(អាមេរិក)៖ ទោះបីជាផ្កាយរណបស្រាវជ្រាវព្រះចន្ទ LRO (Lunar Reconnaissance Orbiter) ត្រូវបានអភិវឌ្ឍឡើងដើម្បីសិក្សាស្រាវជ្រាវជាសំខាន់ ទៅលើបរិស្ថានជុំវិញផ្ទៃព្រះចន្ទមែន ប៉ុន្តែមិនមែនមានន័យថា វាមិនអាចធ្វើអ្វីអស្ចារ្យផ្សេងទៀត ក្រៅពីនេះឡើយ។
កាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅថ្មីៗនេះ LRO បានផ្តិតយករូបភាព ភពដ៏ស្រស់ស្អាតជាងគេប្រចាំប្រព័ន្ធព្រះអាទិត្យយើង នោះគឺភពសៅរ៍ (Saturn) នៅពេលដែលផ្កាយរណបនេះ កំពុងគោចរជុំវិញព្រះចន្ទ។ ទោះបីជារូបមួយសន្លឹកនេះ មានលក្ខណៈមិនច្បាស់ តែក៏ល្មមអាចឲ្យគ្រប់គ្នាដឹងថា វាគឺជាភពសៅរ៍បាន ព្រោះខ្សែក្រវាត់ ឬកង (Ring) ដែលព័ទ្ធជុំវិញភពនោះ បានបង្ហាញរូបរាងយ៉ាងច្បាស់។
គួរបញ្ជាក់ថា រូបខាងលើនេះត្រូវបានថតដោយកាមេរ៉ា LROC នៅលើផ្កាយរណប LRO។ LRO បានធ្វើដំណើរដល់គន្លងគោចរព្រះចន្ទកាលពីឆ្នាំ ២០០៩។ ជាការពិត អង្គការ NASA បានបញ្ជាផ្កាយរណប LRO ឲ្យងាករេទិសដៅយ៉ាងប្រុងប្រយ័ត្ន ទើបអាចផ្តិតយករូបភាព Saturn មួយប៉ុស្តិ៍នេះបាន។ សម្រាប់ភពសៅរ៍វិញ តែងតែគោចរជុំវិញព្រះអាទិត្យមួយជុំ (មួយឆ្នាំរបស់វា) ដោយប្រើប្រាស់រយៈពេល ២៩ឆ្នាំ នៃពេលវេលាលើផែនដី។
កន្លងមកនេះ LRO ក៏ធ្លាប់ផ្តិតរូបភាពភពព្រហស្បតិ៍ (Jupiter) ផងដែរ ហើយគេអាចចាប់បានព្រះចន្ទយក្សមួយចំនួន ក្នុងចំណោមព្រះចន្ទយក្សទាំង ៤ របស់ភពព្រហស្បតិ៍ថែមទៀតផង។ ពិតណាស់ រូបភាពភពព្រហស្បតិ៍មានលក្ខណៈប្រសើរជាង ព្រោះតែភពព្រហស្បតិ៍ធំ និងស្ថិតនៅជិតផែនដីជាងភពសៅរ៍៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com/NASA (ថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១)