ហេតុអ្វីភពទាំងអស់ និងព្រះអាទិត្យ ជិះនៅលើយន្តហោះតែមួយ? (មានវីដេអូបកស្រាយ)

(បរទេស)៖ ប្រសិនបើអ្នកបានសិក្សាយល់ដឹងច្រើនមកហើយ អំពីការកកើត និងស្ថានភាពជារួមនៃប្រព័ន្ធព្រះអាទិត្យយើងនេះ អ្នកប្រាកដជានៅមានសំនួរមួយ បង្កប់នៅក្នុងចិត្តជាក់ជាមិនខាន។ អ្នកប្រាកដជាដឹងហើយថា ព្រះអាទិត្យ ភពទាំងឡាយ ព្រះចន្ទនានា និងអាចម៍ផ្កាយទាំងអស់ ហាក់ដូចជាកំពុងជិះនៅលើយន្តហោះតែមួយ។ ប៉ុន្តែ, តើមូលហេតុអ្វីទើបអាចបង្កើតស្ថានភាពដូច្នេះ?

ដើម្បីឆ្លើយសំនួរនេះយើងត្រូវធ្វើដំណើរទៅរកការចាប់កំណើត នៃប្រព័ន្ធព្រះអាទិត្យប្រហែល ៤.៥ពាន់លានឆ្នាំមុន។ នៅពេលនោះប្រព័ន្ធព្រះអាទិត្យយើង គ្រាន់តែជាបណ្តុំពពកវិលវល់នៃធូលី និងឧស្ម័នដ៏ធំមហាសាលប៉ុណ្ណោះ។ តារាវិទូ Nader Haghighipour មកពីសាកលវិទ្យាល័យ Mānoa នៃរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន Live Science ថា «ពពកនៃធូលី និងឧស្ម័ននោះមានអង្កត់ផ្ចិតរហូតដល់ទៅ ១២,០០០ AU ឯណោះ (១ AU = ១៥០លានគីឡូម៉ែត្រ ដែលយកចម្ងាយរវាងព្រះអាទិត្យ និងផែនដីធ្វើជារង្វាស់ឯកតា)»

១៖ ការកកើតព្រះអាទិត្យ

តារាវិទូ Nader Haghighipour បានពន្យល់ទៀតថា បណ្តុំពពកធូលី និងឧស្ម័នទាំងនោះបានវិវឌ្ឍកាន់តែធំឡើងៗ បើទោះបីជាវាមានតែម៉ូលេគុលធូលី និងឧស្ម័នក៏ដោយ ហើយបន្ទាប់មកទៀតបណ្តុំពពកទាំងនោះ ក៏បានដួលរលំ និងបង្រួមមកវិញដោយម៉ាសរបស់វាខ្លួនឯង។ នៅពេលចលនាពពកវិលនៃធូលី និងឧស្ម័នទាំងនោះ សង្រួមឥទ្ធិពលមកវិញ វាក៏មានសភាពរាបស្មើដែលយើងហៅថា បន្ទះឌីសធូលី និងឧស្ម័ននោះផងដែរ។

សាកស្រមៃមើលអំពីម៉ាស៊ីនក្រឡុកម្សៅធ្វើនំភីហ្សា ដោយនៅពេលដែលអ្នកបោះម្សៅមួយដុំ ចូលទៅកាន់ម៉ាស៊ីនកំពុងវិល នោះម្ស៉ៅនឹងត្រូវក្រលុកទៅក្នុងខ្យល់។ នៅពេលដែលវាវិល នោះដុំម្ស៉ៅនឹងលាតសន្ធឹង ប៉ុន្តែវានឹងសភាពស្តើង ហើយសំប៉ែត។ វាពិតជាមិនខុសទៅនឹងស្ថានភាព នៃការកកើតប្រព័ន្ធព្រះអាទិត្យយើងពីដំបូងៗនោះទេ។

តារាវិទូ Haghighipour បានបកស្រាយទៀតថា នៅចំកណ្តាលនៃបណ្តុំពពកដែលរាបស្មើ ម៉ូលេគុលឧស្ម័នទាំងអស់នោះ បានត្របាញ់បញ្ចូលគ្នាយ៉ាងខ្លាំង ដែលធ្វើពួកវាឡើងកម្តៅ។ ស្ថិតនៅក្រោមកម្តៅ និងសម្ពាធដ៏មហិមា អាតូមអ៊ីដ្រូសែន (hydrogen) និងអេល្យូម (helium) បានរួមបញ្ចូលគ្នា ហើយក៏ចាប់ផ្តើមដុតបញ្ឆេះជាលើកដំបូង នូវប្រតិកម្មនុយក្លេអ៊ែរ ដែលមានរយៈពេលរាប់ពាន់លានឆ្នាំ ក្នុងទម្រង់ជាទារកផ្កាយ ឬព្រះអាទិត្យ។

នៅក្នុងរយៈពេល ៥០លានឆ្នាំបន្ទាប់ទៀត ព្រះអាទិត្យបានបន្តរីកលូតលាស់ ដោយប្រមូលផ្តុំឧស្ម័ន និងធូលីពីតំបន់ជុំវិញរបស់វា ហើយបញ្ចេញនូវរលកកម្តៅ និងវិទ្យុសកម្មចេញមកក្រៅវិញបន្តិចម្តងៗ។ នៅពេលដែលព្រះអាទិត្យកំពុងរីកលូតលាស់ វាក៏បានបោសសម្អាតរង្វង់នៃទីអវកាស ដែលព័ទ្ធជុំវិញខ្លួនវាផងដែរ ហើយព្រះអាទិត្យក៏ស្ថិតនៅត្រង់ចំណុចកណ្តាល នៃប្រព័ន្ធដ៏ក្មេងខ្ចីរបស់វាដោយស្វ័័យប្រវត្តិ។

២៖ ការកកើតភពនានា

នៅទីបំផុតបណ្តុំពពកបានក្លាយជា «រចនាសម្ព័នរាងសំប៉ែត» ដែលគេហៅថា «បន្ទះឌីសនៃភពចាប់កំណើត» ឬ protoplanetary disk) ម្តងមួយៗ គោចរជុំវិញព្រះអាទិត្យវ័យក្មេងរបស់យើង។ ក្នុងចំណោមរង្វង់ថាសធូលីសំប៉ែតៗទាំងនោះ ខ្លះបានលាតសន្ធឹងអង្កត់ផ្ចិតពួកវា ដល់ប្រវែងរាប់រយ AU ឯណោះ។

អស់រយៈកាលរាប់សិបលានឆ្នាំក្រោយមកទៀត ភាគល្អិតនៃធូលីនៅក្នុងបន្ទះឌីស ភពកំពុងចាប់កំណើត (protoplanetary) ទាំងនោះ បានវិលវល់ចុះឡើងដោយសន្សឹមៗ ដែលពេលខ្លះបា​នប៉ះគ្នាទៅវិញទៅមក ហើយខ្លះថែមទាំងខាំជាប់គ្នាទៀតផង។ ហើយក្នុងរយៈពេលរាប់លានឆ្នាំនោះ ភាគល្អិតទាំងនោះបានវិវឌ្ឍ ក្លាយទៅជាគ្រាប់ដែលមានទំហំធំឡើងៗបន្តិចម្តងៗ តាមរយៈការប៉ះទង្គិចគ្នា និងខាំជាប់គ្នាយ៉ាងពពាក់ពពូន។

នៅទីបំផុត វត្ថុធាតុភាគច្រើននៅក្នុងបន្ទះឌីស protoplanetary ទាំងនោះ បានត្របាញ់បញ្ចូលគ្នា ហើយក្លាយជាវត្ថុធំៗ (ដុំថ្ម)។ វត្ថុមួយចំនួននៅក្នុង protoplanetary disk ទាំងនោះបានប្រមូលផ្តុំគ្នាបន្តិចម្តងៗ ដោយកម្លាំងទំនាញ ហើយក្លាយវត្ថុដ៏ធំមានរាងមូល ដែលខ្លះជាភពពេញលក្ខណៈ (Planet), ខ្លះត្រឹមជាភពបម្រុងមិនពេញលក្ខណៈ (dwarf planet) និងខ្លះទៀតជាព្រះចន្ទ។ ដោយឡែកវត្ថុអវកាសផ្សេងៗទៀត គឺត្រឹមជាអាចម៍ផ្កាយ ផ្កាយដុះកន្ទុយ និងព្រះចន្ទតូចៗជាដើមប៉ុណ្ណោះ។

បើទោះបីជាវត្ថុទាំងអស់ខាងលើនេះ ស្ថិតនៅក្នុងទំហំខុសៗគ្នាយ៉ាងណាក្តី ក៏សុទ្ធតែស្ថិតនៅលើយន្តហោះតែមួយ ដែលជាទីពួកវាទាំងអស់ ចាប់កំណើតឡើងជាមួយគ្នា។ មូលហេតុនេះហើយ ទើបមកទល់នឹងពេលនេះ ប្រព័ន្ធព្រះអាទិត្យដែលមានភពចំនួន ៨ និងវត្ថុអវកាសផ្សេងៗទៀត សុទ្ធតែគោចរនៅជុំវិញព្រះអាទិត្យ នៅក្នុងកម្រិតខ្សែបន្ទាត់តែមួយ ហើយអណ្តែតក្នុងទីអវកាសទាំងចង្កោម៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Live Science (ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១)

Comments (0)
Add Comment