តំបន់ភាគឦសាន និងខាងកើតអាមេរិក សុទ្ធតែមើលឃើញពន្លឺ Aurora ដែលកើតចេញពីព្យុះព្រះអាទិត្យ (មានរូបភាព)

(ញូយ៉ក)៖ បាតុភូតព្យុះព្រះអាទិត្យខ្លាំងគួរសមមួយ បានជះមកលើភពរបស់យើង កាលពីដើមសប្តាហ៍នេះ ជាហេតុនាំឲ្យតំបន់មួយចំនួន ក៏អាចមើលឃើញ បាតុភូតពន្លឺ Aurora ដែលជាធម្មតាមើលឃើញ តែពីតំបន់ក្បែរប៉ូលរបស់ផែនដីប៉ុណ្ណោះ។

កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក) អណ្តោតភ្លើងធំមួយបានកញ្រ្ជោលឡើង លើផ្ទៃរបស់ព្រះអាទិត្យ នៅចំហៀងដែលបែរមករកផែនដី ហើយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ព្យុះព្រះអាទិត្យដែលបង្កដោយបាតុភូតនោះ ក៏បានជះមកដល់ភពរបស់យើង។ អាជ្ញាធរជំនាញអាមេរិកបានឲ្យដឹងថា វាមានកម្រិត G2 ដែលជាកម្រិតខ្លាំងគួរសម។

រូបភាពពិតថតចេញពីស្ថានីយអវកាសអន្តរជាតិ (ISS, Image credit: NASA)

ព្យុះព្រះអាទិត្យក្នុងកម្រិតប្រហាក់ប្រហែលដូចខាងលើ មានសមត្ថភាពបង្កការប៉ះពាល់ដល់ ផ្កាយរណបដែលគោចរជុំវិញផែនដី ព្រមទាំងបណ្តាញអគ្គិសនី នៅលើផ្ទៃដីផែនដី និងបញ្ហាមួយចំនួនផ្សេងទៀតបាន។ ប៉ុន្តែទន្ទឹមគ្នានេះ ពួកវាក៏អាចនាំឲ្យមាន បាតុភូតពន្លឺ Aurora ដែលជាទូទៅមើលឃើញ នៅតំបន់នៅកៀកនឹងប៉ូលខាងជើង ឬខាងត្បូងរបស់ផែនដីផងដែរ។ យ៉ាងណាមិញ ព្យុះលើកនេះមានកម្រិតខ្លាំងគួរសម រហូតអាចធ្វើឲ្យពន្លឺ Aurora អាចមើលឃើញ សូម្បីពីរដ្ឋញូយ៉ក និងរដ្ឋមួយចំនួនទៀតរួមមាន រដ្ឋវ៉ាស៉ីនតោន និងរដ្ឋ Wisconsin ជាដើម របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ព្យុះព្រះអាទិត្យជះមកលើផែនដី មិនមែនជារឿងចម្លែកឬកម្រអ្វីឡើយ ព្រោះផ្កាយរបស់យើង តែងតែបញ្ចេញសកម្មបែបនេះជាប្រចាំ។ យ៉ាងណាក្តី ព្យុះខាងលើបានកើតឡើង ចំពេលផែនដីឈានដល់រយៈកាលមួយ ដែលត្រូវរងការបញ្ចេញសកម្មភាពញឹកញាប់បំផុត ដោយព្រះអាទិត្យ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១)

Comments (0)
Add Comment