(បរទេស)៖ ការវិភាគលើរូបភាពមួយចំនួនពីផ្កាយរណប បានឲ្យដឹងនៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា យន្តហោះធំជាងគេលើលោក «Antonov-225» ឬ «AN-225» ពិតជាត្រូវបានបាញ់កម្ទេចដោយកងទ័ពរុស្ស៊ីពិតមែន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ម្សិលមិញនេះ ដែលត្រូវជាថ្ងៃទី ៤ នៃការឈ្លានពានប្រទេសអ៊ុយក្រែន។
យន្តហោះ Antonov-225 ដែលធំជាងគេលើពិភពលោក ជាមួយនឹងបណ្តោយប្រវែង ៨៨ម៉ែត្រ, ម៉ាស៊ីនចំនួន ៦ និងទម្ងន់ ២៨៥តោន ត្រូវបានកសាងនៅឆ្នាំ១៩៨៥ និងបញ្ចប់នៅចុងឆ្នាំ១៩៨៨។ ថ្វីត្បិតវាជាកម្មសិទ្ធិរបស់អ៊ុយក្រែន នៅមុនពេលត្រូវបានបាញ់កម្ទេច, តែយន្តហោះយក្សនេះ ត្រូវបានផលិតឡើងកាលពីសម័យអតីតសហភាពសូវៀត មុនការដួលរលំកាលពីខែសីហា ឆ្នាំ១៩៩១។
ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ (គិតចាប់ពីឆ្នាំ ២០០១), Antonov-225 ត្រូវបានប្រើប្រាស់ដើម្បីដឹកទំនិញធុនធ្ងន់ដូចជា ទូររថភ្លើង, ម៉ាស៊ីនរោងចក្រធំៗ និងជាពិសេសកាលពីអតីតកាល វាក៏ធ្លាប់បំពេញបេសកកម្មអវកាស ដើម្បីជួយដឹកនាំយាន space shuttle របស់អង្គការ NASA ពីផ្ទៃដីឡើងទៅកាន់ដែនអាកាសផងដែរ តាមរយៈការដាក់ភ្ជាប់យាន space shuttle ទៅនឹងខ្នងរបស់ Antonov-225 នេះតែម្តង។
Antonov-225 ដែលមានឈ្មោះថា «Mriya (ក្តីសុបិន)» ត្រូវបានចំណាយប្រាក់សាងសង់អស់ ២៥០លានដុល្លារអាមេរិកនៅគ្រានោះ (ស្នើនឹងជិត ៦០០លានដុល្លារនៅពេលបច្ចុប្បន្ន ដោយយោងលើអតិផរណា)។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Antonov ដែលមានមូលដ្ឋាននៅទីក្រុងកៀវ នៃប្រទេសអ៊ុយក្រែន មិនទាន់អាចកំណត់អំពីស្ថានភាពជាក់ស្តែងរបស់ Antonov-225 ខាងលើនេះនៅឡើយទេ ខណៈក្រុមជំនាញនៅមិនទាន់បាន ទៅពិនិត្យជាក់លាក់។ ក្រុមហ៊ុនអះអាងថា ទោះជា Antonov-225 ត្រូវបានបំផ្លាញមែន តែក្តីសុបិននេះមិនត្រូវបានបញ្ចប់ទេ, ព្រោះក្រុមហ៊ុននឹងកសាងវាឡើងវិញ ដោយនឹងចំណាយប្រាក់ជាង ៣ពាន់លានដុល្លារ និងប្រើប្រាស់រយៈពេល ៥ឆ្នាំ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២)