ត្រៀមថតរូបល្ងាចនេះ! ព្រះខែមួយចំណិតនឹងត្រូវអមដោយ ភពសុក្រ (Venus) នៅលើផ្ទៃមេឃទិសខាងលិច ឆៀងខាងត្បូងបន្តិច

(ភ្នំពេញ)៖ មិនទាន់ហួសពេលឡើយ, នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ នេះ អ្នកស្រឡាញ់វិស័យវិទ្យាសាស្ត្រ និងអវកាសនៅប្រទេសកម្ពុជា អាចទស្សនាបាននូវទិដ្ឋភាពដ៏ស្រស់ស្អាត នោះគឺការបង្ហាញខ្លួននៃព្រះចន្ទមួយចំណិត (Crescent) អមដោយភពមួយចំនួនក្នុងប្រព័ន្ធព្រះអាទិត្យយើង ដោយក្នុងនោះភពសុក្រ (Venus) នឹងបញ្ចេញពន្លឺខ្លាំងជាងភពផ្សេងៗដូចធម្មតា ប៉ុន្តែវាក៏នឹងមិនអាចយកឈ្នះ លើពន្លឺព្រះខែមួយចំណិតបានឡើយ។

រូបថតនៅម៉ោង ៦៖០០នាទីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ (Credit: Cambo Space)

សម្រាប់ពេលវេលាដែលអាចឲ្យលោកអ្នក ងាយទស្សនាទិដ្ឋភាពខាងលើ បានយ៉ាងពេញភ្នែកនោះ គឺចាប់ពីវេលាម៉ោង ៦៖០០នាទី ដល់ម៉ោង ៧៖៣០នាទីល្ងាច ថ្ងៃអង្គារនេះ (កំលុងម៉ោងនេះ ប្រសិនបើមេឃស្រឡះល្អ នោះនឹងងាយទស្សនាឃើញច្បាស់) ដោយយើងផ្តោតសំខាន់ទៅលើវត្តមាននៃ «ភពសុក្រ» និង «ព្រះខែមួយចំណិត» នៅលើផ្ទៃមេឃលើតំបន់ភាគខាងលិច ឆៀងទៅខាងត្បូងតែបន្តិចប៉ុណ្ណោះ។

សម្រាប់ភពព្រហស្បតិ៍ និងសៅរ៍ ក៏នឹងនៅតែបង្ហាញខ្លួន នៅល្ងាចថ្ងៃអង្គារនេះដដែល ប៉ុន្តែពន្លឺរបស់ពួកវា នឹងមិនភ្លឺខ្លាំងដូចព្រះចន្ទមួយចំណិត និងភពសុក្រនោះឡើយ។ សម្រាប់បងប្អូន ដែលបានផ្តិតយកទិដ្ឋភាពខាងលើនេះ គឺអាចចែករំលែកដោយសេរី នៅក្នុងក្រុម (Group) «Cambo Space អវកាស និង វិទ្យាសាស្ត្រ» ដោយ Admin នឹងធ្វើការ Approve ឲ្យបានទាន់ពេលវេលា ដើម្បីឲ្យគ្រប់គ្នាបានទស្សនាកម្សាន្ត៕

រៀបរៀងដោយ៖ Cambo Space
ប្រភព៖ Time and Date (ថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១)

Comments (0)
Add Comment