(បរទេស)៖ ក្រុមហ៊ុនអាមេរិក Blue Origin, Boeing, Sierra Space រួមជាមួយដៃគូមួយចំនួនទៀត កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសឲ្យដឹងថា ពួកគេគ្រោងនឹងសាងសង់ស្ថានីយអវកាសឯកជនមួយ ឈ្មោះ Orbital Reef ដែលត្រូវរំពឹងថា នឹងអាចចាប់ផ្តើមធ្វើប្រតិបត្តិការបាន នៅអំលុងចុងទសវត្សរ៍ឆ្នាំ២០២០នេះ។
សេចក្តីប្រកាសខាងលើត្រូវបានធ្វើឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Nanoracks, Voyager Space និង Lockheed Martin ទើបតែបានបង្ហាញពីផែនការ សម្រាប់ការបង្កើតស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ពួកគេ ហៅថា Starlab។ ពាក់ព័ន្ធគម្រោងសាងសង់មូលដ្ឋាន នៅក្នុងទីអវកាសទាំងនេះ កន្លងមកក្រុមហ៊ុនអាមេរិកមួយទៀតឈ្មោះ Axiom Space ក៏ធ្លាប់បានបង្ហើបផងដែរពីចេតនា បញ្ជូនកំណាត់បន្ទប់មួយ ទៅតភ្ជាប់ជាមួយស្ថានីយអវកាសអន្តរជាតិ (ISS) ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ដែលក្រោយមកវានឹងផ្តាច់ខ្លួនចេញវិញ ដើម្បីធ្វើប្រតិបត្តិដោយឯករាជ្យ។
សម្រាប់គម្រោងស្ថានីយអវកាស Orbital Reef ក្រុមដៃគូសហការរំពឹងថា ជាជំហានដំបូងវានឹងដើរតួនាទីបន្ទាប់បន្សំជាមួយស្ថានីយ ISS ប៉ុន្តែទីបំផុតវាប្រហែលនឹងស្នងតំណែងជំនួសតែម្តង ក្រោយស្ថានីយអវកាសអន្តរជាតិនេះ អាចចូលនិវត្តន៍នៅចន្លោះឆ្នាំ២០២៨-២០៣០។ ដើម្បីសម្រេចបានស្ថានីយ Orbital Reef ក្រុមហ៊ុន Blue Origin នឹងផ្តល់កំណាត់បន្ទប់មួយចំនួន រួមជាមួយគ្រាប់រ៉ុក្កែតជំនាន់ថ្មីរបស់ខ្លួនគឺ New Glenn ដែលនឹងត្រូវប្រើប្រាស់ជាចម្បង សម្រាប់ការដឹកជញ្ជូនសម្ភារៈរបស់ស្ថានីយនេះ ឡើងទៅទីអវកាស។
ចំណែក ក្រុមហ៊ុន Boeing នឹងទទួលបន្ទុកលើប្រតិបត្តិការ និងការមើលថែទាំស្ថានីយ Orbital Reef ហើយក្រុមហ៊ុនក៏នឹងផ្តល់ កំណាត់បន្ទប់សម្រាប់ការងារវិទ្យាសាស្រ្ត រួមជាមួយយានអវកាស Starliner ដែលនឹងដឹកជញ្ជូនមនុស្សក៏ដូចជាទំនិញ ទៅកាន់ទីនោះ។ រីឯក្រុមហ៊ុន Sierra Space នឹងផ្តល់បន្ទប់ស្នាក់នៅហៅថា LIFE ខណៈក្រុមហ៊ុន Dream Chaser នឹងផ្តល់យន្តហោះអវកាស សម្រាប់ការដឹកជញ្ជូនគ្រឿងបរិក្ខា ឬមនុស្ស។
ក្រៅពីនេះក្រុមហ៊ុន Redwire Space នឹងផ្តល់ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ ព្រមទាំងឧបករណ៍ផ្សេងៗទៀត ហើយក្រុមហ៊ុន Genesis Engineering Solutions នឹងផ្តល់យានតូចមួយ ដែលអនុញ្ញាតឲ្យអ្នកដំណើររបស់ស្ថានីយ Orbital Reef ចេញបណ្តែតខ្លួនក្នុងទីអវកាស។
ក្នុងដំណាក់កាលដំបូងនៃការធ្វើប្រតិបត្តិការ ស្ថានីយអវកាស Orbital Reef ត្រូវរំពឹងថា នឹងរួមមានប្រព័ន្ធផ្គត់ផ្គង់ថាមពល, បន្ទប់ប្រតិបត្តិការស្នូលចំនួនមួយ, បន្ទប់ស្នាក់នៅ LIFE ចំនួនមួយ, បន្ទប់ការងារវិទ្យាសាស្រ្តចំនួនមួយ ហើយនិងយានរបស់ក្រុមហ៊ុន Genesis ចំនួនមួយ។ សម្រាប់ទំហំផ្នែកខាងក្នុងរបស់វា នឹងមានមាឌប្រមាណ ៨៣០ម៉ែត្រគូប គឺតូចជាងមាឌខាងក្នុងរបស់ស្ថានីយ ISS បន្តិចប៉ុណ្ណោះ ហើយនឹងអាចផ្ទុកមនុស្សសរុបបានដល់ ១០នាក់។ ប៉ុន្តែស្ថានីយ Orbital Reef នឹងបន្តពង្រីកខ្លួនថែមទៀត ទៅតាមពេលវេលា ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមផែនការ។
គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាសអាមេរិក NASA គ្រោងផ្តល់ការជួយលើកទឹកចិត្ត ចំពោះគម្រោងអភិវឌ្ឍស្ថានីយអវកាសទាំងនេះគឺ Orbital Reef, Starlab, Axiom Station រួមទាំងមូលដ្ឋានអវកាសឯកជនដទៃៗទៀត តាមរយៈកម្មវិធីមួយហៅថា Commercial LEO Destinations ឬ CLD៕
ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១)