ថតបានវត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណ (UFO) ហោះពីលើទីក្រុង Zurich, មិនទាន់មានអ្នកដឹងថាជាអ្វីឡើយ (មានវីដេអូ)

(បរទេស)៖ កាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកថតរូបម្នាក់នៅឯទីក្រុង Zurich នៅប្រទេសស្វីស បានផ្តិតយករូបភាពមួយចំនួន នៃវត្ថុចម្លែកមួយដែលខ្លួន ហៅថាជា វត្ថុហោះហើរមិនអាចកំណត់អត្តសញ្ញាណបាន ឬ UFO (Unidentified Flying Object) ដែលមើលទៅមានរាងមូលដូចនំដូណាត់

អ្នកថតរូបម្នាក់នោះបានសង្ស័យថា វាប្រហែលជាយាន Crew Dragon របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX ដែលត្រូវត្រឡប់ចុះមកកាន់ ផ្ទៃផែនដីវិញ នៅយប់នោះ ជាមួយអវកាសយានិក ៤រូប ដែលទើបបញ្ចប់ការស្នាក់នៅរយៈពេល ២០០ថ្ងៃ ក្នុងស្ថានីយអវកាសអន្តរជាតិ ISS។ ប៉ុន្តែយានអវកាសរបស់ SpaceX បានធ្លាក់នៅមួយចំហៀងពិភពលោកទៀតឯណោះ គឺនៅឈូងសមុទ្រម៉ិកស៉ីកូ ដែលមានចម្ងាយដល់ទៅជាង ៨,០០០ គីឡូម៉ែត្រពីទីក្រុង Zurich។ ដូច្នេះវាហាក់មិនអាចមើលឃើញពីទីនោះឡើយ។

ក្រោយមានការវិភាគវែកញែកឃើញថា វាមិនមែនជាយានអវកាស វត្ថុចម្លែកនោះ ត្រូវគេបន្តសង្ស័យថា អាចជាផ្កាយដែលនៅសែនឆ្ងាយមួយ គឺមិនមែនជាវត្ថុហោះហើរអ្វីឡើយ។ ប៉ុន្តែបើយោងតាមរូបភាពផ្សេងៗ ដែលអ្នកថតរូបខាងលើផ្តិតយកបាន គឺបង្ហាញឲ្យឃើញថា វាហាក់មានចលនាពិតមែន ដែលជាហេតុនាំឲ្យគេសន្និដ្ឋានថា វាមិនអាចជាផ្កាយលើផ្ទៃមេឃទេ។ ហេតុដូច្នេះក៏មានទ្រឹស្តីមួយទៀតថា UFO នោះ ប្រហែលជា កំណាត់គ្រាប់រ៉ុក្កែត ដែលធ្លាក់ចូលមកក្នុងបរិយាកាសផែនដី ហើយឆេះរលាយអស់

គួរបញ្ជាក់ថា ជាផ្កាយជាកំណាត់គ្រាប់រ៉ុក្កែត ឬមួយក៏ជាអ្វីផ្សេងតែម្តង សម្រាប់ពេលនេះ មិនទាន់អាចមានការពន្យល់បកស្រាយឲ្យបានច្បាស់លាស់ អំពី UFO រាងដូចនំដូណាត់ខាងលើនេះនៅឡើយទេ។ ចុះអ្នកទាំងអស់គ្នាវិញ គិតថាវាជាអ្វីដែរ?

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១)

Comments (0)
Add Comment