(ហ្គាយ៉ាណា)៖ កែវយឺតអវកាស ចេមស៍ វែប (James Webb) របស់អង្គការ NASA នឹងត្រូវបាញ់បង្ហោះចេញពីមូលដ្ឋានបាញ់បង្ហោះគ្រាប់រ៉ុក្កែតរបស់អឺរ៉ុប ស្ថិតនៅតំបន់ Kourou នៃដែនដីបារាំង ហ្គាយ៉ាណា (French Guiana) ស្ថិតនៅភាគឦសាននៃទ្វីបអាមេរិកខាងត្បូង នៅវេលាម៉ោង ៧៖២០នាទីព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ (ត្រូវនឹងយប់ថ្ងៃដដែល ពេលវេលានៅប្រទេសកម្ពុជា)។
អង្គការ NASA ទើបតែបានបញ្ជាក់នៅថ្ងៃសៅរ៍ ទី១៨ ខែធ្នូ សប្តាហ៍នេះថា James Webb ត្រូវបានតម្រៀបដាក់ក្នុងក្បាលគ្រាប់រ៉ុក្កែត Ariane 5 របស់ក្រុមហ៊ុនអវកាសអឺរ៉ុប Arianespace រួចរាល់ជាស្ថាពរហើយ ដោយរង់ចាំតែពេលកំណត់ត្រូវបញ្ឆេះគ្រាប់រ៉ុក្កែត ដើម្បីរុញច្រានវាឡើងទៅកាន់ទីអវកាសប៉ុណ្ណោះ។
បន្ទាប់ពីការហោះចេញពីផែនដី James Webb ត្រូវការរយៈពេលសរុប ២៩ថ្ងៃទៀត ដើម្បីចល័តទៅកាន់គន្លងគោចររបស់វា ដែលមានរយៈចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដី ឬយើងហៅថាគន្លងគោចរ L2។
គួរបញ្ជាក់ថា កែវយឺតអវកាសដែលត្រូវបានស្រាវជ្រាវ និងផលិតឡើងខាងលើនេះ ត្រូវបានចំណាយថវិកាច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃការផលិតកែវយឺតអវកាស នោះគឺរហូតដល់ ៩.៨ពាន់លានដុល្លារអាមេរិកឯណោះ។ James Webb តាមពិតទៅ គឺត្រូវបានគ្រោងបាញ់បង្ហោះ តាំងតែពីឆ្នាំ២០០៧ មកម្ល៉េះ ប៉ុន្តែវាត្រូវបានពន្យារពេលជាបន្តបន្ទាប់ និងបន្ថែមមុខងារសំខាន់ៗ ពីមួយដំណាក់កាលទៅមួយដំណាក់កាល។
ខាងក្រោមនេះ គឺជាខ្សែវីដេអូបង្ហាញអំពីសមត្ថភាពរបស់ James Webb ដែល Cambo Space បានរៀបរៀងឡើង តាំងតែពីមុនពេល James Webb ត្រូវបានក្រុមជំនាញ NASA ពន្យារពេលបាញ់បង្ហោះពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១៖
ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/Space.com (ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១)