កុំភ្លេចល្ងាចនេះ! ភពចំនួន ៣ នឹងបញ្ចេញពន្លឺបណ្តាក់គ្នាលើផ្ទៃមេឃ, នៅកម្ពុជាអាចមើលឃើញ ពេលមេឃស្រឡះល្អ (មានរូបភាព)

(ភ្នំពេញ)៖ នៅពេលល្ងាចដល់យប់ថ្ងៃសុក្រនេះ ភពចំនួន «៣» នឹងរះចែងចាំងលើផ្ទៃមេឃពេលរាត្រី ដោយក្នុងនោះភពដែលភ្លឺជាងគេ គឺភពសុក្រ (Venus)។ ជាការពិត ភពទាំងនោះមិនអាចបញ្ចេញពន្លឺដោយខ្លួនឯងនោះទេ ដោយពន្លឺរបស់វា គឺជាចំណាំងផ្លាតនៃបរិយាកាស ឬរបស់ផ្ទៃពួកវាពេលត្រូវពន្លឺព្រះអាទិត្យប៉ុណ្ណោះ។

នៅម៉ោង ៦៖០០នាទីយប់ បើយើងងាកសំដៅទៅរកទិសនិរតី (ខាងលិចរេទៅខាងត្បូងបន្តិច) នោះយើងនឹងអាចមើលឃើញភពសុក្រ (Venus) នៅក្រោមគេ ហើយវាបញ្ចេញពន្លឺក៏ខ្លាំងជាងគេផងដែរ។ បន្ទាប់មកនៅលើភពសុក្រ គឺភពសៅរ៍ (Saturn) ដែលមានទំហំរាងតូចជាងគេ ហើយពន្លឺក៏ភ្លឺរាងខ្សោយជាងគេផងដែរ។ ចំណែកភពទី ៣ ដែលនៅលើបំផុត គឺភពព្រហស្បតិ៍ (Jupiter) ដែលមានទំហំនិងពន្លឺកម្រិតកណ្តាល ធៀបនឹងភពទាំងពីរ។

ភពសុក្រនឹងចាប់ផ្តើមលិចទៅបាត់ នៅម៉ោងប្រហែល ៨៖៣០នាទីយប់ បន្ទាប់មកភពសៅរ៍ នឹងលិចទៅតាមក្រោម នៅវេលាម៉ោងខ្ទង់ ១០៖០០នាទីយប់។ ចំណែកភពព្រហស្បតិ៍ ដែលនៅរក្សាវត្តមានបានយូរជាងគេ នឹងនៅបង្ហាញខ្លួនលើផ្ទៃមេឃរហូតដល់ ១១៖២០នាទី។

គួរបញ្ជាក់ថា សម្រាប់ភព ទៀតវិញគឺ ភពពុធ (Mercury) និងភពអង្គារ (Mars) មិនអាចត្រូវបានមើលឃើញទេ ដោយសារពួកវានៅកៀកនឹងព្រះអាទិត្យ។ រីឯភពអ៊ុយរ៉ាណុស (Uranus) និងភពណិបទូន (Neptune) គឺពួកវាក៏បង្ហាញខ្លួនលើផ្ទៃមេឃពេលរាត្រីដែរ ប៉ុន្តែដោយសារតែ ភពទាំងពីរនៅឆ្ងាយខ្លាំងពេក ដូច្នេះពួកវាមើលទៅតូចខ្លាំងណាស់។ បើយើងចង់មើលឃើញភពអ៊ុយរ៉ាណុស និងភពណិបទូនទាល់តែប្រើកែវយឺត៕

ថតនៅម៉ោង ៦៖០០នាទីល្ងាចថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (រូបភាពៈ Cambo Space)

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Time and Date (ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១)

Comments (0)
Add Comment