(បរទេស)៖ ភ្នំភ្លើងក្រោមទឹកសមុទ្រ ដែលបានផ្ទុះនៅប្រទេសដីកោះ Tonga ស្ថិតនៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីខែមករា ឆ្នាំ២០២២នោះ បានបំបែកកំណត់ត្រាធំៗចំនួន ២ ក្នុងពេលតែមួយ នោះគឺទីមួយ៖ ការជះបណ្តុំផេះឡើងលើអាកាសបានខ្ពស់បំផុត មិនធ្លាប់មានគិតចាប់់តាំងពីផ្កាយរណប ចាប់ផ្តើមអង្កេតពីលើអាកាស និងទីពីរ៖ ជាការផ្ទុះភ្នំភ្លើងដែលបង្កឲ្យមានបាតុភូតផ្លេកបន្ទោរច្រើនបំផុត គឺប្រមាណ ៥៩០,០០០ដង នៅក្នុងរយៈពេល ៣ថ្ងៃ។
អ្នកវិទ្យាសាស្ត្រ Kristopher Bedka មកពីវិទ្យាស្ថានសិក្សាបរិយាកាស Langley នៃអង្គការ NASA បានលើកឡើងថា «ការរួមបញ្ចូលគ្នានៃកំដៅភ្នំភ្លើង និងបរិមាណនៃសំណើម ដែលឡើងកំដៅខ្លាំងពីមហាសមុទ្រ បានធ្វើឱ្យការផ្ទុះនេះ ខ្លាំងក្លាមិនធ្លាប់មានពីមុនមក។ វាប្រៀបបីដូចជាការបង្កើនឥន្ធនៈ ឲ្យដល់ព្យុះផ្គររន្ទះដែលកំពុងខ្លាំងមហិមាស្រាប់។ បណ្តុំផេះភ្នំភ្លើងជះឡើងលើអាកាស គឺមានកម្ពស់ ២.៥ដង ខ្ពស់ជាងបណ្តុំព្យុះផ្គររន្ទះ ដែលធ្លាប់ត្រូវបានអង្កេតកន្លងមក, ហើយការផ្ទុះភ្នំភ្លើង (នៅ Tonga) នេះ ក៏បង្កឲ្យមានបាតុភូតផ្លេកបន្ទោរ ក្នុងបរិមាណច្រើនបំផុតផងដែរ»។
គួរបញ្ជាក់ថា ភ្នំភ្លើង Hunga Tonga-Hunga Ha’apai ស្ថិតនៅចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រពីរដ្ឋធានី Nuku’alofa។ ការផ្ទុះភ្នំភ្លើងនេះបានកើតឡើង កាលពីថ្ងៃទី១៣ ខែមករា និងបានបង្កជារលកយក្សស៊ូណាមិ ក្នុងកម្រិតមធ្យមមួយផងដែរ។ បណ្តុំពពកផេះ និងចំហាយទឹកនៃការផ្ទុះភ្នំភ្លើងខាងលើនេះ បានជះទៅលើផ្ទៃមេឃក្នុងរយៈកម្ពស់ ៥៥គីឡូម៉ែត្រ ហើយផ្កាយរណបអន្តរជាតិ បានផ្តិតយកបាតុភូតដ៏គួរឲ្យរន្ធត់នេះ ពីទីអវកាសផងដែរ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២)