«ភពយក្សក្តៅគគុក» ត្រូវបានរកឃើញដោយ NASA, វាពិតជាចម្លែកលើសពីការស្មាន… (មានវីដេអូ)

(អាមេរិក)៖ ក្រុមតារាវិទូអន្តរជាតិបានបំបែក កំណត់ត្រាថ្មីមួយផ្សេងទៀត ដោយបានរកឃើញភពយក្សឧស្ម័នថ្មីមួយ ដែលមានដំណើរគោចរយ៉ាងឆាប់រហ័សបំផុត មិនធ្លាប់បានជួបប្រទះកន្លងមក។ ភពដែលត្រូវបានដាក់រហស្សនាមថា «Hot Jupiter» មួយនេះ ចំណាយពេលត្រឹមតែ ១៦ម៉ោងប៉ុណ្ណោះ ដើម្បីគោចរព័ទ្ធជុំវិញផ្កាយរបស់វាមួយជុំ ដែលមានន័យស្មើនឹងមួយឆ្នាំរបស់វា ប៉ុន្តែថ្ងៃណាមួយការរេរាំនេះ អាចឈានដល់ទីបញ្ចប់ផងក៏ថាបាន។

ភពស្ថិតក្នុងលំដាប់ថ្នាក់ Hot Jupiter ដែលត្រូវបានរកឃើញកន្លងមកនេះ គឺមានជាង ៤០០ភពមកហើយ ប៉ុន្តែសម្រាប់ភពថ្មីខាងលើនេះ គឺពិសេសជាងគេបំផុត។ វាត្រូវបានដាក់ឈ្មោះឲ្យថា TOI-2109b និងត្រូវបានអង្កេតដោយកែវយឺតអវកាស TESS របស់អង្គការ NASA។ ភព TOI-2109b គោចរជុំវិញផ្កាយ TOI-2109 ដែលមានចម្ងាយ ៨៥៥ឆ្នាំពន្លឺពីផែនដី និងស្ថិតក្នុងកញ្ចុំផ្កាយ Hercules។

កញ្ចុំផ្កាយ Hercules

បើតាមក្រុមតារាវិទូរបស់អង្គការ NASA ភព TOI-2109b មានគម្លាតតែ ២.៤លានគីឡូម៉ែត្រប៉ុណ្ណោះពីផ្កាយមេរបស់វា ឬបើយើងធៀបនឹងគម្លាតរវាងភពពុធ (Mercury) ដែលជាភពស្ថិតនៅជិតព្រះអាទិត្យជាងគេនោះ វាមានគម្លាតកៀកផ្កាយវាជាងភពពុធរហូតដល់ទៅ ២៤ដង

តារាវិទូ Avi Shporer មកពីវិទ្យាស្ថានបច្ចេកវិទ្យា MIT នៃរដ្ឋម៉ាស្សាជូសេតស៍ សហរដ្ឋអាមេរិក បានលើកឡើងជុំវិញរបកគំហើញខាងលើនេះថា «វាពិតជាកម្របំផុត… ចាប់ពីអ្នកវិទ្យាសាស្ត្រចាប់ផ្តើមស្វែងរកភព Exoplanet មក លំដាប់ថ្នាក់ Hot Jupiter ត្រូវបានចាត់បញ្ចូលជា ពពួកដុំបាល់ដ៏ចម្លែករួចទៅហើយ។ ប៉ុន្តែ, តើភពដែលមានទំហំធំជាងភពព្រហស្បតិ៍ខាងលើនេះ អាចស្ថិតនៅក្នុងគន្លងគោចរដ៏កៀកនឹងផ្កាយមេរបស់វា ហើយគោចរយ៉ាងលឿនបែបនេះ ដោយរបៀបណា? ទិដ្ឋភាពបែបនេះ គឺគ្មានឡើយក្នុងប្រព័ន្ធព្រះអាទិត្យយើង ហើយនេះជាឱកាសដ៏ល្អឲ្យយើងសិក្សាអំពីវា (TOI-2109b) ដើម្បីស្វែងយល់អំពីរបៀបដែលវាបានកកើតឡើង»។

គួរបញ្ជាក់ថា ផ្កាយ TOI-2109 មានម៉ាសធំជាងម៉ាសព្រះអាទិត្យយើង ២ដង ខណៈភពយក្ស TOI-2109b របស់វាវិញមានម៉ាស់ធំជាងម៉ាសភពព្រហស្បតិ៍យើង ៥ដង។ ដោយសារការគោចរនៅជិតផ្កាយមេវាខ្លាំងពេក ទើបកម្តៅលើផ្ទៃរបស់ភពយក្សនេះ ក្តៅរហូតដល់ទៅ ៣,៣០០អង្សាសេឯណោះ ហើយវាទំនងជាភពដែលស្ថិតក្នុង «គន្លងបិទ ឬ locked orbit» ដែលមួយចំហៀងនៃផ្ទៃរបស់វាបែរមុខទៅរកផ្កាយវារហូត (មានសីតុណ្ហភាពក្តៅខ្លាំង) និងមួយចំហៀងទៀតងងឹតរហូត (មានសីតុណ្ហភាពត្រជាក់)។

ចំណុចគួរឲ្យចាប់អារម្មណ៍៖ ភព TOI-2109b ទំនងជាកំពុងផ្លាស់ប្តូរគន្លងគោចររបស់វាបន្តិចម្តងៗ ដោយវាអាចនឹងគោចរកៀកទៅៗ នឹងផ្កាយមេរបស់វា នៅក្នុងល្បឿនចាប់ ១០ ទៅ ៧៥០មីលីវិនាទី ក្នុងរយៈពេល ១ឆ្នាំរបស់វា។ វាមិនលឿនដល់ថ្នាក់ឲ្យយើងអង្កេតដឹង អំពីបម្រែបម្រួលភ្លាមៗនោះទេ ប៉ុន្តែយ៉ាងហោចណាស់ ១ឆ្នាំ ទៅ ២ឆ្នាំទៀត ក្រុមការងារគ្រប់គ្រងបេសកកម្ម TESS របស់អង្គការ NASA នឹងអាចផ្តល់ចម្លើយបានថា តើវាពិតជាដូចការសន្និដ្ឋានមែន ដែរឬមួយក៏យ៉ាងណា។

ពិតណាស់ មនុស្សលោកទំនងជាមិនអាចនៅមានវត្តមាន ដើម្បីទស្សនាការប្រែប្រួលនេះឡើយ, ប៉ុន្តែប្រសិនបើអ្វីៗវិវឌ្ឍទៅមុខដូចជាការសន្និដ្ឋាន នោះរយៈពេលយ៉ាងណាស់ «១០ពាន់លានឆ្នាំទៀត» ភព TOI-2109b នឹងបាត់ស្រមោលហើយ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ The Astronomical Journal/Space.com (ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១)

Comments (0)
Add Comment