(អឺរ៉ុប)៖ ការស្រាវជ្រាវដោយប្រើប្រាស់ផ្កាយរណប TGO (Trace Gas Orbiter) ដែលជាផ្នែកមួយនៃបេសកកម្មស្រាវជ្រាវភពអង្គាររួមគ្នា «ExoMars» រវាងអឺរ៉ុប និងរុស្ស៊ី បានបង្ហាញឲ្យឃើញក្នុងដំណាក់កាលបឋមថា នៅក្រោមបាតនៃតំបន់ភាគកណ្តាលជ្រលង Valles Marineris នៃភពអង្គារ (Mars) មានផ្ទុក «ទឹកកក» ហើយក៏ទំនងជាស្ថិតក្នុងចំនួន ច្រើនជាងការគិតពីមុនមកផងដែរ។
នៅលើផ្កាយរណប TGO មានបំពាក់នូវឧបករណ៍ម្យ៉ាងហៅកាត់ថា FREND ដែលមានតួនាទីចាប់យកសញ្ញានៃសារធាតុ នឺត្រុង អេពីសឺម៉ល (Epithermal Neutron)។ FREND អាចអង្កេតរកឧស្ម័នអ៊ីដ្រូសែន (hydrogen) ដែលជាធាតុផ្សំសំខាន់បំផុត ១ ក្នុងចំណោម ២ របស់ទឹក។ តាមការវិភាគលើទិន្នន័យថ្មីៗ បានមកពីឧបករណ៍ FREND ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញ ម៉ូលេគុលអ៊ីដ្រូសែន ក្នុងកម្រិតខ្ពស់នៅតំបន់មួយឈ្មោះ Candor Chaos ដែលស្ថិតនៅក្បែរចំណុចកណ្តាល នៃបាតជ្រលង Valles Marineris ដ៏ល្បីល្បាញរបស់ភពអង្គារ។
អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូប គឺលោក Alexey Malakhov មកពីវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនៃប្រទេសរុស្ស៊ី បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍រួម ចេញដោយអង្គការអវកាសអឺរ៉ុប ESA ថា «យើងបានរកឃើញផ្នែកមួយ នៃតំបន់កណ្តាលជ្រលង Valles Marineris ពោរពេញទៅដោយទឹក (កំពុងកក)… វាមានចំនួនច្រើនជាងអ្វីដែលយើងបានរំពឹងទុក…។ វាមិនខុសពីតំបន់ទឹកកកក្រោមដី មួយចំនួននៅលើផែនដីយើងនេះឡើយ ដោយទឹកបានកកជាប់ក្នុងដីទាំងនោះ ជាអចិន្ត្រៃយ៍តែម្តង ព្រោះតែអាកាសធាតុត្រជាក់ខ្លាំង»។
គួរបញ្ជាក់ថា ជ្រលង Valles Marineris ត្រូវបានប្រៀបប្រដូចទៅនឹង Grand Canyon នៃភពអង្គារ ប៉ុន្តែវាមានទំហំធំ និងវែងជាង។ Valles Marineris ជាជ្រលង ឬស្នាមប្រេះនៃសំបកភព ដែលធំជាងទីណាៗទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ ជាមួយនឹងបណ្តោយប្រវែង ៤,០០០គីឡូម៉ែត្រ, ទទឹងនៅចំណុចវែងបំផុត ២០០គីឡូម៉ែត្រ និងជម្រៅរហូតដល់ ៧គីឡូម៉ែត្រ ហើយវាលាតសន្ធឹងលើមួយផ្នែកធំ នៃតំបន់អេក្វាទ័រភពអង្គារ។
តាមរយៈការសិក្សាកន្លងមក ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានរកឃើញវត្តមានទឹក ក្នុងចំនួនតិចតួចប៉ុណ្ណោះនៅតំបន់អេក្វាទ័រភពអង្គារ ខុសពីតំបន់ប៉ូលទាំងពីរ។ យ៉ាងណាក៏ដោយ ការរកឃើញទឹកក្នុងវត្តមានច្រើន ដែលអាចមានវត្តមាននៅក្នុង ដីតំបន់អេក្វាទ័រ គឺជាការបើកទំព័រថ្មីនៃការស្រាវជ្រាវផ្ទៃស្រទាប់លើភពអង្គារ នៅត្រង់តំបន់នោះតែម្តង។ សម្រាប់ផ្កាយរណប TGO គឺអាចឆ្លុះឃើញទៅដល់ជម្រៅមួយម៉ែត្រ នៅក្នុងដីភពអង្គារបាន ហើយវានឹងបន្តអង្កេត និងប្រមូលយកទិន្នន័យថ្មីៗបន្ថែមទៀត៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១)