តេឡេស្កូបថ្មីរបស់ NASA បញ្ចេញ «រូបភាពដ៏អស្ចារ្យដំបូង», សាកទាយទៅមើលតើជាអ្វី?

(អាមេរិក)៖ នៅទីបំផុតតេឡេស្កូបអវកាស ដែលមានសមត្ថភាពសិក្សា ដោយសម្លឹងមើលទៅលើពន្លឺ X-ray ហៅកាត់ថា «IXPE» ឬ «SMEX-14» ដែលត្រូវបានបាញ់បង្ហោះ និងដាក់ឲ្យដំណើរការកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នោះ បានផ្តិតយករូបភាពដ៏អស្ចារ្យជាលើកដំបូង ហើយវាពិតជា «wow! អស្ចារ្យខ្លាំងណាស់!»។

សំណល់ស៊ូពើណូវ៉ា Cassiopeia A ផ្តិតដោយ IXPE (NASA)

IXPE ឬឈ្មោះពេញហៅថា «Imaging X-ray Polarimetry Explorer» គឺជាតេឡេស្កូបអវកាសដែលត្រូវបានអភិវឌ្ឍឡើង ដើម្បីសិក្សាអំពីវត្ថុអវកាសដូចជា ប្រហោងខ្មៅ (black hole) និងតារាណឺងត្រុង (neutron star) ជាដើម តាមរយៈពន្លឺ X-ray ដើម្បីស្វែងយល់អំពីស្ថានភាពខាងក្នុង នៃបាតុភូតអវកាសទាំងអស់នោះ។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមការងារគ្រប់គ្រងបេសកកម្ម IXPE របស់អង្គការ NASA បានបញ្ចេញរូបភាពដំបូង ដែលតេឡេស្កូបអវកាសនេះផ្តិតបាន នោះគឺសំណល់ពីបន្ទុះស៊ូពើណូវ៉ា Cassiopeia A។ ដោយសារតែសមត្ថភាពពិសេស នៃការចាប់យកពន្លឺ X-ray របស់ IXPE បានធ្វើឲ្យវាផ្តិតយករូបភាពដ៏អស្ចារ្យមួយសន្លឹកដំបូងនេះ។

ការផ្ទុះនៃតារានានាដែលយើងហៅថា Supernova និងជាទីបញ្ចប់នៃជីវិតរបស់ពួកវានោះ តែងតែជះចេញនូវរលកសញ្ញាកន្ត្រាក់ (Shock Wave) ទៅកាន់ទីអវកាសនៅជុំវិញវា។ កាកសំណល់ដែលបន្សល់ទុក ក្រោយពីព្រឹត្តិការណ៍ Supernova ភាគច្រើនគឺជាបណ្តុំនៃពពកធូលី និងឧស្ម័ន ព្រមទាំងភាគល្អិតចំរុះ ដែលនៅបន្តមានវត្តមានដល់រាប់រយលានឆ្នាំ។

តាមការពិតទៅ, បើអាចសម្លឹងមើលនឹងភ្នែកទទេ ឬប្រើតេឡេស្កូបធម្មតាៗ នោះនឹងមិនអាចឲ្យយើងឃើញពន្លឺ និងពណ៌ស្រស់ស្អាត ដូចក្នុងរូបភាពដែលតេឡេស្កូប IXPE ផ្តិតបាននោះឡើយ។ ប៉ុន្តែពណ៌របស់សំណល់ supernova ដូចក្នុងរូបភាពខាងលើនេះ គឺជាពណ៌តំណាងឲ្យវិទ្យុសកម្ម X-ray (X-ray radiation) ដែលជាមាគ៌ាដ៏សំខាន់ សម្រាប់ឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការសិក្សា អំពីលក្ខណៈពិសេស និងបម្រែបម្រួលរបស់វាតទៅមុខទៀត។

សំណល់ស៊ូពើណូវ៉ា Cassiopeia A ផ្តិតដោយ Chandra (NASA)

គួរបញ្ជាក់ថា សំណល់ពីបន្ទុះស៊ូពើណូវ៉ា Cassiopeia A ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA ដឹងថា បានកើតមានឡើងកាលពីអំលុងសតវត្សរ៍ទី ១៧។ តេឡេស្កូបអវកាស Chandra របស់ NASA ក៏ធ្លាប់បានផ្តិតយករូបភាពរបស់សំណល់នៃ Supernova ខាងលើនេះផងដែរកាលពីឆ្នាំ១៩៩៩ ដោយវាស្ថិតនៅចម្ងាយជាង ១១,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២)

Comments (0)
Add Comment