(អង់តាកទិក)៖ កាលពីពេលរសៀលថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ បាតុភូតសូរ្យគ្រាស «ពេញលេញ ឬ total solar eclipse» តែមួយគត់ប្រចាំឆ្នាំនេះតែម្តង បានកើតមានឡើងពីលើទ្វីបទឹកកកយក្ស អង់តាកទិច (Antarctica) ស្ថិតជុំវិញប៉ូលខាងត្បូងភពផែនដី ហើយវាត្រូវបានក្រុមអ្នកតាមដានអះអាងថា «អស្ចារ្យខ្លាំងជាទីបំផុត»។ ទស្សនាវីដេអូនៅពេលសូរ្យគ្រាសរំកិលទៅចំណុច «ពេញលេញ» ដូចខាងក្រោមនេះ៖
បើតាមអង្គការអវកាសអាមេរិក NASA ដែលជាអ្នកតាមដាន និង Live ផ្ទាល់នូវបាតុភូតខាងលើនេះបានឲ្យដឹងថា សូរ្យគ្រាសដោយផ្នែក (partial) បានចាប់ផ្តើមកាលពីវេលាម៉ោង ២រសៀលថ្ងៃសៅរ៍នេះ ហើយវាបានរំកិលក្លាយជា សូរ្យគ្រាសពេញលេញ (total) នៅវេលាម៉ោង ២៖៤៤នាទីរសៀល ដោយអូសបន្លាយក្នុងរយៈពេលតែជាង ២នាទីប៉ុណ្ណោះ (សម្រាប់ភាពពេញលេញ)។
គួរបញ្ជាក់ថា ទិដ្ឋភាពនៃសូរ្យគ្រាសទាំងមូល ត្រូវបានផ្តិតយកដោយ អ្នកវិទ្យាសាស្ត្រពីររូបរបស់អង្គការ NASA គឺលោក Theo Boris និងលោក Christian Lockwood ដែលប្រចាំការនៅមន្ទីរពិសោធន៍ JM Pasachoff របស់ NASA ស្ថិតនៅតំបន់ Union Glacier នៃទ្វីបទឹកកកយក្សអង់តាកទិក៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/Space.com (ថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១)