ជាលើកដំបូង! ក្រុមតារាវិទូរកឃើញ «ប្រហោងខ្មៅតែលតោល» ក្រោមជំនួយពី Hubble របស់ NASA (មានវីដេអូ)

(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិបានអះអាងថា ការសិក្សាកន្លងមកនេះ បាននាំឲ្យពួកគេរកឃើញ «ប្រហោងខ្មៅតែលតោល ឬទោល» (Rogue ឬ isolated Black Hole) មួយជាលើកដំបូង ដោយវាស្ថិតក្នុងទំហំ stellar-mass (ធំជាងព្រះអាទិត្យយើងចាប់ពី ៥ដង ដល់ ១០ដងឡើងទៅ)។

ការសិក្សាកន្លងមកនេះបានបង្ហាញថា ដួងតារានានាដែលមានម៉ាសធំជាង ព្រះអាទិត្យយើងចាប់ពី ៣ដង ឬ ២០ដងឡើងទៅ នៅពេលពួកវាផុតរលត់អាយុជីវិត តាមរយៈបន្ទុះស៊ូពើណូវ៉ា (supernova) នោះ ស្នូលដ៏តានតឹង និងក្តៅគគុករបស់ពួកវាអាចនឹងដួលរលំ (collapse) ហើយក្លាយទៅជាប្រហោងខ្មៅ (black hole)។

អ្នកដឹកនាំការសិក្សាខាងលើ គឺតារាវិទូ Kailash Sahu មកពីវិទ្យាស្ថានវិទ្យាសាស្ត្រតេឡេស្កូបអវកាស នៃទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិកបានលើកឡើងថា បើគិតជាភាគរយនៅក្នុងកាឡាក់ស៊ី Milky Way របស់យើងនេះ តារា ១ ក្នុងចំណោម ១,០០០ សុទ្ធតែជាប្រហោងខ្មៅ, ហេតុដូច្នេះក្រុមតារាវិទូបានគណនាថា យ៉ាងហោចណាស់ក្នុងកាឡាក់ស៊ីយើង មានប្រហោងខ្មៅលំដាប់ stellar-mass រហូតដល់ទៅ ១០០លានឯណោះ។

បើតាមតារាវិទូ Sahu រហូតមកទល់នឹងពេលឥឡូវនេះ ប្រហោងខ្មៅនានានៅក្នុង Milky Way ដែលត្រូវបានរកឃើញ គឺសុទ្ធតែស្ថិតនៅជាប្រព័ន្ធ (binary systems) តាមរយៈការផ្សាភ្ជាប់ថាមពលរបស់វា ជាមួយនឹងតារាណឺត្រុង (neutron stars) ជាដើម។ យ៉ាងណាក៏ដោយ តារាវិទូ Sahu បានគិតថា ប្រហោងខ្មៅលំដាប់ stellar-mass នានា គួរតែស្ថិតនៅតែឯងៗ។

ទោះជាបែបនេះក្តី កន្លងមកនេះពុំដែលមានតារាវិទូណា រកឃើញប្រហោងខ្មៅតែលតោលតែឯង ឬ «Roge Black Hole» នោះឡើយ។ ប្រហោងខ្មៅតែលតោល អាចជាប្រភេទប្រហោងខ្មៅដែលស្រូបពន្លឺជុំវិញខ្លួនវាអស់ ដូច្នេះគ្មានអ្វីមួយ ដែលអាចអង្កេតឃើញពួកវានោះឡើយ។ ដោយឡែក ប្រហោងខ្មៅប្រភេទ binary គឺទោះបីជាវាមិនបង្ហាញខ្លួនស្តែងៗមែន តែតារាណឺត្រុង និងផ្កាយដែលជាដៃគូរបស់វា ដែលស្ថិតនៅក្បែរគ្នានោះ បានបង្ហាញប្រតិកម្មមិនប្រក្រតីដូចជា ការជះចេញនូវពន្លឺ (light) និងរលកដែនម៉ាញេទិច (gravitational waves) ដូច្នេះបាតុភូតទាំងនេះអាចឲ្យយើងដឹងថា តំបន់ណាមួយនោះមានវត្តមានប្រហោងខ្មៅ។

ឥឡូវនេះ, ដោយទទួលបានជំនួយពីតេឡេស្កូបអវកាស Hubble របស់អង្គការ NASA ក្រុមអ្នកស្រាវជ្រាវរកឃើញ ប្រហោងខ្មៅលំដាប់ stellar-mass «តែលតោល» ចម្ងាយ ៥,១៥០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលាន ឬពាន់ពាន់លានគីឡូម៉ែត្រ) ស្ថិតនៅតំបន់រង្វង់់ព័ទ្ធជុំវិញចំណុចកណ្តាល នៃកាឡាក់ស៊ី Milky Way។ តារាវិទូ Sahu បានលាន់មាត់ថា «ពេលនេះយើងបានដឹងហើយថា ប្រហោងខ្មៅតែលតោលពិតជាមានមែន… និងអាចមានច្រើនទៀត នៅក្នុងកាឡាក់ស៊ីយើង»។

សម្រាប់វិធីសាស្ត្រដែលអាចឲ្យគេរកឃើញ ប្រហោងខ្មៅតែលតោលខាងលើនេះ គឺតាមរយៈការអង្កេតមើលក្នុងរយៈពេលយូរ នូវព្រឹត្តិការណ៍ «gravitational lensing events» នៅលើផ្ទៃមេឃ។ សម្រាប់ការយល់ដឹងអំពីព្រឹត្តិការណ៍ gravitational lensing events គឺនៅពេលដែលមាន ប្រហោងខ្មៅណាមួយ ចល័តឆ្លងកាត់មុខតេឡេស្កូប Hubble នោះវានឹងបិទបាំងពន្លឺផ្កាយនានា ដែលស្ថិតនៅពីក្រោយ (background) របស់វា ដែលធ្វើឲ្យតេឡេស្កូបអវកាសនេះ មិនអាចចាប់បានពន្លឺអ្វីសោះ (ងងឹត) ហេតុដូច្នេះក្រុមតារាវិទូអាចដឹងថា នោះជាប្រហោងខ្មៅ «តែលតោល» ដែលបានឆ្លងកាត់ពីមុខកែវលែនមិនខាន។

គួរបញ្ជាក់ថា ប្រហោងខ្មៅតែលតោលខាងលើនេះ ត្រូវដាក់ឈ្មោះសម្គាល់ឲ្យថា «MOA-2011-BLG-191/OGLE-2011-BLG-0462»។ វាមានម៉ាសស្មើនឹង ៧.១ដង នៃម៉ាសរបស់ព្រះអាទិត្យយើង ហើយចល័តនៅក្នុងល្បឿន ១៦២,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមតារាវិទូបានប្រើប្រាស់ពេល ២៧០ថ្ងៃ ដើម្បីអង្កេតដឹងអំពីវត្តមាន របស់ប្រហោងខ្មៅមួយនេះ ហើយវាទំនងជាបានកកើតឡើង ដោយសារតែបន្ទុះស៊ូពើណូវ៉ានៃផ្កាយមួយដួង។ នៅថ្ងៃអនាគត តេឡេស្កូបអវកាស Nancy Grace Roman និងមន្ទីរអង្កេតតារា Vera C. Rubin នៅប្រទេសឈីលី នឹងអាចជួយបន្តការស្រាវជ្រាវអំពី Rogue Black Hole នេះបន្ថែមទៀត៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Astrophysical Journal/Space.com (ថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២)

Comments (0)
Add Comment