(បរទេស)៖ ក្រុមតារាវិទូបានអង្កេតមើលវត្ថុអវកាសមួយ ដែលបានផ្ទុះជះចេញនូវថាមពល ប្រមាណជា ១,៦៥២លើក នៅអំលុងរយៈពេលខ្លីមួយប៉ុណ្ណោះ បើគិតអំពីទីអវកាស និងពេលវេលា។ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែបន្តតាមដាន បាតុភូតនៃវត្ថុអវកាស ដ៏អាថ៌កំបាំងនេះ ដើម្បីបញ្ចេញនូវចម្លើយដ៏ពិតប្រាកដមួយ។
វត្ថុអវកាសដែលបញ្ចេញបាតុភូតខាងលើនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះថា Fast Radio Burst (FRB) ដែលបកប្រែថា ការផ្ទុះជះចេញនូវរលកវិទ្យុដ៏រហ័ស និងត្រូវបានអង្កេតឃើញជាលើកដំបូង កាលពីឆ្នាំ២០០៧។ ការផ្ទុះ FRB នេះនៅក្នុងរយៈពេលតែ ១វិនាទីប៉ុណ្ណោះ គឺអាចបញ្ចេញថាមពល ស្មើនឹងថាមពលដែលព្រះអាទិត្យយើង បញ្ចេញនៅក្នុងរយៈពេល ១ឆ្នាំឯណោះ។
FRB ខ្លះបានជះចេញថាមពលតែម្តងប៉ុណ្ណោះ ប៉ុន្តែខ្លះគឺជាញឹកញាប់ ក្នុងនោះមានដូចជា FRB 121102 ដែលស្ថិតនៅក្នុងកាឡាក់ស៊ីទំហំតូចមួយ ស្ថិតនៅចម្ងាយ ៣ពាន់លានឆ្នាំពន្លឺពីភពផែនដីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ វាមួយនេះហើយ ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍ជាងគេ ព្រោះតែការជះចេញនូវរលកវិទ្យុដ៏រហ័ស ម្តងហើយម្តងទៀតមិនចេះស្រាកស្រាន។
តាមរយៈការប្រើប្រាស់តេឡេស្កូបយក្ស ដែលមានទំហំមុខកាត់ ៥០០ម៉ែត្រ នៅក្នុងប្រទេសចិន (FAST) ក្រុមអ្នកវិទ្យាសាស្ត្របានសម្រេច រៀបចំការសិក្សាអំពី FRB 121102 នោះតែម្តង។ លោក Bing Zhang តារាវិទូនៃសាកលវិទ្យាល័យ Las Vegas នៃរដ្ឋ Nevada សហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន Live Science នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ នេះថា «ជាកិច្ចចាប់ផ្តើម, វាត្រឹមតែជាការប្រមូលយកដានតែប៉ុណ្ណោះ»។
បើតាមលោក Zhang, តាមរយៈតេឡេស្កូប FAST គេអាចប្រទះឃើញ FRB 121102 ផ្ទុះជះចេញនូវរលកថាមពលរហូតដល់ ១,៦៥២លើក នៅក្នុងរយៈពេល ៦០ម៉ោងប៉ុណ្ណោះ ហើយពេលខ្លះគឺរហូតដល់ ១១៧ដង នៅក្នុងមួយម៉ោងក៏មាន។ FRB ភាគច្រើន ពិបាកឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការសិក្សាណាស់, ប៉ុន្តែកាលពីឆ្នាំ ២០២០ ក្រុមអ្នកតារាវិទូបានរកឃើញ FRB មួយនៅក្នុងកាឡាក់ស៊ី Milky Way របស់យើង ហេតុដូច្នេះទើបអាចអនុញ្ញាតឲ្យពួកគេ ធ្វើការសិក្សាបន្ថែម ហើយក៏យល់ដឹងថា FRB ទាំងនោះគឺ តារាស្លាប់ «ម៉ាញេតា» (magnetar)។
ម៉ាញេតា (magnetar) គឺជាតារាដែលផ្ទុះស្លាប់ ហើយនៅតែសល់តែស្នូលដ៏ហាប់ណែន និងក្តៅគគុកជាទីបំផុត ដែលយើងគ្រប់គ្នាស្គាល់ថា «តារាណឺត្រុង» (neutron star)។ ខណៈដែលផ្កាយណឺត្រុងត្រូវបានគេដឹងថា មានដែនម៉ាញេទិចខ្លាំង មួយចំនួននៃពួកវា គឺអាចមានលក្ខណៈពិសេសខ្លាំង ដែលធ្វើឲ្យអាកប្បកិរិយារបស់ពួកវា ពុះកញ្ជ្រោលខ្លាំងជាងគេជាងឯង ឬដូចជាពពួក magnetar ខាងលើនេះឯង។
យ៉ាងណាក៏ដោយ សម្រាប់សំនួរដែលថា តើពពួក FRB នៅកាឡាក់ស៊ីឆ្ងាយៗ ដែលបានផ្ទុះជះរលកវិទ្យុ-ថាមពលឥតស្រាកស្រាននោះ សុទ្ធតែជាពពួកតារាស្លាប់ magnetar ឬ តារាណឺត្រុងដែរ ឬមួយក៏យ៉ាងណានោះ? ក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់អាចផ្តល់ចម្លើយ នៅពេលនេះបានទេ។ ប៉ុន្តែបើតាមលោក Zhang, ប្រសិនបើ FRB 121102 គឺជា magnetar នោះការផ្ទុះម្តងហើយម្តងទៀតរបស់វា គឺកើតចេញពីផ្ទៃរបស់វាតែម្តង មិនមែនកម្ទេចធូលី និងឧស្ម័ននៅជុំវិញខ្លួនវានោះឡើយ។ ការសិក្សាអំពីអាកប្បកិរិយារបស់ FRB 121102 នៅតែកំពុងបន្តដោយក្តីសង្ឃឹមថា នឹងអាចរកឃើញចម្លើយជាក់លាក់មួយ នៅក្នុងពេលឆាប់ៗ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១)