តើប្រហោងអូហ្សូនលើទ្វីបអង់តាកទិក រីកធំបែបណាក្នុងឆ្នាំ២០២១? NASA ទើបបញ្ចេញ Video ពន្យល់…

(អាមេរិក)៖ វីដេអូថ្មីរបស់អង្គការ NASA បានបង្ហាញអំពីចលនានៃការបើក ប្រហោងអូហ្សូន (Ozone hole) ពីលើទ្វីបទឹកកកយក្សអង់តាកទិក ដែលស្ថិតនៅប៉ូលខាងត្បូងភពផែនដី នៅក្នុងឆ្នាំ២០២១ នេះតែម្តង។

រដូវរងាដ៏ត្រជាក់ខុសពីធម្មតា នៅតំបន់អឌ្ឍគោលខាងត្បូង និងការឡើងកំដៅផែនដី អាចកត្តាចម្បងដែលបានបណ្តាលឱ្យប្រហោងនេះ រីកធំជាងគេលំដាប់ទី ១៣ បើគិតចាប់តាំងពីឆ្នាំ ១៩៧៩ ដែលក្រុមអ្នកវិទ្យាសាស្ត្រចាប់ផ្តើមតាមដាន។ ការថយចុះអូហ្សូនដែលគ្រប់គ្នាមើលឃើញ នៅក្នុងវីដេអូរបស់អង្គការ NASA គឺបានមកពីការត្រួតពិនិត្យដោយផ្កាយរណបចំនួន ៣ ដែលដំណើរការដោយ NASA និងរដ្ឋបាលមហាសមុទ្រជាតិ និងបរិយាកាស (NOAA) នៃសហរដ្ឋអាមេរិកដូចជា៖ Aura, Suomi-NPP និង NOAA-20

អូហ្សូនគឺជាសមាសធាតុនៃអុកស៊ីហ្សែន ដែលកើតឡើងដោយធម្មជាតិ (មនុស្សលោកយើងក៏អាចបង្កើតអូហ្សូនបានដែរ) ដែលប្រមូលផ្តុំឡើងនៅតំបន់ខ្ពស់ នៅក្នុងស្រទាប់លើនៃបរិយាកាសផែនដី (stratosphere)។ អូហ្សូនពីធម្មជាតិ ត្រូវបានបង្កើតឡើង នៅពេលដែលកាំរស្មីអ៊ុលត្រាវីយូឡេពីព្រះអាទិត្យ (ultraviolet radiation) ធ្វើអន្តរកម្មជាមួយម៉ូលេគុលអុកស៊ីសែន នៅក្នុងបរិយាកាសរបស់យើង។ អូហ្សូន​សកម្ម គឺប្រៀបបីដូច​ជា​ឡូសិនការពារ​កម្ដៅ​ថ្ងៃ ដោយ​ការពារ​ផ្ទៃ​ផែនដី​ពី​រលកធាតុវិទ្យុសកម្មដ៏អាក្រក់ពីព្រះអាទិត្យ ដែលអាចសម្លាប់ជីវិតសត្វ និងរុក្ខជាតិបាន។

ជាអកុសល សារធាតុគីមី ក្លរីន (chlorine) និង ប្រូមីន (bromine) ដែលត្រូវបានបញ្ចេញដោយសកម្មភាពរបស់មនុស្ស បានទៅបំផ្លិចបំផ្លាញស្រទាប់អូហ្សូន នៅពេលដែលពន្លឺព្រះអាទិត្យរះលើទ្វីបអង់តាកទិក បន្ទាប់ពីរដូវរងានៅតំបន់ប៉ូល ខណៈវិទ្យុសកម្ម (Radiation) របស់ព្រះអាទិត្យ បានជំរុញឱ្យមានការប្រែប្រួលនៅក្នុងតំបន់នោះ។

ពិធីសារម៉ុងត្រេអាល់ឆ្នាំ ១៩៨៧ (The 1987 Montreal Protocol) បានកំណត់កម្រិតនៃការបញ្ចេញសារធាតុបំផ្លាញស្រទាប់អូហ្សូន ដោយមានប្រទេសជិត ៥០ ចូលរួម។ ប៉ុន្តែប្រទេសភាគច្រើននៅលើពិភពលោក មិនមែនជាម្ចាស់ហត្ថលេខី នៅក្នុងពិធីសារខាងលើនេះឡើយ ហើយភាគច្រើនក្នុងចំណោមប្រទេសទាំងនោះ ក៏មិនមានតួនាទីត្រូវគោរពតាមនោះដែរ។

យ៉ាងណាក៏ដោយ ក្រុមជំនាញអង្គការ NASA បានថ្លែងថា ពិធីសារខាងលើនេះពិតជាមានប្រយោជន៍ នៅក្នុងការទប់ស្កាត់ និងជួសជុលស្រទាប់អូហ្សូនផែនដីឡើងវិញ។ NASA បានអះអាងទៀតថា ប្រសិនបើគ្មានពិធីសារ ម៉ុងត្រេអាល់ កាលពីឆ្នាំ ១៩៨៧ ទេនោះ ពេលនេះប្រហែលជាប្រហោងអូហ្សូន អាចនឹងរីកធំតាមរដូវខ្លាំងជាងនេះទៅទៀត។

នៅពេលដែល Protocol ខាងលើនេះត្រូវបានចុះហត្ថលេខា កាលពីជំនាន់នោះ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ស្រទាប់អូហ្សូននឹងអាចជួសជុលឲ្យប្រសើរឡើងវិញ នៅក្នុងឆ្នាំ ២០៦០។ ប៉ុន្តែដោយយោងលើការស្តារដែលមានសភាពយឺតយ៉ាវ ជាងការប៉ាន់ស្មានកាលពីមុននោះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានសន្មត់ជាថ្មីថា ការជួសជុលស្រទាប់អូហ្សូនឲ្យប្រសើរឡើងវិញ នឹងមិនអាចកើតមានឡើងលឿនជាងឆ្នាំ ២០៧០ នោះឡើយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com/NASA/ESA (ថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១)

Comments (0)
Add Comment