(ប៉េកាំង)៖ អវកាសយានិកចិន ៣រូប នៅថ្ងៃព្រហស្បតិ៍នេះ កំពុងត្រឡប់ចុះមកកាន់ផ្ទៃផែនដី បន្ទាប់ពីពួកគេត្រូវបានបញ្ជូនឡើងទៅកាន់ កំណាត់បន្ទប់ស្ថានីយអវកាសរបស់ចិន កាលពីប៉ុន្មានខែមុន។ ពួកគេនឹងចុះមកដល់ផែនដីវិញ នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ (ម៉ោងនៅប៉េកាំង)។
អ្នកទាំង ៣ បានចាកចេញពីកំណាត់បន្ទប់ស្ថានីយអវកាស ធានហឺ (Tianhe) និងកំពុងជិះយានអវកាស ហ្សិនចូវ ១២ (Shenzhou-12) ចុះមកវិញ ក្រោយចំណាយពេល ៩០ថ្ងៃ ក្នុងទីអវកាស ដែលជាកំណត់ត្រាមួយរបស់ប្រទេសចិន។ បេសកកម្មរបស់ពួកគេ គឺជាបេសកកម្មទី ៣ ក្នុងចំណោមបេសកកម្មសរុបចំនួន ១១ ដែលចិនត្រូវធ្វើឡើងដើម្បីសម្រេច ការសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួន ឲ្យហើយជាស្ថាពរនៅត្រឹមចុងឆ្នាំ២០២២។
គួរបញ្ជាក់ថា ស្ថានីយអវកាសចិន ត្រូវបានចាប់ផ្តើមការសាងសង់ កាលពីខែមេសា ឆ្នាំនេះ ជាមួយការបញ្ជូនកំណាត់បន្ទប់ស្នូល Tianhe ឡើងទៅមុនគេ។ បេសកកម្មចំនួន ៤ ក្នុងចំណោមបេសកកម្មទាំង ១១ សម្រាប់ការសាងសង់ស្ថានីយអវកាសនេះ គឺជាបេសកកម្មបញ្ជូនមនុស្ស។ បេសកកម្មខាងលើ គឺជាបេសកកម្មបញ្ជូនមនុស្សដំបូងគេ ក្នុងចំណោមនោះ ខណៈសម្រាប់បេសកកម្មបញ្ជូនមនុស្សបន្ទាប់ទៀត ក្រុមអវកាសយានិកចិន នឹងត្រូវស្ថិតនៅក្នុងទីអវកាសរយៈពេល៦ខែ។
យ៉ាងណាមិញ មុនការចេញបេសកកម្មបញ្ជូនមនុស្សបន្ទាប់ទៀត ចិននឹងបញ្ជូនសម្ភារៈផ្គត់ផ្គង់ជើងទីពីរ តាមរយៈយាន ធានចូវ ៣ (Tianzhou-3) ទៅកាន់បន្ទប់ Tianhe ជាមុនសិន ដោយបេសកកម្មនោះ ត្រូវគេរំពឹងថា នឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Reuters (ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១)