(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ទើបតែបានប្រទះឃើញភពតូចបំផុតមួយទៀត នៅប្រព័ន្ធផ្កាយដែលស្ថិតនៅកៀកប្រព័ន្ធព្រះអាទិត្យយើងដែរ ហើយមួយឆ្នាំនៅលើភពនោះ (ជារយៈពេលដែលវាគោចរ ជុំវិញផ្កាយរបស់វាបានមួយជុំ) មានរយៈពេលតែ ៨ម៉ោងប៉ុណ្ណោះ ខណៈចម្ងាយរបស់វាពីផែនដី ក៏អាចចាត់ទុកថាជិតផងដែរ បើគិតអំពីរង្វាស់នៃចក្រវាលដ៏ធំធេងនេះ។ ទស្សនាវីដេអូបកស្រាយ៖
ភពខាងលើនេះ ត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា GJ 367b ស្ថិតនៅចម្ងាយ ៣១ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) និងគោចរជុំវិញផ្កាយ GJ 367 ដែលមានទំហំស្មើពាក់កណ្តាល នៃទំហំព្រះអាទិត្យយើង។ ភព GJ 367b ត្រូវបានចាត់បញ្ចូលជាភពនៅប្រព័ន្ធផ្កាយផ្សេង (exoplanet) ដែលមានទំហំតូចបំផុតមួយ ព្រោះវាធំជាងភពអង្គារយើងតែបន្តិចប៉ុណ្ណោះ។
ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានប្រើប្រាស់កែវយឺតអវកាស និងតេឡេស្កូបនៅលើដី ដើម្បីសិក្សាស្វែងយល់អំពីបុគ្គលិកលក្ខណៈ នៃភពតូចៗនៅប្រព័ន្ធផ្កាយផ្សេង ដែលមានប្រយោជន៍ដល់ការសិក្សា និងឆ្លុះបញ្ចាំងអំពីភពតូចៗ ដែលមាននៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះដែរ។
ជាការពិតណាស់ ភព GJ 367b ស្ថិតនៅកៀកផ្កាយមេរបស់វាខ្លាំង (មិនដល់ ១លានគីឡូម៉ែត្រនោះឡើយ) និងមានទំហំតូចផងដែរ ទើបបានជាវាគោចរលឿនបែបនេះ ហើយលទ្ធភាពដែលវាអាចមានផ្ទុកជីវិត នៅក្នុងទម្រង់ណាមួយនោះ គឺប្រាកដជាមិនអាចទៅរួចនោះឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងទៀតថា នៅផ្ទៃស្រទាប់លើរបស់ GJ 367b ទំនងជាពោពេញដោយកម្អែលភ្លើង និងធាតុដែក ខណៈផ្ទៃក្នុងរបស់វា ទំនងជាមិនសូវខុសពីភពពុធ (Mercury) នោះឡើយ។
គួរបញ្ជាក់ថា អង្កត់ផ្ចិតរបស់ GJ 367b គឺខ្ទង់ ៩,០០០គីឡូម៉ែត្រ ខណៈភពផែនដីយើងមានអង្កត់ផ្ចិត ១២,៧០០គីឡូម៉ែត្រ និងភពអង្គារវិញគឺ ៦,៨០០គីឡូម៉េត្រ។ ម៉ាសរបស់ GJ 367b គឺស្មើនឹង ៥៥% នៃម៉ាសរបស់ភពផែនដី ហើយដង់ស៊ីតេវាក៏ខ្ពស់ជាងភពយើងផងដែរ ព្រោះវាជិតស្មើនឹងដែកសុទ្ធទៅហើយ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Reuters (ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១)