(តិចសាស់)៖ កាឡាក់ស៊ីរណប (satellite galaxy) តូចមួយ ដែលស្ថិតនៅក្បែរកាឡាក់ស៊ី Milky Way របស់យើង ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថា មានលាក់ប្រហោងខ្មៅដ៏ធំមួយ (giant black hole) ស្ថិតនៅចំកណ្តាលវាតែម្តង ដែល black hole នោះមានទំហំប្រហាក់ប្រហែលទៅនឹង ប្រហោងខ្មៅមហាយក្ស ដែលនៅចំកាឡាក់ស៊ី Milky Way យើងនេះដែរ ហើយប្រការនេះបាននិងកំពុងធ្វើឲ្យ ក្រុមអ្នកវិទ្យាសាស្ត្រងឿងឆ្ងល់ជាខ្លាំង។
កាឡាក់ស៊ីរណបដែលមានបង្កប់ black hole យក្សខាងលើនេះមានឈ្មោះថា «Leo I» ស្ថិតនៅចម្ងាយ ៨២០,០០០ឆ្នាំពន្លឺពីភពផែនដី។ វាត្រូវបានចាត់ទុកជាកាឡាក់ស៊ីរណប ព្រោះតែវាមានទំហំតូចខ្លាំង (មុខកាត់តែ ២,០០០ឆ្នាំពន្លឺប៉ុណ្ណោះ) និងស្ថិតក្បែរដោយរងឥទ្ធិពលពី Milky Way ហើយម៉ាសរបស់ Leo I ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រគណនាថា អាចស្មើនឹងម៉ាសព្រះអាទិត្យយើងចាប់ពី ១៥-៣០លានដង។ សម្រាប់ការឡាក់ស៊ី Milky Way យើងវិញ គឺមានម៉ាសស្មើនឹងម៉ាសព្រះអាទិត្យ ១.៥ទ្រីលានដង និងមានប្រវែងអង្កត់ផ្ចិតជាង ១០០,០០០ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។
អ្វីដែលកំពុងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ងឿងឆ្ងល់ខ្លាំងបំផុត នៅក្នុងលទ្ធផលសិក្សាថ្មីនោះគឺ black hole ដែលស្ថិតនៅជាបេះដូងរបស់់កាឡាក់ស៊ីរណប Leo I មានទំហំស្ទើរតែប៉ុនទៅនឹង Super Massive Black Hole ដែលជាបេះដូងរបស់កាឡាក់ស៊ី Milky Way យើងនេះទៅហើយ។ លទ្ធផលសិក្សាថ្មីនេះ កំពុងប្រឆាំងទៅនឹងគំនិតយល់ឃើញកន្លងមក របស់ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិដែលថា ប្រហោងខ្មៅយក្សទាំងឡាយបានរីកធំធាត់ ដោយសារតែការរួមបញ្ចូលគ្នានៃកាឡាក់ស៊ីនានា ហើយទំហំរបស់ប្រហោងខ្មៅទាំងនោះ ក៏ត្រូវតែសមាមាត្រទៅនឹងទំហំនៃកាឡាក់ស៊ី ដែលពួកវាកំពុងជ្រកកោនផងដែរ។
ជុំវិញលទ្ធផលសិក្សាថ្មីខាងលើនេះ តារាវិទូ María José Bustamante មកពីសាកលវិទ្យាល័យ Austin នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានលើកឡើងថា «មិនទាន់មានការពន្យល់ណាមួយ ចំពោះប្រហោងខ្មៅប្រភេទនេះ ដែលស្ថិតនៅក្នុងកាឡាក់ស៊ីរណបរាងស្វ៊ែរដូចជា Leo I នោះឡើយ»។ របកគំហើញថ្មីនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រចាត់ទុកថា «ជាភាពចៃដន្យមួយ» បានមកពីបេសកកម្មតាមដាន រូបធាតុងងឹត (dark matter) ទៅលើកាឡាក់ស៊ីរណប Leo I ដោយប្រើប្រាស់តេឡេស្កូប Harlan មានមុខកាត់ ២.៧ម៉ែត្រ ស្ថិតនៅក្នុងមន្ទីរពិសោធន៍ McDonald នៃសាកលវិទ្យាល័យរដ្ឋតិចសាស់។
ក្រោយការអង្កេតទៅលើកាឡាក់ស៊ី Leo I ក្រុមអ្នកវិទ្យាសាស្ត្រមិនបានរកឃើញ dark matter អ្វីនោះឡើយ ប៉ុន្តែបែរជាបានរកឃើញ «ប្រហោងខ្មៅធំមួយ» ដែលត្រូវបានគេដឹងថា តូចជាងប្រហោងខ្មៅមហាយក្ស Sagittarius A* នៅកណ្តាល Milky Way យើងនេះតែ ២៥% ប៉ុណ្ណោះ។ តារាវិទូមួយរូបទៀតឈ្មោះ Karl Gebhardt មកពីសាកលវិទ្យាល័យដដែលបានលើកឡើងថា «ពេលនេះអ្នកមានកាឡាក់ស៊ីតូចមួយ ដែលកំពុងរំកិលចូលមកកាន់កាឡាក់ស៊ី Milky Way ហើយប្រហោងខ្មៅក្នុងកាឡាក់ស៊ីតូចនោះ គឺមានទំហំប្រហាក់ប្រហែលនឹង ប្រហោងខ្មៅមហាយក្សរបស់ Milky Way ដែរ…។ សមាមាត្រនៃម៉ាសនេះ គឺពិតជាធំសម្បើមណាស់»។ ការសិក្សាអំពីបាតុភូតថ្មីប្លែកនេះ កំពុងតែបន្តទៅមុខទៀត៕
ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ The Astrophysical Journal/Space.com (ថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១)