SpaceX បញ្ជូនជនស៊ីវិលឡើងទៅកម្សាន្ត​ទីអវកាសជាលើកដំបូង នៅក្នុងបេសកកម្មឈ្មោះ Inspiration4

(ញូយ៉ក)៖ ក្រុមអវកាសឯកជនអាមេរិក SpaceX ទើបតែបានចេញបេសកកម្មទេសចរណ៍អវកាស លើកដំបូងបំផុត ដោយមានអ្នកធ្វើដំណើរសុទ្ធតែជនស៉ីវិលទាំងអស់។ ការចេញបេសកកម្មនេះដែលមានឈ្មោះថា Inspiration4 បានប្រព្រឹត្តទៅ តាមរយៈការបាញ់បង្ហោះយានអវកាស Crew Dragon និងគ្រាប់រ៉ុក្កែត Falcon 9 របស់ SpaceX ចេញពីមជ្ឈមណ្ឌលបង្ហោះយានអវកាស Kennedy Space Center ស្ថិតនៅរដ្ឋផ្លូរីដា នាយប់ថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១(ពេលវេលានៅសហរដ្ឋអាមេរិក)។

ជនស៉ីវិលទាំង ៤រូប នៃបេសកកម្ម Inspiration4 រួមមានលោក Jared Isaacman អាយុ ៣៨ឆ្នាំ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនទូរទាត់ប្រាក់ Shift4 Payments ប៉ុន្តែលោកក៏មានបទពិសោធន៍បើកយន្តហោះផងដែរ។ លោក Isaacman បានចេញថ្លៃកៅអីធ្វើដំណើរ សម្រាប់មនុស្ស ៣នាក់ទៀត រួមមានអ្នកនាង Hayley Arceneaux អាយុ ២៩ឆ្នាំ ជាគូពេទ្យ, លោក Chris Sembroski អាយុ ៤២ឆ្នាំ ជាអតីតយុទ្ធជន និងជាវិស្វករផ្នែកទិន្នន័យ, និងលោកស្រី Sian Proctor អាយុ ៥១ឆ្នាំ ជាសាស្រ្តាចារ្យផែនដីវិទ្យា ហើយក៏ចេះបើកយន្តហោះដែរ។

យាន Crew Dragon ត្រូវបានបាញ់ឡើងទៅដល់គន្លងអវកាសដោយជោគជ័យ ហើយវានឹងស្ថិតនៅក្នុងទីអវកាសកម្ពស់ ៥៧៥គីឡូម៉ែត្រ សម្រាប់រយៈពេល ៣ថ្ងៃ មុនពេលត្រឡប់ចូលមកក្នុងស្រទាប់បរិយាកាសផែនដីវិញ ដើម្បីទម្លាក់ខ្លួនចុះទៅលើផ្ទៃសមុទ្រក្បែររដ្ឋ Florida។

គួរបញ្ជាក់ថា ក្រុមហ៊ុន SpaceX កំពុងតែប្រកួតប្រជែងក្នុងការនាំយកភ្ញៀវទេសចរ ទៅធ្វើដំណើរឡើងទីអវកាស ជាមួយក្រុមហ៊ុនមួយចំនួនទៀត ដូចជា Virgin Galactic និង Blue Origin ផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Xinhua (ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១)

Comments (0)
Add Comment