(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការ NASA កំពុងតែតាមដាន ព្រឹត្តិការណ៍កំណាត់គ្រាប់រ៉ុក្កែតបុកផ្ទៃព្រះចន្ទ នៅផ្នែកម្ខាងដែលមិនបែរមុខរកផែនដី ឬយើងហៅថា far side ហើយវានឹងក្លាយជាឱកាសនៃសិក្សាថ្មីមួយ ទៅលើលទ្ធផលដែលបន្សល់ទុកដោយ សំរាមអវកាសបុកផ្ទៃព្រះចន្ទថ្មីៗ។
បើតាមការគណនា, ព្រឹត្តិការណ៍ខាងលើនេះ នឹងកើតឡើងនៅវេលាម៉ោង ៧៖២៥នាទីព្រឹកថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ (ត្រូវនឹងម៉ោង ៧៖២៥នាទីល្ងាចថ្ងៃដដែល ម៉ោងនៅភ្នំពេញ)។ យ៉ាងណាក៏ដោយ, ពុំមានផ្កាយរណបណាមួយ ឬសូម្បីផ្កាយរណប LRO របស់អង្គការ NASA អាចទៅចាប់យកព្រឹត្តិការណ៍ ដែលនឹងកើតឡើងនៅពេលនោះឡើយ។
ទោះជាបែបនេះក្តី, អង្គការ NASA បានត្រៀមបញ្ជាផ្កាយរណប នៅក្រោយព្រឹត្តិការណ៍ខាងលើនេះកើតឡើង ដើម្បីផ្តិតយកទិដ្ឋភាពជារួម ព្រោះដោយសារតែស្ថិតនៅផ្នែក far side នៃព្រះចន្ទនោះ គ្មានវិធីសាស្ត្រណាមួយ អាចឲ្យយើងឃើញក្រៅពីការបញ្ជូនផ្កាយរណប ដែលកំពុងគោចរស្រាប់ជុំវិញព្រះចន្ទ ដើម្បីទៅផ្តិតយកនោះឡើយ។
បើតាមអង្គការ NASA កំណាត់រ៉ុក្កែតនឹងទៅធ្លាក់ទៅលើតំបន់ក្បែរចំណុចកណ្តាល នៃរណ្តៅអាចម៍ផ្កាយធំមួយលើផ្នែក far side របស់ព្រះចន្ទមានឈ្មោះថា Herzsprung Crater។ វានឹងក្លាយជាសំរាមអវកាសដំបូងបំផុត ដែលត្រូវធ្លាក់លើផ្ទៃព្រះចន្ទ (ដោយយើងមិនរាប់បញ្ចូលនូវ យានមួយចំនួន ដែលបានព្យាយាមចុះចតលើផ្ទៃព្រះចន្ទ តែបរាជ័យដោយការធ្លាក់នោះឡើយ)។
គួរបញ្ជាក់ថា ពីដំបូងឡើយមានការសង្ស័យថា ម្ចាស់កំណាត់រ៉ុក្កែតខាងលើនេះ គឺជាកំណាត់ផ្នែកខាងលើនៃរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ដែលបានបាញ់បញ្ជូនផ្កាយរណប DSCOVR ឲ្យរដ្ឋាភិបាលអាមេរិក ដើម្បីអង្កេតបរិយាកាសភពផែនដី ពីតំបន់ទីអវកាសឆ្ងាយៗកាលពីឆ្នាំ២០១៥។ ប៉ុន្តែក្រោយមកទៀត មានការអះអាងថា វាជាកំណាត់គ្រាប់រ៉ុក្កែតបន្សល់ទុកពី បេសកកម្ម Chang’e 5-T1 របស់ចិនកាលពីឆ្នាំ២០១៤ ទៅវិញទេ។ តែយ៉ាងណា, ចិនបានចេញមុខច្រានចោលការអះអាងនេះ។
បើតាមក្រុមអ្នកជំនាញអង្គការ NASA ការធ្លាក់នៃកំណាត់គ្រាប់រ៉ុក្កែតខាងលើនេះ នឹងមិនបង្កជារណ្តៅ (crater) អ្វីលើផ្ទៃព្រះចន្ទនោះឡើយ៕
ប្រែសម្រួល៖ Cambo Space (វឌ្ឍនៈ)
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២២)