី៩ (មានវីដេអូ)

(បរទេស)៖ រយៈពេលនៃការស្រាវជ្រាវតំបន់អវកាស ដែលហួសពីគន្លងគោចរនៃភពណិបទូន (Neptune) បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រ រកឃើញវត្ថុអវកាសថ្មីៗចំនួន ៤៦១ បន្ថែមទៀត។ ក្នុងចំណោមវត្ថុអវកាសទាំងនេះ ក៏រួមវត្ថុចំនួន ០៤ ដែលស្ថិតនៅចម្ងាយរហូតដល់ទៅជាង ២៣០ AU (១ AU = ១៥០លានគីឡូម៉ែត្រ) ពីព្រះអាទិត្យផងដែរ។ (AU ឬ anstronomical unit គឺជារង្វាស់ចម្ងាយ ដែលយកគម្លាតរវាងព្រះអាទិត្យ និងផែនដីធ្វើជាគោល)

ការសិក្សារកឃើញវត្ថុអវកាស ដែលស្ថិតនៅឆ្ងាយមហាសែនឆ្ងាយ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ គឺបានកើតមានឡើង នៅអំលុងនៃការស្វែងរកភពទី ៩ (Planet 9 ឬ X) ដែលទ្រឹស្តីរបស់អ្នកវិទ្យាសាស្ត្រខ្លះជឿជាក់ថា វាកំពុងលាក់ខ្លួនក្នុងទីអវកាស ហួសឆ្ងាយពីគន្លងគោចរនៃភពណិបទូនទៅទៀត។ ប្រយោជន៍របស់វត្ថុអវកាសតូចៗខាងលើនេះ គឺនៅកាលណាដែលមានចលនាប្រែប្រួល នៃគន្លងគោចររបស់ពួកវាកើតឡើង ដោយសារតែការរងឥទ្ធិពលពីកម្លាំងទំនាញ ពីវត្ថុអវកាសដែលមានមាឌធំនោះ គេនឹងអាចមានតំរុយពី Planet X មិនខាន។

ការសិក្សាខាងលើនេះ បានមកពីកម្មវិធីសិក្សា និងស្ទាបស្ទង់ថាមពលងងឹត (Dark Energy Survey) ដើម្បីកំណត់នូវផែនទីរចនាសម្ព័ន្ធចក្រវាល និងរូបធាតុងងឹត (dark matter) ដែលត្រូវចាប់ផ្តើមតាំងពីឆ្នាំ២០១៣។ ក្នុងរយៈពេល ០៦ឆ្នាំ នៃការអង្កេតដោយប្រើប្រាស់តេឡេស្កូប Blanco ស្ថិតនៅតំបន់ Cerro Tololo ប្រទេសឈីលី តាមពិតទៅបានរកឃើញវត្ថុអវកាសថ្មីៗរហូតដល់ទៅ ៨១៧ ប៉ុន្តែ ៤៦១ ក្នុងចំណោមនោះ ទើបតែត្រូវបានរៀបរៀងទិន្នន័យ និងទទួលស្គាល់ជាផ្លូវការប៉ុណ្ណោះ ហើយក៏ត្រូវបានចុះផ្សាយនៅក្នុងបណ្តាញព័ត៌មាន arXiv ផងដែរ។

វត្ថុអវកាសដែលស្ថិតនៅក្នុងការសិក្សា សុទ្ធតែមានចម្ងាយចាប់ពី ៣០ AU ឡើងទៅ ហើយគឺជាតំបន់ដែលស្ទើរតែឲ្យពួកវា ស្គាល់តែភាពងងឹត និងឯកោប៉ុណ្ណោះ។ បើគិតមកទល់នឹងបច្ចុប្បន្ន វត្ថុអវកាសដែលត្រូវបានគេដាក់រហស្សនាមថា trans-Neptunian objects ឬ TNOs ចំនួនជាង ៣,០០០ហើយ ត្រូវបានរកឃើញ ដោយក្នុងនោះក៏រួមបញ្ចូលទាំងភពមិនគ្រប់លក្ខណៈដូចជា Pluto និង Eris ឬក៏វត្ថុអវកាសតូចៗផ្សេងទៀតដូចជា Arrokoth ស្ថិតតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ Kuiper Belt ដែលយានអវកាស New Horizons បានបំពេញទស្សនកិច្ចកាលពីឆ្នាំ២០១៩ ក៏ស្ថិតនៅក្នុងបញ្ជីនេះដែរ។ (Kuiper Belt ជាតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ស្ថិតនៅចុងប្រព័ន្ធព្រះអាទិត្យ ដែលត្រូវបានកំណត់ថា មានវិសាលភាពចាប់ពី ៣០ -៥០ AU ពីព្រះអាទិត្យ)

នៅក្នុងចំណោមវត្ថុអវកាសឆ្ងាយទាំង ៤៦១ ដូចបានបញ្ជាក់ខាងលើ មានមួយចំនួនតូចបង្ហាញភាពលេចធ្លោជាងគេ។ វត្ថុចំនួន ៩ នៅក្នុងចំណោមនោះ គឺស្ថិតនៅគន្លងគោចរចម្ងាយរហូតដល់ទៅ ១៥០ AU ពីព្រះអាទិត្យឯណោះ (អាចហៅថា extreme TNOs) ហើយវត្ថុ ៤ ទៀតគឺស្ថិតនៅរហូតដល់ទៅ ២៣០ AU ដែលពិតជាឆ្ងាយខ្លាំងមែន ឬយើងអាចហៅថា extremely extreme TNOs។ ចម្ងាយដ៏ឆ្ងាយបែបនេះ ពួកវាពិតជាមិនអាចទទួលរងឥទ្ធិពលពី កម្លាំងទំនាញនៃភពណិបទូន ដែលនាំឲ្យគន្លងគោចររបស់ពួកវា មានលក្ខណៈចម្លែកៗនោះឡើយ។ ហេតុដូច្នេះពួកវាអាចកំពុងទទួលរង ឥទ្ធិពលពីវត្ថុអវកាសដ៏ធំណាមួយ ដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ ហើយក្រុមអ្នកវិទ្យាសាស្ត្រខ្លះបានសន្មត់ថា វាអាចជា Planet 9 ដែលយើងកំពុងតាមរកនោះហើយ។

យ៉ាងណាក៏ដោយ ការប្រែប្រួលចលនាគោចររបស់ពពួក TNOs ឆ្ងាយៗខាងលើនេះ ក៏អាចជាភាពមិនប្រក្រតី ដែលបង្កឡើងដោយខ្លួនពួកវាផ្ទាល់ផងដែរ។ ដូច្នេះការព្យាយាមសិក្សាបន្តទៀត គឺប្រាកដជាអាចសន្មត់បានចម្លើយច្បាស់លាស់ពីរ នោះគឺ «ពិតជាមាន Planet 9» និងមួយទៀតគឺ «គ្មាន Planet 9 ឬ X អ្វីនោះឡើយ»។ វត្ថុអវកាសប្លែកៗជាច្រើនទៀត ក៏ត្រូវបានកំណត់នៅក្នុងវត្ថុអវកាសទាំង ៤៦១ ដែលត្រូវបានបង្ហាញនោះផងដែរ ដោយពួកវាសុទ្ធតែមានទម្រង់គួរឲ្យចាប់អារម្មណ៍រៀងៗខ្លួន។

តាមពិតទៅ Dark Energy Survey មិនមែនមានគោលដៅសម្រាប់ស្វែងរក TNOs នោះឡើយ ប៉ុន្តែនេះក៏ជាប្រយោជន៍ផ្សេងមួយទៀតផងដែរ ក្នុងការច្បិចយកចំណេះដឹងថ្មីៗ អំពីអ្វីដែលមាននៅពីមុខស្រាប់ទៅហើយ ព្រោះថាទិន្នន័យរហូតដល់ទៅ ២០% នៃកម្មវិធីនេះ គឺសុទ្ធតែពាក់ព័ន្ធនឹង TNOs ហើយ TNOs ទាំងអស់នេះអាចនាំយើង ឈានទៅរកការសន្មត់អំពីវត្តមាន Planet 9 ដែលនៅតែស្ថិតក្នុងសញ្ញា «?» នៅឡើយក្នុងឆ្នាំ២០២១នេះ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Live Science (ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១)

Comments (0)
Add Comment