ទីបំផុត Perseverance បញ្ជាក់ច្បាស់ថា Jezero គឺជា «អតីតបឹង» នៃភពអង្គារ (មានវីដេអូ)

(អាមេរិក)៖ អង្គការ NASA បានជ្រើសរើសទីតាំងសម្រាប់ឲ្យយានស្រាវជ្រាវភពអង្គារ Perseverance ចុះចត ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ហើយកាលពីខែកុម្ភៈ ឆ្នាំ២០២១ យានកង់ ៦ មួយគ្រឿងនេះបានចុះចត ទៅដល់ផ្ទៃរណ្តៅឈ្មោះ Jezero ដែលមានអង្កត់ផ្ចិតរហូតដល់ទៅ ៤៥គីឡូម៉ែត្រ។

(Video From: Cambo Space Edu’s YouTube Channel)
(Image Credit: NASA/JPL/Perseverance’s Team)

ការសិក្សាថ្មីមួយបានបង្ហាញថា រូបថតដែល Perseverance បានថត មុនពេលវាចុះទៅជាន់ផ្ទៃរណ្តៅ Jezero ហាក់ដូចជាបានផ្តល់តំរុយពិសេសមួយរួចទៅហើយ។ ជុំវិញព័ត៌មាននេះ លោក Benjamin Weiss សាស្ត្រាចារ្យផ្នែកបច្ចេកវិទ្យា នៃវិទ្យាស្ថានសិក្សាផ្នែកវិទ្យាសាស្ត្រភព Massachusetts បានលើកឡើងថា «មិនចាំបាច់ចល័តទៅទីណាផ្សេងផង ក៏យាន Perseverance អាចបកស្រាយអាថ៌កំបាំងមួយ ក្នុងចំណោមអាថ៌កំបាំងធំនានា បានរួចទៅហើយ នោះគឺរណ្តៅ Jezero ធ្លាប់ជាបឹងមួយ»។

(Image Credit: NASA/JPL/Perseverance’s Team)

ភាពខុសប្លែកគ្នាក្នុងរឿងនេះ គឺពីដំបូងឡើយអ្វីៗត្រឹមស្ថិតក្នុងការសន្និដ្ឋានប៉ុណ្ណោះ ប៉ុន្តែនៅក្រោយពេលដែល Perseverance ចុះទៅដល់ផ្ទាល់ ចម្លើយពិតប្រាកដក៏ចេញមក នោះគឺរណ្តៅ Jezero ជាអតីតបឹងស្តុកទឹកដ៏ធំមួយ នៅលើភពអង្គារ ហើយវាមានដងទន្លេហូរចាក់ចូលក្នុងបឹង ដែលស្ថិតនៅអឌ្ឍគោលខាងជើង នៃភពអង្គារមួយនេះ។

តាមរយៈកាមេរ៉ាចម្បងៗបំពាក់នៅលើ Perseverance ក្រុមអ្នកវិទ្យាសាស្ត្រអាចផ្តិតបានរូបភាពពិសេស អំពីចំណុចនៃរណ្តៅ Jezero ដែលយាននេះបានចុះទៅដល់។ កាមេរ៉ា Mastcam-Z បានផ្តិតរូបភាពទីទួលមួយ ដែលត្រូវបានដាក់ឈ្មោះឲ្យថា Hill Kodiak ស្ថិតនៅក្នុងរណ្តៅ Jezero ដែលមានចម្ងាយ ២.២៤គីឡូម៉ែត្រពីយាន។

ទីទួល Hill Kodiak (Image credit: NASA/JPL-Caltech/LANL/CNES/CNRS/IRAP/LPG/ASU/MSSS)

Hill Kodiak ពិតជាបង្ហាញនូវបុគ្គលិកលក្ខណៈ នៃការប្រែប្រួលរបស់វា ដោយសារតែវត្តមានទឹកកាលពីអតីតកាល ខណៈវាស្ថិតនៅបាតបឹង Jezero ពីមុន។ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលបាននិងកំពុងចូលរួមសិក្សាតាមរយៈបេសកកម្ម Perseverance ដឹកនាំដោយអង្គការ NASA កំពុងតែបន្តត្រួតពិនិត្យទិន្ន័យបានមកពីយាននេះ ដើម្បីស្វែងយល់បន្ថែមទៀត អំពីកម្រិតនៃបឹងកាលពីអតីតកាល, ការកកើតដីសណ្ត និងសកម្មភាពនានា កាលពីអតីតកាលនៅរណ្តៅ Jezero។

(Image Credit: NASA/JPL/Perseverance’s Team)

រណ្តៅ Jezero ត្រូវបានគេចាត់ទុកថា ជាកន្លែងដ៏ល្អមួយដើម្បីធ្វើការងារនេះ ដោយផ្អែកលើទិន្នន័យនានាដែលប្រមូលបាន ដោយយានអវកាសដូចជាផ្កាយរណប MRO របស់អង្គការ NASA ជាដើម។ រូបភាពដែលត្រូវបានផ្តិតដោយ MRO ពីគន្លងគោចរភពអង្គារ បានបង្ហាញពីលក្ខណៈពិសេសរបស់រណ្តៅ ដែលមានរាងដូចជាផ្លិតមួយនេះ។ សមាជិកនានានៃក្រុមបេសកកម្មសិក្សាស្រាវជ្រាវ បានបកស្រាយថា វាបង្ហាញពីដីសណ្តដែលធ្លាប់មានទន្លេមួយ ហូរចាក់ចូលទៅបឹងនេះប្រហែលជា ៣.៧ពាន់លានឆ្នាំមុន ដោយបង្កើតជាដីល្បាប់ ហើយនៅទីនោះអាចនៅរក្សា «ភស្តុតាង» នៃអតិសុខុមប្រាណភពអង្គារ (មីក្រូសារីរាង្គ) ប្រសិនបើពួកវា «ធ្លាប់មានវត្តមានកាលពីមុន»

(Image Credit: NASA/JPL/Perseverance’s Team)

គួរបញ្ជាក់ថា ការស្វែងយល់អំពីបុគ្គលិកលក្ខណៈរបស់តំបន់ ដែល Perseverance បានចុះទៅដល់នោះ ពិតជារឿងចាំបាច់ណាស់ ព្រោះយាននេះមានតួនាទី ក្នុងការប្រមូលយកសំណាកថ្ម និងដីភពអង្គារ ដើម្បីបញ្ជូនមកកាន់ភពផែនដីវិញ។ ការសិក្សាស្វែងយល់របស់ក្រុមអ្នកវិទ្យាសាស្ត្រ ទៅលើកម្ទេចថ្ម និងដីជាក់ស្តែងដែលយកបានពីភពអង្គារ នឹងជួយឲ្យយើងរកឃើញអ្វីៗថ្មី ឬក៏អាចដាននៃជីវិតកាលពីអតីតកាល នៅលើភពក្រហមនោះផងក៏ថាបាន៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១)

Comments (0)
Add Comment