(បរទេស)៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៦៦ សុនខ ២ក្បាលរបស់សហភាពសូវៀត ត្រូវបានបាញ់បញ្ជូនទៅទីអវកាស នៅក្នុងបេសកកម្មមួយ ដើម្បីបំបែកកំណត់ត្រានៃការហោះហើរក្នុងទីអវកាស បានរយៈពេលយូរបំផុត។
ជាលទ្ធផល សុនខទាំងពីរក្បាលដែលមានឈ្មោះថា Veterok និង Ugolyok ឬជាភាសាអង់គ្លេសហៅថា Light Breeze និង Coal បានចំណាយពេល ២២ថ្ងៃជិះនៅលើយានគោចរជុំវិញភពផែនដី។ កំណត់ត្រានេះ មិនអាចមាននរណាបំបែកបានឡើយ រហូតដល់បេសកកម្មរបស់មនុស្ស បានប្រព្រឹត្តទៅកាលពីឆ្នាំ ១៩៧១, ហើយក៏គ្មានសុនខណាផ្សេងទៀត ត្រូវបានបញ្ជូនឲ្យបំបែកកំណត់ត្រានេះឡើយ។
គួរបញ្ជាក់ថា ក្រោយការចុះមកដល់ភពផែនដីវិញ, ទាំង Veterok និង Ugolyok សុទ្ធតែមានសុខភាពល្អ។ ការធ្វើតេស្តហោះហើរនៅទីអវកាសរបស់ Veterok និង Ugolyok រៀបចំឡើងដោយអតីតសហភាពសូវៀត ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិថា បានត្រួសត្រាយផ្លូវយ៉ាងធំធេង សម្រាប់បេសកកម្មមនុស្សនៅទីអវកាស៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២)