ធំខ្លាំងណាស់! តារាវិទូរកឃើញបណ្តុំពពកធូលី-ឧស្ម័នរាងមូល ដែលមានអង្កត់ផ្ចិត «៥០០ឆ្នាំពន្លឺ» ស្ថិតក្នុងកាឡាក់ស៊ីយើង

(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិបានប្រទះឃើញ បណ្តុំពពកធូលី-ឧស្ម័នរាងមូល (cavity) ដ៏ធំមហិមាមួយ ស្ថិតនៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ ដោយវាមានមុខកាត់ (អង្កត់ផ្ចិត) រហូតដល់ទៅ ៥០០ឆ្នាំពន្លឺឯណោះ (១ឆ្នាំពន្លឺ = ៩.៤៦ពាន់ពាន់លានគីឡូម៉ែត្រ)។ Cavity ដែលមានសណ្ឋានដូចជា ប្រហោងដ៏ធំ (void) មួយនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា បានកើតមានឡើងរាប់លានឆ្នាំមកហើយ។

Cavity គឺជាបណ្តុំនៃពពកធូលី និងឧស្ម័ន ឬដែលយើងអាចហៅថា ពពកម៉ូលេគុល (molecular clouds) ដែលកើតចេញពីបន្ទុះស៊ូពើណូវ៉ា (supernova) នៅពេលដែលផ្កាយធំមួយអស់អាយុជីវិត។ សម្រាប់ Cavity ខាងលើនេះ ត្រូវបានគេជឿជាក់ថាបានកកើតឡើង អស់រយៈពេល ១០លានឆ្នាំមកហើយ បន្ទាប់ពីការផ្ទុះនៃផ្កាយដ៏ធំមហិមាមួយ ទើបនាំឲ្យវាមានវិសាលភាពដល់ទៅ ៥០០ឆ្នាំពន្លឺបែបនេះ ហើយវាស្ថិតនៅតំបន់ចន្លោះកញ្ចុំផ្កាយ Taurus និង Perseus បើមើលពីលើភពផែនដីទៅ។

ក្រុមអ្នកស្រាវជ្រាវនៅឯ មជ្ឈមណ្ឌលសម្រាប់សិក្សាតារាសាស្ត្រ Harvard & Smithsonian ដែលបាននិងកំពុងសិក្សាលើ cavity ខាងលើបានថ្លែងថា ការរកឃើញនេះ គឺជាពន្លឺថ្មីមួយដែលអំណោយផលដល់ការសិក្សា អំពីថាតើក្រោយបន្ទុះស៊ូពើណូវ៉ាកើតឡើង រឿងរ៉ាវបន្ទាប់មកទៀតនោះនឹងក្លាយជាអ្វី។

តារាវិទូ Shmuel Bialy ដែលជាអ្នកដឹកនាំការស្រាវជ្រាវខាងលើនេះ បានលើកឡើងថា «តារារាប់រយដួងកំពុងតែកកើត ឬក៏ត្រូវបានរកឃើញរួចទៅហើយ ជាមួយនឹងទិដ្ឋភាពដូចជា ដុំពពុះយក្សបែបនេះ។ យើងមានទ្រឹស្តីពីរ ហើយមួយក្នុងចំណោមនោះ គឺនៅពេល supernova រលត់ទៅនៅក្នុងស្នូលរបស់ពពុះវា ហើយរុញច្រានឧស្ម័នឲ្យចេញមកក្រៅ វាក៏បង្កើតទៅជាបណ្តុំពពកធូលី-ឧស្ម័នរាងមូល (cavity) ដូចដែលត្រូវបានរកឃើញ និងដាក់ឈ្មោះឲ្យថា Perseus-Taurus Supershell មួយនេះ។ ហើយវានៅតែបន្តបង្ហាញវត្តមាន រាប់លានឆ្នាំនៅក្រោយការបង្កើត»។

គួរបញ្ជាក់ថា តាមរយៈការប្រើប្រាស់តេឡេស្កូបអវកាស Gaia របស់អង្គការអវកាសអឺរ៉ុប ESA ក្រុមតារាវិទូអាចធ្វើការគូសវាសផែនទី នៃពពកម៉ូលេគុលរបស់ cavity ដែលគេដាក់ឈ្មោះឲ្យថា Perseus-Taurus Supershell នោះជាលក្ខណៈ 3D បានជាលើកដំបូងផងដែរ ដោយវាបង្ហាញអំពីទិដ្ឋភាពប្រហោង (void) ដ៏ធំ ខុសប្លែកពីផែនទីកម្រិត 2D កាលពីមុន ដែលនាំឲ្យយើងពិបាកយល់។ ការសិក្សានៅតែបន្តទៅមុខទៀត ដើម្បីស្វែងយល់បន្ថែមអំពីការកកើតរបស់ cavity ខាងលើនេះ ព្រោះពេលនេះក្រុមអ្នកវិទ្យាសាស្ត្រ នៅមិនទាន់អាចយល់ដឹង គ្រប់ជ្រុងជ្រោយអំពីវាឡើយ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១)

Comments (0)
Add Comment