ទីបំផុត NASA ប្តូរពេលវេលាដែលត្រូវដឹកនាំមនុស្ស ទៅជាន់ប៉ូលខាងត្បូងព្រះចន្ទហើយ ក្រោយជួបបញ្ហាធំៗជាច្រើន (មានវីដេអូ)

(វ៉ាស៉ីនតោន)៖ ប្រមុខដឹកនាំទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា កាលបរិច្ឆេទសម្រាប់បេសកកម្មបញ្ជូនមនុស្សទៅលើផ្ទៃព្រះចន្ទ ត្រូវបានលើកពេលទៅកាន់ឆ្នាំ ២០២៥ វិញ ដោយសារហេតុផលមួយចំនួន។

លោក Bill Nelson ប្រធានអង្គការ NASA និយាយថា មូលហេតុចម្បងដែលបណ្តាលឲ្យមានការពន្យារពេលនេះ គឺព្រោះតែបញ្ហាវិវាទផ្លូវច្បាប់ ពាក់ព័ន្ធនឹងកិច្ចសន្យាសង់យានអវកាសរបស់ក្រុមហ៊ុន SpaceX។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ ចៅក្រមសហព័ន្ធអាមេរិក បានសម្រេចទាត់ចោលពាក្យបណ្តឹងរបស់ក្រុមហ៊ុន Blue Origin ដែលប្រឆាំងការសម្រេចចិត្តរបស់ NASA ក្នុងការផ្តល់កិច្ចសន្យាតម្លៃ ២.៩ពាន់លានដុល្លារ ឲ្យទៅក្រុមហ៊ុន SpaceX ដើម្បីអភិវឌ្ឍយានសម្រាប់ដឹកមនុស្ស ទៅចុះលើឋានព្រះចន្ទ។

បើតាមលោក Nelson បញ្ហាប្តឹងផ្តល់នេះ បានបណ្តាលឲ្យ NASA ខាតពេលវេលាជាច្រើនខែ ដោយមិនអាចធ្វើការងារជាមួយ SpaceX បាន ជុំវិញកិច្ចសន្យាខាងលើ។ ដូច្នេះហើយ កិច្ចប្រឹងប្រែងដើម្បីបញ្ជូនមនុស្សទៅលើផ្ទៃព្រះចន្ទ តាមរយៈកម្មវិធី Artemis ទំនងជានឹងមិនអាចសម្រេចទៅបានមុនឆ្នាំ២០២៥ នោះទេ។

ទន្ទឹមគ្នា ប្រមុខដឹកនាំ NASA បានបន្ថែមថា កត្តាមួយចំនួនទៀតក៏បានចូលរួមចំណែក ក្នុងការសម្រេចចិត្តពន្យារពេលនេះផងដែរ។ កត្តាទាំងនោះរួមមាន កន្លងមក សភាអាមេរិកបានអនុម័តថវិកាតិចតួចពេក សម្រាប់កម្មវិធី Artemis, រដ្ឋបាលអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានកំណត់គោលដៅត្រឹមឆ្នាំ២០២៤ ដោយមិនបានគិតគូរល្អិតល្អន់អំពី លទ្ធភាពដែលអាចទៅរួចតាមផ្នែកបច្ចេកទេស, ហើយនិងវិបត្តិ COVID-19

គួរបញ្ជាក់ថា ពីដំបូងបំផុតអង្គការ NASA បានគ្រោងបញ្ជូនយានដឹកមនុស្ស ឲ្យទៅដល់លើផ្ទៃព្រះចន្ទនៅឆ្នាំ២០២៨ ឯណោះទេ។ ប៉ុន្តែកាលពីឆ្នាំ២០១៩ រដ្ឋបាលលោក ត្រាំ បានប្រកាសកំណត់ឲ្យ NASA សម្រេចឲ្យបាននូវគោលដៅបញ្ជូនមនុស្សទៅដល់ទីនោះ ដោយប្រើពេលត្រឹម ៥ឆ្នាំ ពោលគឺឲ្យបាននៅត្រឹមឆ្នាំ២០២៤

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Reuters (ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១)

Comments (0)
Add Comment