យាន Perseverance របស់ NASA រកឃើញ «សារធាតុគីមីសរីរាង្គ» លើភពអង្គារ! ប៉ុន្តែចម្លើយពិតប្រាកដ គឺត្រូវរង់ចាំយូរទៀត…

(វ៉ាស៉ីនតោន)៖ យានរ៉ូបូត Perseverance របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលកំពុងបំពេញបេសកកម្មស្រាវជ្រាវ-រុករក នៅលើភពអង្គារ (Mars) បានប្រទះឃើញសមាសធាតុសរីរាង្គមានផ្ទុកនូវធាតុកាបូន (organic chemicals) ដែលជាធាតុគន្លឹះសំខាន់បំផុត នៃទម្រង់ជីវិតដែលយើងស្គាល់។

នាពេលថ្មីៗនេះ អង្គការ NASA បានប្រកាសឲ្យដឹងថា យាន Perseverance បានរកឃើញសមាសធាតុសរីរាង្គខាងលើ នៅក្នុងដុំថ្មមួយចំនួន ដែលវាបានពិនិត្យមើលនៅលើដី នៃតំបន់រណ្តៅ Jezero របស់ភពអង្គារ។ NASA បានបញ្ជាក់ថា វាមិនមែនជាការប្រទះឃើញភស្តុតាងនៃទម្រង់ជីវិតតែម្តង នៅលើភពអង្គារនោះឡើយ។ សមាសធាតុសរីរាង្គ អាចត្រូវផលិតឡើងដោយភាវៈមានជីវិត ឬគ្មានជីវិត ហើយអ្នកវិទ្យាសាស្រ្តត្រូវធ្វើការច្រើនថែមទៀត មុនពេលអាចកំណត់ថា តើសមាសធាតុសរីរាង្គនៅតំបន់រណ្តៅ Jezero កើតឡើងដោយដំណើរការមួយណា។

គួរបញ្ជាក់ថា យានរ៉ូបូត Perseverance បានចុះទៅដល់លើផ្ទៃភពអង្គារ កាលពីខែកុម្ភៈ ឆ្នាំ២០២០។ តំបន់រណ្តៅ Jezero ដែលវាកំពុងតែស្រាវជ្រាវត្រូវគេជឿថា ធ្លាប់ជាកន្លែងមាននូវផ្ទុកបឹងធំមួយ កាលពីយូរណាស់មកហើយ។ យាន Perseverance មានគោលដៅបេសកកម្មចំនួន២៖ ទី១ គឺស្វែងរកភស្តុតាងនៃទម្រង់ជីវិតកាលពីអតីតកាល នៅលើភពអង្គារ និងទី២ គឺប្រមូលគំរូតាងសម្រាប់នាំយកមកកាន់ភពរបស់យើង ដើម្បីសិក្សាលម្អិត។

គំរូតាងដែល Perseverance កំពុងប្រមូលទុក នឹងត្រូវដឹកមកកាន់ផែនដី តាមរយៈបេសកកម្មរួមគ្នារវាង NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដែលអាចកើតឡើង បើឆាប់បំផុតគឺនៅ ឆ្នាំ២០៣១។ ដូច្នេះមានន័យថា យើងត្រូវរង់ចាំដល់គំរូតាងពីភពអង្គារ អាចត្រូវយកត្រឡប់មកដល់ផែនដីសិន ដើម្បីធ្វើការវិភាគឲ្យដឹងថា តើសមាសធាតុសរីរាង្គ (organic chemicals) ខាងលើនេះ ត្រូវបានផលិតឡើងដោយភាវៈមានជីវិត ឬគ្មានជីវិត៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១)

Comments (0)
Add Comment