(បរទេស)៖ បញ្ញាសិប្បនិមិត្ត ឬដែលយើងហៅយ៉ាងខ្លីថា AI ពិតជាមានប្រយោជន៍មែន ចំពោះការស្រាវជ្រាវទីអវកាស ហើយឥឡូវនេះក្រុមអ្នកវិទ្យាសាស្ត្រទើបតែបានប្រើប្រាស់វា ដើម្បីជីកគាស់រកអ្វីថ្មីៗចេញពីទិន្នន័យចាស់ៗ បន្សល់ទុកដោយកែវយឺតអវកាស Kepler ដែលបានចូលនិវត្តន៍តាំងតែពីឆ្នាំ២០១៨នោះ។
ជាលទ្ធផលដ៏គាប់ប្រសើរ ភពសរុបចំនួនជាង ៣០០ភពទៀត ត្រូវបានគាស់កកាយ ចេញពីទិន្នន័យចាស់ៗរបស់ Kepler។ Kepler គឺជាកែវយឺតអវកាសដំបូងគេរបស់មនុស្សលោក ដែលត្រូវបានបង្កើតឡើង និងបញ្ជូនទៅកាន់ទីអវកាសកាលពីឆ្នាំ២០០៩ ដើម្បីស្វែងរកភពនានានៅប្រព័ន្ធផ្កាយផ្សេង (Exoplanet) តាមរយៈដំណើរការ Transit ឬការសម្ងំរាប់ខែឆ្នាំ ដើម្បីអង្កេតមើលផ្កាយនានា ក្រែងលោមានការបិទបាំងពន្លឺកើតឡើង។
នៅពេលមានផ្កាយណាមួយធ្លាក់ចុះពន្លឺ នោះមានន័យថា អាចមានភពកំពុងឆ្លងកាត់ពីមុខពន្លឺវាហើយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការ NASA នៅតែត្រូវប្រើប្រាស់វិធីលម្អិតបន្ថែមទៀត ដើម្បីកំណត់ថាគឺជាការឆ្លងកាត់នៃភពមែន ឬមួយក៏យ៉ាងណា ព្រោះក៏ធ្លាប់មានករណីខ្លះ មិនមែនជាភពផងដែរ។ ទិន្នន័យជាច្រើនដែលបន្សល់ទុកដោយ Kepler នៅតែអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រ វែករកអ្វីថ្មីៗដែលបង្កប់ក្នុងនោះ, ប៉ុន្តែថ្មីៗនេះតាមរយៈកម្មវិធី AI ដ៏ឆ្លាតវៃ គេអាចរកឃើញអ្វីថ្មីៗបានកាន់តែលឿន និងក្នុងចំនួនច្រើនផងដែរ។
បច្ចេកវិទ្យា AI ថ្មីនេះមានឈ្មោះថា ExoMiner ដែលត្រូវបានអភិវឌ្ឍឡើង ឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការវែករកទិន្នន័យប្រកបដោយភាពត្រឹមត្រូវ និងមិនលម្អៀងដូចមនុស្សបានធ្វើពីមុនមកឡើយ។ ក្នុងមួយជីវិតរបស់ Kepler វាបានបញ្ជាក់វត្តមានភព Exoplanet ជាផ្លូវការចំនួនជិត ៣,០០០ភព ហើយសរុបនាពេលបច្ចុប្បន្ននេះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានកំណត់វត្តមានភព Exoplanet ជាផ្លូវការចំនួន ៤,៥៦៩ភពហើយ នៅក្នុងកាឡាក់ស៊ី Milky Way របស់យើង។
សម្រាប់បច្ចេកទេស ExoMiner គឺមិនសូវខុសពីវិធីសាស្ត្រធម្មតាដែល Kepler បានប្រើដើម្បីស្វែងរកភពនានានោះឡើយ ប៉ុន្តែវាមានភាពលម្អិត និងច្បាស់លាស់ជាង ហេតុដូច្នេះទើបក្រុមអ្នកវិទ្យាសាស្ត្រ អាចរកឃើញភពថ្មីៗចំនួន «៣០១» ភពបន្ថែមទៀត។ អ្នកវិទ្យាសាស្ត្រ Hamed Valizadegan អ្នកដឹកកម្មវិធី ExoMiner របស់ NASA បានគូសបញ្ជាក់ថា «នៅពេលដែល ExoMiner និយាយថា អ្វីមួយនោះគឺជាភព នោះអ្នកអាចជឿជាក់បានថា វាពិតជាភពមែន។ ExoMiner ពិតជាមានតម្លាភាពខ្ពស់ ដែលអាចឲ្យយើងទុកចិត្តបានជាងម៉ាស៊ីន និងមនុស្ស»។
គួរបញ្ជាក់ថា កម្មវិធី AI ExoMiner ខាងលើនេះ ត្រូវបានអង្គការ NASA សម្លឹងមើលឃើញខ្ពស់ថា នឹងប្រយោជន៍ធំធេងសម្រាប់ទ្រទ្រង់បេសកកម្មកែវយឺតអវកាស TESS បច្ចុប្បន្ន និងបេសកកម្មស្វែងរកភពថ្មីៗ «PLATO» របស់អង្គការអវកាសអឺរ៉ុប ESA ដែលនឹងត្រូវចាប់ផ្តើមនៅឆ្នាំ២០២៦។ ងាកមកកាន់ភពទាំង ៣០១ ដែលទើបត្រូវបានបញ្ជាក់វត្តមានថ្មីនេះ គឺពួកវាសុទ្ធតែស្ថិតនៅក្នុង «តំបន់មិនអំណោយផលដល់ជីវិត» ដូច្នេះគឺមិនមែនជាភពដែលអាចទ្រទ្រង់ជីវិតឡើយ៕
ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Astrophysical Journal/NASA/Space.com (ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១)