(វ៉ាស៊ីតោន)៖ ខណៈសំនួរជាច្រើនត្រូវបានចោទសួរ ទៅកាន់អង្គការអវកាសអាមេរិក NASA ដែលជាអ្នកគ្រប់គ្រងចម្បងលើ ស្ថានីយអវកាសអន្តរជាតិ (ISS) អំពីអនាគតនៃសំណង់អវកាសដ៏ធំមហិមានេះ, NASA ទើបប្រកាសចេញជាផ្លូវការថា នៅក្រោយបេសកកម្មអូសបន្លាយ ត្រូវបានបិទបញ្ចប់ជាផ្លូវការនោះ តួយាន ISS ទាំងមូល នឹងត្រូវទម្លាក់ចូលក្នុងសមុទ្រនៅក្នុងខែមករា ឆ្នាំ២០៣១។
ចាំបានអត្ថបទ និងវីដេអូដែល Cambo Space បានធ្វើកាលពីប៉ុន្មានឆ្នាំមុនទេ? ស្ថានីយអវកាស ISS ក៏មិនខុសគ្នាដែរ ដោយក្រោយបញ្ចប់បេសកកម្មជាផ្លូវការ វានឹងត្រូវទម្លាក់ទៅក្នុងសមុទ្រ នៅចម្ងាយ ២,៧០០គីឡូម៉ែត្រពីតំបន់ Point Nemo (ដូចមានបញ្ជាក់ក្នុងផែនទីខាងក្រោម) ដែលជាទីលានកប់សាកសាពរបស់ ផ្កាយរណបជាច្រើន ក្នុងនោះមានទាំងស្ថានីយអវកាសរុស្ស៊ី Mir ផងដែរ ស្ថិតនៅភាគអាគ្នេយ៍នៃមហាសាគរប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីឆ្នាំ២០២១ បានសម្រេចអូសបន្លាយពេលធ្វើប្រតិបត្តិការ ស្ថានីយអវកាសអន្តរជាតិ (ISS) រហូតដល់ឆ្នាំ ២០៣០ ដែលនឹងមានរយៈពេល ៣២ឆ្នាំ ក្រោយការចាប់ផ្តើមផ្គុំរូបរាង ISS នេះចេញជាលើកដំបូងនៅឆ្នាំ១៩៩៨។
នៅក្នុងសប្តាហ៍នេះ អង្គការ NASA ក៏បានប្រកាសអំពីគម្រោងបង្កើត មន្ទីរស្រាវជ្រាវអវកាសថ្មីមួយទៀត ដើម្បីជំនួស ISS ផងដែរ ដោយក្នុងនោះ NASA បានចុះហត្ថលេខាជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យា-អវកាសឯកជនចំនួន ៣ ដូចជា Blue Origin, Nanoracks LLC និង Northrop Grumman។ ស្ថានីយអវកាសថ្មី ដែលនឹងត្រូវប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកនេះ នឹងត្រូវបាញ់បង្ហោះនៅចុងទសវត្សរ៍ ២០២០ មុន ISS ត្រូវទម្លាក់ចូលក្នុងសមុទ្រ ដូចកាលបរិច្ឆេទដែលត្រូវបានកំណត់៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Live Science (ថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២)