(អាមេរិក)៖ ក្រុមការងារគ្រប់គ្រងបេសកកម្ម តេឡេស្កូបអវកាស James Webb នៃអង្គការ NASA បានបញ្ចេញរូបភាពដំបូងៗហើយ ប៉ុន្តែមិនទាន់ត្រូវបានចាត់ទុកថា ជារូបភាពផ្លូវការនោះឡើយ, ដោយអាចចាត់ទុកត្រឹមជាការតេស្ត ដំណើរការផ្តិតរូបភាពនៅជុំវិញខ្លួនតេឡេស្កូប ដែលកំពុងស្ថិតនៅគន្លងគោចរចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដីយើងនេះប៉ុណ្ណោះ។
រូបភាពដំបូងៗរបស់ James Webb គឺជាការថតលក្ខណៈ Selfie ទៅលើផ្ទាំងកញ្ចក់ពណ៌មាសទាំង ១៨ផ្ទាំងរបស់វា និងទៅលើតារាមួយដែលមានឈ្មោះថា HD 84406។ វាត្រូវបានផ្តិត ដោយប្រើប្រាស់ពេលវេលា ២៥ម៉ោង កាលពីថ្ងៃទី ០២ ខែកុម្ភៈ នៅក្នុងដំណើរការតម្រឹមផ្នែកនានា នៃកញ្ចក់អង្កេតទីអវកាសរបស់វា។
គិតត្រឹមថ្ងៃសុក្រ ទី១១ ខែកុម្ភៈ គឺមានរយៈពេល ៤៨ថ្ងៃហើយដែល James Webb បានចាកចេញពីភពផែនដី, ហើយទម្រាំដល់ពេលដែលតេឡេស្កូបអវកាសតម្លៃជិត ១០ពាន់លានដុល្លារនេះដំណើរការជាផ្លូវការនោះ គឺយើងត្រូវរង់ចាំរយៈពេល ៦ខែពេញ គិតចាប់តាំងពីពេលវាត្រូវបានបាញ់បង្ហោះ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។ បើតាមអង្គការ NASA ដំណើរការគ្រប់យ៉ាង បាននិងកំពុងប្រព្រឹត្តទៅដោយរលូន។
គួរបញ្ជាក់ថា សម្រាប់រូបភាពទី ១ គឺជារូបភាព Selfie ដែលកាមេរ៉ានៅក្នុងឧបករណ៍ NIRCam បានផ្តិតឲ្យយើងឃើញកញ្ចក់ពណ៌មាសទាំង ១៨ផ្ទាំង ដែលជានិមិត្តរូបរបស់ James Webb។ សម្រាប់រូបភាពទី ២ វិញ គឺជាផ្កាយ HD 84406 ដែលស្ថិតនៅចម្ងាយ ២៥៨.៥ឆ្នាំពន្លឺពីភពផែនដី ដែលត្រូវបានឆ្លុះដោយកញ្ចក់ពណ៌មាសទាំង ១៨ផ្ទាល់ (ដូចមានបញ្ជាក់ក្នុងរូបភាពតែ ១សន្លឹកខាងក្រោម)។
សូមបញ្ជាក់ថា ទាំងនេះត្រឹមជារូបភាពដំបូងៗ មិនទាន់ផ្លូវការប៉ុណ្ណោះ ដោយរូបភាពផ្លូវការអាចនឹងត្រូវបញ្ចេញ នៅពេល James Webb បើកដំណើរការជាផ្លូវការតែម្តង៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២)