(តិចសាស់)៖ មហាសេដ្ឋីអាមេរិកលោក Elon Musk បានប្រកាសថា នាវាអវកាសគំរូ SN20 របស់ក្រុមហ៊ុន SpaceX នឹងត្រូវធ្វើតេស្តហោះហើរចូលក្នុង គន្លងគោចរជុំវិញភពផែនដី នៅអំលុងខែវិច្ឆិកាខាងមុខនេះហើយ ដោយវានឹងក្លាយជាព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងវិស័យបច្ចេកវិទ្យាអវកាស។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ក្រុមហ៊ុន SpaceX បានបញ្ចេះសាកល្បងម៉ាស៊ីនរបស់ SN20 ប្រកបដោយជោគជ័យ។ ខណៈដែលកន្លងមក ការគ្រោងរុញច្រាន SN20 តាមរយៈគ្រាប់រ៉ុក្កែត Super Heavy ឡើងទៅកាន់គន្លងគោចរជុំវិញភពផែនដីជាលើកដំបូង ត្រូវបានគេរំពឹងថា នឹងអាចកើតឡើងនៅដើមឆ្នាំ២០២២, លោក Elon Musk បានបង្ហោះសារលើ Twitter នៅក្រោយបញ្ចប់ការបញ្ចេះម៉ាស៊ីនរ៉ុក្កែតខាងលើនេះថា ការហោះហើរសាកល្បងនឹងអាចកើតឡើង ឆាប់បំផុតនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
សារលើគណនី Twitter ផ្លូវការរបស់លោក Elon Musk នៅថ្ងៃសុក្រសប្តាហ៍នេះ បានគូសបញ្ជាក់បែបនេះថា «ប្រសិនបើអ្វីៗប្រព្រឹត្តទៅដោយភាពប្រសើរ, នាវាអវកាស (Starship) នឹងត្រៀមខ្លួនរួចរាល់សម្រាប់ការហោះហើរ ទៅក្នុងគន្លងគោចរផែនដី តាមការគ្រោងទុកនៅខែក្រោយនេះ (ខែវិច្ឆិកា)»។
គួរបញ្ជាក់ថា ការធ្វើតេស្តដ៏ធំខាងលើនេះ កំពុងរង់ចាំការអនុម័តយល់ព្រម ពីសំណាក់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) នៅឡើយ, ហេតុដូច្នេះ SpaceX ត្រូវរង់ចាំរហូតដល់មានការយល់ព្រមជាផ្លូវការ ទើបអាចចាប់ផ្តើមការធ្វើតេស្តបាន។ FAA ធ្លាប់បានលើកឡើងថា ខ្លួនត្រូវការពេលវេលា ដើម្បីត្រួតពិនិត្យផ្នែកបច្ចេកទេស និងទទួលយកមតិពីគ្រប់មជ្ឈដ្ឋាន ដែលនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី០១ ខែវិច្ឆិកា។
រំលឹកឡើងវិញ៖ កន្លងមក ក្រុមហ៊ុន SpaceX បានធ្វើតេស្តគំរូសាកល្បងមួយចំនួនរបស់នាវាអវកាស Starship ដោយបាញ់ពួកវាឡើងត្រឹមកម្ពស់ខ្ទង់ ១០គីឡូម៉ែត្រ ទៅលើផ្ទៃអាកាសប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ការបាញ់តេស្តថ្មីបំផុតនេះ នាវា Starship ក្នុងទ្រង់ទ្រាយពេញលេញ គឺរួមមានទាំងគ្រាប់រ៉ុក្កែត Super Heavy ហើយនិងយាន Starship ផ្ទាល់ នឹងត្រូវបញ្ជូនឲ្យទៅដល់ទីអវកាស ឬគន្លងគោចរជុំវិញភពផែនដីតែម្តង។
គ្រាប់រ៉ុក្កែត Super Heavy ហៅថា Booster 4 និងគំរូសាកល្បងរបស់ Starship ហៅថា SN20 កំពុងស្ថិតនៅមូលដ្ឋានរបស់ក្រុមហ៊ុន SpaceX ក្នុងរដ្ឋតិចសាស់ ដើម្បីត្រៀមលក្ខណៈសម្រាប់ការធ្វើតេស្ត។ យោងតាមផែនការ ក្រោយពេលបាញ់បង្ហោះឡើងពីផ្ទៃផែនដី កំណាត់គ្រាប់រ៉ុក្កែត Booster 4 នឹងត្រូវផ្តាច់ខ្លួនហើយធ្លាក់ទៅក្នុងសមុទ្រ ខណៈយាន SN20 នឹងធ្វើដំណើរក្រឡឹងផែនដីមួយជុំ មុនពេលទម្លាក់ខ្លួនចូលក្នុងសមុទ្រដែរ។
យោងតាមការផែនការនៃការធ្វើតេស្ត គឺនៅប៉ុន្មាននាទីក្រោយការបាញ់តេស្តចាប់ផ្តើម រ៉ុក្កែត Super Heavy Booster 4 នឹងផ្តាច់ខ្លួនធ្លាក់ទៅលើផ្ទៃឈូងសមុទ្រម៉ិចស៉ីកូ ហើយនាវាអវកាស SN20 នឹងបន្តធ្វើដំណើរមួយជុំជុំវិញផែនដី មុនធ្លាក់មកលើផ្ទៃមហាសមុទ្រប៉ាស៉ីហ្វិក នៅរយៈពេល ៩០នាទីក្រោយមក នៅក្បែរកោះ កៅអៃ (Kauai) នៃរដ្ឋហាវ៉ៃ។
ក្រោយការធ្វើតេស្តនានាសម្រេចបានជោគជ័យ នាវាអវកាស Starship នឹងបំពាក់ម៉ាស៉ីន Raptor ចំនួនសរុប ០៦គ្រឿង គឺលើសចំនួនដែលបំពាក់នៅតាមយានសាកល្បងទាំងឡាយ ដែលមានត្រឹម ០៣គ្រឿងប៉ុណ្ណោះ ហើយគ្រាប់រ៉ុក្កែត Super Heavy នឹងបំពាក់ដល់ទៅ ៣២គ្រឿង។ Starship គឺជាប្រព័ន្ធយានអវកាសអាចប្រើប្រាស់ឡើងវិញបាន ដែលក្រុមហ៊ុន SpaceX គ្រោងប្រើប្រាស់ដើម្បីដឹកទំនិញ និងមនុស្សទៅឋានព្រះចន្ទ ភពអង្គារ និងកន្លែងផ្សេងៗទៀត ក្នុងប្រព័ន្ធព្រះអាទិត្យនាពេលអនាគត៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១)