NASA ត្រៀមធ្វើតេស្ត Laser បាញ់បញ្ជូនទិន្នន័យក្នុងទីអវកាស បានច្រើនលើសមុន ១០០ដង!

(អាមេរិក)៖ អង្គការអវកាសអាមេរិក NASA កំពុងតែត្រៀមខ្លួនក្នុងការធ្វើតេស្ត ប្រព័ន្ធឡាស៊ែរ (Laser) មួយនៅក្នុងទីអវកាស ដែលហៅកាត់ថា LCRD (Laser Communications Relay Demonstration) ក្រោយពីបានពន្យារពេលអស់ ២ឆ្នាំកន្លងមកហើយ។

ប្រព័ន្ធឡាស៊ែរ LCRD គឺជាបច្ចេកវិទ្យាថ្មី ដែលអាចឲ្យការបញ្ជូនទិន្នន័យក្នុងទីអវកាស ចាយពេលវេលាឆាប់រហ័សជាងបច្ចុប្បន្នឆ្ងាយ។ LCRD នឹងស្ថិតនៅជាមួយផ្កាយរណប STPSat-6 ដែលជាបេសកកម្មធ្វើតេស្តនៅទីអវកាស របស់ក្រសួងការពារជាតិអាមេរិក ហើយហោះហើរទៅកាន់ទីអវកាសតាមរយៈគ្រាប់រ៉ុក្កែត Atlas V របស់ក្រុមហ៊ុន United Launch Alliance មិនឲ្យយូរជាងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ នោះឡើយ។

ការបាញ់បង្ហោះ STPSat-6 រួមជាមួយ LCRD នឹងត្រូវធ្វើឡើងចេញពីស្ថានីយ Cape Canaveral ស្ថិតក្នុងរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ កម្មវិធីធ្វើតេស្តសាកល្បងនេះ ត្រូវបានពន្យារពេលតាំងតែពីឆ្នាំ ២០១៩ មកម្ល៉េះ ដោយសារតែបញ្ហាជាច្រើន បានកើតមានឡើងជាបន្តបន្ទាប់។

ជុំវិញការត្រៀមនេះដែរ លោក Badri Younes អនុប្រធានរដ្ឋបាល ទទួលបន្ទុកកម្មវិធីអភិវឌ្ឍប្រព័ន្ធទូរគមនាគមន៍ និងចង្អុលទិសដៅនៃអង្គការ NASA បានលើកឡើងថា «បច្ចេកវិទ្យា (Laser បញ្ជូនទិន្នន័យ) នេះគឺជាពិតជាស្មុគស្មាញ នៅក្នុងមធ្យោបាយដ៏ច្រើន។ ប្រព័ន្ធថ្មីនេះនឹងមិនត្រឹមតែផ្តល់នូវ អត្រាបញ្ជូនទិន្នន័យខ្ពស់ប៉ុណ្ណោះទេ តែវាក៏នឹងធ្វើឱ្យប្រសើរឡើង នូវអ្វីដែលយើងហៅថា SWAP (ដោយគិតទៅលើ ទំហំ ទម្ងន់ និងថាមពល)។ វានឹងមានទំហំតូចជាង ហើយបរិមាណ និងទម្ងន់ស្រាលជាង ព្រមទាំងប្រើប្រាស់ថាមពលតិចជាង បច្ចេកវិទ្យាបច្ចុប្បន្ន»

គួរបញ្ជាក់ថា ប្រព័ន្ធបាញ់បញ្ជូនទិន្ន័យដោយប្រើប្រាស់ កាំរស្មី Laser ខាងលើនេះ នឹងមានប្រយោជន៍ដល់បេសកកម្មស្រាវជ្រាវឋានព្រះចន្ទ «Artemis» របស់អង្គការ NASA ដែលគ្រោងនាំមនុស្សទៅជាន់តំបន់ប៉ូលខាងត្បូងព្រះចន្ទ នៅឆ្នាំ២០២៥ និងបេសកកម្មស្រាវជ្រាវភពព្រះអង្គារ នៅទសវត្សរ៍បន្ទាប់។ អ្នកជំនាញ NASA បានអះអាងថា ប្រព័ន្ធឡាស៊ែរ LCRD នឹងអនុញ្ញាតឱ្យយើងបញ្ជូនទិន្នន័យ ត្រឡប់មកផែនដីវិញបានចាប់ពី ១០ ទៅ ១០០ដង ច្រើនជាងការប្រើប្រាស់ប្រេកង់វិទ្យុ ហើយវានឹងអាចបំពេញនូវមហិច្ឆតា ដែលកំពុងកើនឡើងរបស់ NASA ទៅលើការស្រាវជ្រាវលំហអវកាស៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១)

Comments (0)
Add Comment