(បរទេស)៖ អវកាសយានិកមួយរូប នៅឯស្ថានីយអវកាសអន្តរជាតិ (ISS) បានផ្តិតរូបភាពដ៏អស្ចារ្យមួយ នៃបាតុភូតពន្លឺ Aurora របស់ផែនដី ខណៈរូបថ្មីនេះមានលក្ខណៈពិសេសត្រង់ថា បាតុភូត Aurora មានពន្លឺភ្លឺច្បាស់ខ្លាំង។
រូបភាពនោះ ត្រូវបានបង្ហោះដោយលោក Thomas Pesquet ដែលជាអវកាសយានិក នៃទីភ្នាក់ងារអវកាសអឺរ៉ុប ESA តាមបណ្តាញសង្គមក្នុងសប្តាហ៍នេះ។ លោក Pesquet បានប្រាប់ថា ពន្លឺ Aurora ភ្លឺខ្លាំងបែបនេះ ដោយសារតែវាកើតមានឡើង នៅចំពេលព្រះចន្ទពេញបូរមី ដែលវាបំភ្លឺផ្ទៃងងឹតរបស់ផែនដី ឲ្យសឹងតែដូចពេលថ្ងៃយ៉ាងដូច្នោះ។ លោក Pesquet បានផ្តិតយករូបភាពនេះ តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ មកម្ល៉េះ។
វាមិនច្បាស់នោះទេថា ពន្លឺ Aurora ក្នុងរូបភាពខាងលើ គឺជាពន្លឺមានវត្តមាននៅប៉ូលខាងជើង ដែលគេហៅថា northern lights ឬ aurora borealis ឬមួយក៏ពន្លឺនៅប៉ូលខាងត្បូង ដែលគេហៅថា southern lights ឬ aurora australis។ បាតុភូតពន្លឺអស្ចារ្យនេះ អាចមើលឃើញយ៉ាងច្បាស់ពីផ្ទៃផែនដី (នៅតំបន់ក្បែរប៉ូលទាំងពីរ) ឬពីលើទីអវកាស ដូចជាស្ថានីយ ISS ជាដើម។
គួរបញ្ជាក់ថា ពន្លឺ Aurora កើតចេញមកពីប្រតិកម្មរវាងព្យុះព្រះអាទិត្យ (solar wind) ដែលជះមកប៉ះនឹងស្រទាប់ការពាររបស់ផែនដី គឺដែនម៉ាញេទិច (ឬឲ្យងាយយល់ជាងនេះ គឺពន្លឺសំរាំងប៉ូលតែងតែកើតមានឡើង នៅពេលដែលភាគល្អិតជះចេះពីស្រទាប់កូរ៉ូណា (Corona) របស់ព្រះអាទិត្យ ធ្វើដំណើរមកដល់ និងប៉ះបរិយាកាសស្រទាប់លើ នៃភពផែនដីំ)៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១)