ទិដ្ឋភាពផ្កាយមួយកំពុងចាប់កំណើត និងជះកំសួលថាមពលដ៏អស្ចារ្យ ត្រូវបានផ្តិតដោយ Hubble របស់ NASA (មានវីដេអូ)

(បរទេស)៖ អង្គការអវកាសអាមេរិក NASA ទើបតែបានបញ្ចេញរូបភាពដ៏អស្ចារ្យមួយ នៃការជះកំសួលថាមពល (ពោពេញដោយឧស្ម័ន និងកម្ទេចធូលីអវកាសដ៏ក្តៅគគុក) នៅជុំវិញផ្កាយកំពុងចាប់កំណើតមួយ ដែលត្រូវបានក្រុមតារាវិទូដាក់ឈ្មោះសម្គាល់ឲ្យថា Parengo 2042 ដែលស្ថិតនៅក្នុងបណ្តុំពពកនីបូឡា (nebula) ដ៏ធំមហាសាលមួយឈ្មោះ NGC 1977 ដែលមានចម្ងាយខ្ទង់ ១,៥០០ឆ្នាំពន្លឺពីភពផែនដី។

តារាកូនក្មេង Parengo 2042 កំពុងបង្ហាញចេញនូវ កំសួលថាមពល (jet) ដែលបាចសាចចេញពីខ្លួនវា និងលាតសន្ធឹងក្នុងប្រវែងយ៉ាងហោចណាស់ ២ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ ទោះបីជាមានវិសាលភាពធំធេងបែបនេះក្តី ក៏វត្ថុធាតុអវកាសដ៏ភ្លឺចែងចាំងទាំងអស់នៃ Jet នោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA អះអាងថា នៅតែទទួលរងឥទ្ធិពលពីចំណុចកណ្តាលរបស់វា នោះគឺផ្កាយ Parengo 2042 ដែលកំពុងចាប់កំណើត ដោយគេចមិនរួច។

បើតាម NASA កំសួលថាមពលនៅជុំវិញតារាក្មេង Parengo 2042 បានបញ្ចេញនូវអ៊ីយ៉ុង ហើយនៅពេលអ៊ីយ៉ុងទាំងនោះ ប៉ះជាមួយធាតុវិទ្យុសកម្មនៃផ្កាយ 42 Orionis ដែលស្ថិតនៅជិតគ្នា និងផ្កាយផ្សេងទៀតនៅក្នុងបណ្តុំពពកនីបូឡា NGC 1977 ដ៏មហាសាល វាក៏បញ្ចេញពន្លឺយ៉ាងចែងចាំងតែម្តង។ ប្រការនេះពិតជាបានផ្តល់ប្រយោជន៍ ដល់ការតាមដានពីសំណាក់ក្រុមតារាវិទូ ដោយពួកគេបានប្រើប្រាស់តេឡេស្កូបអវកាស Hubble ដើម្បីផ្តិតយកទិដ្ឋភាពទាំងមូល។

គួរបញ្ជាក់ថា តារាក្មេងៗកំពុងចាប់កំណើតផ្សេងទៀត ក៏មិនខុសពី Parengo 2042 ខាងលើនេះដែរ ព្រោះវាតែងតែលាក់ខ្លួននៅក្នុងបណ្តុំនៃពពកធូលី និងឧស្ម័នដ៏ក្តៅគគុក ប៉ុន្តែការបញ្ចេញនូវកំសួលថាមពល (Jet) គឺជាសញ្ញាទាក់ទាញឲ្យក្រុមអ្នកវិទ្យាសាស្ត្រដឹងថា នៅតំបន់ណាមួយនោះ មានផ្កាយកំពុងចាប់កំណើតដ៏សកម្ម។ សម្រាប់បន្ទះឌីសធូលីនៅជុំវិញផ្កាយក្មេង Parengo 2042 ក៏នឹងផ្តល់ឱកាសឲ្យភពនានាចាប់កំណើតផងដែរ នៅរយៈពេលរាប់លានឆ្នាំទៅមុខទៀត៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១)

Comments (0)
Add Comment