គ្រឿងយន្ត InSight របស់ NASA ចាប់បាន «គ្រោះរញ្ជួយដីកម្រិតខ្លាំំង» មិនធ្លាប់មានលើភពអង្គារ (មានវីដេអូ)

(អាមេរិក)៖ គ្រឿងយន្តស្រាវជ្រាវភពអង្គារ InSight របស់អង្គការ NASA ទើបតែបានបញ្ចេញរបាយការណ៍ថ្មីៗរបស់វាបន្ថែមទៀត នោះគឺការចាប់បានរលកសញ្ញា នៃគ្រោះរញ្ជួយដីកម្រិតធ្ងន់ មិនធ្លាប់មានលើភពក្រហមនេះ គិតចាប់តាំងពីវាបានទៅដល់ទីនោះ កាលពីចុងឆ្នាំ២០១៨ (ពេលវេលានៅលើភពផែនដី)។

(Video From YouTube: Cambo Space Edu)

គ្រោះរញ្ជួយដីកម្រិតខ្លាំងនោះ គឺត្រូវបានចាប់យកចំនួនបីលើក ដោយលើកទី ១ និងទី ២ នៅថ្ងៃទី២៥ ខែសីហា ក្នុងកម្រិត ៤.២ និង ៤.១ នៃរង្វាស់រ៉ិចទ័រ និងលើកទី ៣ នៅថ្ងៃទី១៨ ខែកញ្ញា ក្នុងកម្រិត ៤.២នៃរង្វាស់រ៉ិចទ័រ។ អង្គការ NASA បានធ្វើការប្រកាសចេញ នូវរបាយការណ៍នេះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក)។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះគ្រឿងយន្ត InSight បានចាប់រលកសញ្ញារញ្ជួយដី នៅលើភពអង្គារ ខ្លាំងបំផុតត្រឹមតែ ៣.៧រ៉ិចទ័រប៉ុណ្ណោះ (កាលពីឆ្នាំ២០១៩)។ ប៉ុន្តែសម្រាប់កម្រិត ៤.២រ៉ិចទ័រនេះ ត្រូវបានចាត់ទុកថា មានកម្លាំងខ្លាំងជាង ៣.៧រ៉ិចទ័រនោះ រហូតដល់ទៅ ៥ដង។ ទាំងនេះគ្រាន់តែជាកម្រិតធ្ងន់ៗនៃការរញ្ជួយដី ដែលត្រូវបានលើកឡើងប៉ុណ្ណោះ ប៉ុន្តែកន្លងមកនេះ InSight បានចាប់បានរលកសញ្ញារញ្ជួយដី រាប់រយលើករួចមកហើយ។

ទោះបីជាដៃខួង (mole) ដែលជាឧបករណ៍សំខាន់បំផុតនៅក្នុងខ្លួន InSight ត្រូវបានផ្អាកដំណើរការទាំងស្រុង កាលពីដើមឆ្នាំ២០២១នេះ ដោយសារតែមិនអាចជួសជុលតទៅទៀតបានក្តី ក៏ក្នុងខ្លួន InSight នៅមានឧបករណ៍សំខាន់ៗផ្សេងទៀតផងដែរ ដូចជាឧបករណ៍វាស់ស្ទង់កម្រិតរញ្ជួយដី និងសម្ពាធខ្យល់លើភពអង្គារជាដើម ដែលនៅតែអាចដំណើរការយ៉ាងល្អ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១)

Comments (0)
Add Comment