អាចជាលើកដំបូង! តារាវិទូកំពុងអង្កេតផ្កាយមួយ ដែលជះចេញនូវអណ្តាតភ្លើង ខ្លាំងជាងព្រះអាទិត្យ «១០ដង»!

(អាមេរិក)៖ នេះអាចជាលើកដំបូងសម្រាប់ក្រុមតារាវិទូ នៅក្នុងការអង្កេតឃើញ តារាមួយដួងស្រដៀងនឹងព្រះអាទិត្យយើង ដែលបានជះចេញនូវអណ្តាតភ្លើង (outburst) ខ្លាំងជាងអ្វីដែលធ្លាប់កើតមានលើព្រះអាទិត្យយើង រហូតដល់ទៅ ១០ដងឯណោះ។ លទ្ធផលសិក្សាថ្មីនេះ ទំនងជាការឆ្លុះបញ្ចាំងដ៏ធំមួយ ចំពោះប្រព័ន្ធព្រះអាទិត្យយើងផ្ទាល់ ព្រោះការផ្ទុះជះចេញនូវអណ្តាតភ្លើងដ៏ខ្លាំងមហិមា ដូចតារាខាងលើនេះ ក៏ធ្លាប់កើតមានឡើងនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងដែរ នៅពេលជីវិតលើផែនដីទើបកកើតឡើងដំបូងៗ ហើយនៅថ្ងៃណាមួយ វាក៏អាចកើតមានឡើងបែបនេះផងដែរ…។

សម្រាប់ព្រះអាទិត្យយើងវិញ ជារឿយៗតែងតែជះចេញនូវអណ្តាតភ្លើងពីស្រទាប់លើ «កូរ៉ូណា» ឬដែលយើងហៅជាភាសាអង់គ្លេសថា coronal mass ejections ដែលមានថាមពលស្មើនឹង គ្រាប់បែកអ៊ីដ្រូសែនរាប់លានគ្រាប់ ផ្ទុះឡើងដំណាលគ្នាលើផែនដី។ ភាគល្អិតនៃផ្លាស្មាដ៏ក្តៅគគុក និងគ្រោះថ្នាក់ដល់ជីវិត ត្រូវបានជះចេញពីព្រះអាទិត្យទៅក្នុងទីអវកាស នៅក្នុងល្បឿនរាប់លានគីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ។

កុំមើលងាយ coronal mass ejections ឲ្យសោះ ព្រោះផ្កាយរណបល្មមៗនៅទីអវកាស អាចនឹងត្រូវបាតុភូតពីព្រះអាទិត្យមួយនេះបំផ្លាញ ខណៈនៅលើផ្ទៃផែនដីយើងវិញក៏មិនប្រាកដថា អាចទប់ទល់បានទាំងស្រុងនោះដែរ។ ជាក់ស្តែងកាលពីឆ្នាំ ១៩៨៩ ការជះចេញនូវអណ្តាតភ្លើងពីស្រទាប់ កូរ៉ូណា បានផ្តាច់ចរន្តអគ្គិសនីក្នុងខេត្ត Quebec របស់កាណាដាទាំងមូលតែម្តង នៅក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ខណៈរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ក៏បានរងផលប៉ះពាល់ផងដែរ។

បើតាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្ត្រ ផ្កាយពណ៌លឿងទំហំមធ្យម (yellow dwarf star) ឈ្មោះ EK Draconis ដែលស្ថិតនៅចម្ងាយ ១១១ឆ្នាំពន្លឺពីផែនដី អាចជះចេញនូវអណ្តាតភ្លើង ដែលខ្លាំងជាងព្រះអាទិត្យយើងធ្លាប់បានធ្វើ រហូតដល់ទៅ ១០ដង។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញ ភស្តុតាងបន្ថែមទៀត ដើម្បីគាំទ្រការលើកឡើងអំពីឥទ្ធិពលផ្កាយ EK Draconis ឲ្យបានច្បាស់ ១០០% នៅឡើយទេ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ ភព Exoplanet ចំនួន ០២ ត្រូវបានគេដឹងថា កំពុងគោចរជុំវិញ EK Draconis ដែលជាតារាត្រូវបានក្រុមតារាវិទូអះអាងថា មានវ័យក្មេងត្រឹមតែ ៥០-១២៥លានឆ្នាំប៉ុណ្ណោះ។ វាត្រូវបានប្រៀបធៀបដូចទៅនឹងព្រះអាទិត្យយើង កាលពី ៤.៥ពាន់លានឆ្នាំមុន, នេះបើតាមការលើកឡើងរបស់តារាវិទូ Yuta Notsu មកពីសាកលវិទ្យាល័យ Boulder រដ្ឋ ខូឡូរ៉ាដូ នៃសហរដ្ឋអាមេរិក ដែលជាអ្នកដឹកនាំការសិក្សាខាងលើនេះ។

គួរបញ្ជាក់ថា ដើម្បីឲ្យការសិក្សាខាងលើនេះកាន់តែច្បាស់លាស់ និងអាចរកឃើញការជះចេញនូវអណ្តាតភ្លើងដ៏ធំមហិមា ដូចការសន្និដ្ឋាននោះ ក្រុមតារាវិទូបាននិងកំពុងប្រើប្រាស់ តេឡេស្កូបអវកាស TESS ព្រមទាំងតេឡេស្កូប Seimei និង Nayuta នៅលើទឹកដីប្រទេសជប៉ុន ដើម្បីរង់ចាំអង្កេតលើតារានោះ។ ការសិក្សាអំពី EK Draconis ពិតជាមានប្រយោជន៍ដល់ការសិក្សាអំពីព្រះអាទិត្យយើង ព្រោះក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា ព្រះអាទិត្យយើងនេះធ្លាប់វាយប្រហារភពផែនដី ដោយអណ្តាតភ្លើងដ៏ធំមហិមា យ៉ាងហោចណាស់ ៣-៤ដងរួចទៅហើយ ក្នុងអំលុងពេល ១០,០០០ឆ្នាំចុងក្រោយនេះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១)

Comments (0)
Add Comment