(វ៉ាស៉ីនតោន)៖ បេសកកម្មលើកដំបូងរបស់ ទីភ្នាក់ងារអវកាសអាមេរិក NASA ក្នុងការបញ្ជូនយានឲ្យទៅសិក្សាចង្កោមអាចម៍ផ្កាយ ត្រូចេន (Trojan) របស់ភពព្រហស្បតិ៍ (Jupiter) នឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែតុលា ខាងមុខនេះ។
ទីភ្នាក់ងារអវកាស NASA ទើបតែបានប្រកាសឲ្យដឹងថា បេសកកម្ម Lucy នឹងត្រូវបាញ់បង្ហោះចេញពីផែនដី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក)។ ក្រុមអាចម៍ផ្កាយ Trojan ធ្វើដំណើរជុំវិញព្រះអាទិត្យនៅក្នុងចង្កោមចំនួនពីរ ដោយចង្កោមនាំមុខរបស់វា ស្ថិតនៅខាងមុខភពព្រហស្បតិ៍ និងមួយទៀតស្ថិតនៅពីខាងក្រោយភពព្រហស្បតិ៍។ អ្នកវិទ្យាសាស្រ្តជឿជាក់ថា អាចម៍ផ្កាយទាំងនេះជាវត្ថុដ៏ចំណាស់ ដែលបន្សល់ទុកពីសម័យកកើតភពនៅរង្វង់ខាងក្រៅ (Outer Planets ឬ Outer Solar System) ក្នុងប្រព័ន្ធព្រះអាទិត្យយើង ដូច្នេះហើយពួកគេចង់ស្វែងយល់ ពីក្រុមដុំថ្មអវកាសទាំងអស់នេះឲ្យបានលម្អិត។
ក្រោយហោះឡើងចេញពីផ្ទៃផែនដី យាន Lucy ក្រឡឹងភពរបស់យើងពីរជុំ ដើម្បីប្រើកម្លាំងទំនាញភពយើង ក្នុងការរុញច្រានល្បឿនទៅមុខ។ បន្ទាប់មកវាត្រូវបានគេរំពឹងថា នឹងឆ្វែលអាចម៍ផ្កាយដំបូងនៅខែមេសា ឆ្នាំ២០២៥។ អាចម៍ផ្កាយនោះមានឈ្មោះថា ដូណាល់ ចូហាន់សុន (Donald Johanson) និងស្ថិតនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter)។
បន្ទាប់មកទៀត យាន Lucy នឹងហោះឆ្វែលអាចម៍ផ្កាយ Trojan ចំនួន ០៤ ដែលនៅចង្កោមនាំមុខ។ ព្រឹត្តិការណ៍ហោះឆ្វែលនេះ នឹងកើតឡើងនៅខែសីហា ឆ្នាំ២០២៧, ខែកញ្ញា ឆ្នាំ២០២៧, ខែមេសា ឆ្នាំ២០២៨, ខែវិច្ឆិកា ឆ្នាំ២០២៨។ ក្រោយមក Lucy នឹង ឆ្ពោះទៅរកចង្កោមអាចម៍ផ្កាយ Trojan ដែលនៅពីក្រោយភពព្រហស្បតិ៍ម្តង។ ជាចុងក្រោយវានឹងហោះឆ្វែលអាចម៍ផ្កាយ Trojan ភ្លោះនៅទីនោះ នៅខែមីនា ឆ្នាំ២០៣២ មុនបិទបញ្ចប់បេសកកម្មរយៈពេល ១២ឆ្នាំរបស់វា៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១)