(បរទេស)៖ រឿងរ៉ាវអាក្រក់ៗជាច្រើន បានធ្វើឲ្យមនុស្សលោកលើភពផែនដីនេះ កាន់តែមានភាពភ័យខ្លាច អំពីគ្រោះមហន្តរាយដល់វត្តមានមនុស្ស នៅពេលអនាគត។ ការកើនឡើងកម្តៅផែនដី, ជំងឺរាតត្បាតសកល និងពេលនេះ គឺសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលអាចឈានទៅរកសង្គ្រាមនុយក្លេអ៊ែរទៀតនោះ ត្រូវបានចាត់ទុកជាជំពូក នៃក្តីកង្វល់ធំធេងបំផុតរួចទៅហើយ។
ទោះជាបែបនេះក្តី ទីអវកាសទាំងមូលហាក់នៅតែបន្តការវិវឌ្ឍទៅមុនឥតឈប់ឈរ, ចក្រវាលបន្តលាតសន្ធឹង, ផ្កាយបន្តបញ្ចេញពន្លឺ, ប្រហោងខ្មៅបន្តរំកិល និងផែនដី នៅតែបន្តគោចរជុំវិញព្រះអាទិត្យ ដោយមិនរងផលប៉ះពាល់អ្វីសូម្បីតែបន្តិច ពីសំណាក់ជំពូកមនុស្សមួយក្តាប់នោះឡើយ។
ខាងក្រោមនេះ គឺជាជម្រើសរូបភាព «៥សន្លឹក» បង្ហាញអំពីបាតុភូតនានា នៅក្នុងចក្រវាល ដែលនៅតែបន្តសកម្មភាពទៅតាមធម្មជាតិ ហើយមនុស្សអាចកំណត់អំពីអ្វី ដែលនឹងកើតឡើងនៅពេលអនាគតបាន ប្រសិនបើមានសមត្ថភាព ប៉ុន្តែមនុស្សមិនអាចកែប្រែ ឬជះឥទ្ធិពលអ្វីដល់ចក្រវាលនេះឡើយ៖
១៖ ក្រុមតារាវិទូផ្តិតបានទិដ្ឋភាពបន្ទុះស៊ូពើណូវ៉ា (supernova) នៅក្នុងកាឡាក់ស៊ីដ៏សែនឆ្ងាយមួយ ស្ថិតនៅចម្ងាយ ៤៩០លានឆ្នាំពន្លឺពីភពផែនដី។ វាមានឈ្មោះថា SN2021 ត្រូវបានផ្តិតយកដោយមន្ទីរអង្កេតតារា NTT នៃអង្គការអវកាសអឺរ៉ុប ESA កាលពីខែធ្នូ ឆ្នាំ២០២១។
២៖ អង្គការ NASA ចាប់ផ្តើមផ្គុំយានស្រាវជ្រាវព្រះចន្ទទឹកកក Europa របស់ភពព្រហស្បតិ៍ (Jupiter) ដែលមានឈ្មោះថា Europa Clipper នោះហើយ។ អង្គការ NASA បាញ់បញ្ជូនយាននេះទៅកាន់ព្រះចន្ទ Europa នៅខែតុលា ឆ្នាំ២០២៤ ហើយនឹងទៅដល់ប្រព័ន្ធភពព្រហស្បតិ៍នៅឆ្នាំ ២០៣០។
៣៖ អវកាសយានិក NASA លោក Mark Vande Hei នឹងចុះមកកាន់ភពផែនដីវិញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ តាមរយៈយាន Soyuz របស់អង្គការអវកាសរុស្ស៊ី។ លោកនឹងបំបែកកំណត់ត្រា ក្នុងការស្នាក់នៅទីអវកាសបានរហូតដល់ ៣៥៥ថ្ងៃ ប៉ុន្តែក៏នឹងចំពេលដែលរុស្ស៊ី និងអ៊ុយក្រែន កំពុងផ្ទុះសង្គ្រាមនឹងគ្នាផងដែរ។
៤៖ កែវយឺតអវកាស Hubble ផ្តិតបានទិដ្ឋភាពកាឡាក់ស៊ីបី កំពុងរួមបញ្ចូលគ្នា ស្ថិតនៅរាប់រយលានឆ្នាំពន្លឺពីភពផែនដីយើង។ កាឡាក់បីរួមបញ្ចូលគ្នានេះ ត្រូវបានដាក់់ឈ្មោះសម្គាល់ថា IC 2431 ហើយអង្គការអវកាសអឺរ៉ុប ESA គឺជាអ្នកតាមដានបាតុភូតដ៏កម្របំផុតនេះ។
៥៖ សំរាំងប៉ូល ឬពន្លឺ Aurora បានបង្ហាញវត្តមានកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅតំបន់ជុំវិញប៉ូលខាងត្បូងភពផែនដី។ បាតុភូតនេះត្រូវបានផ្តិតយក ដោយអវកាសយានិក នៅលើស្ថានីយអវកាសអន្តរជាតិ (ISS) ស្ថិតនៅរយៈកម្ពស់ ៤៣៥គីឡូម៉ែត្រពីលើតំបន់មហាសមុទ្រឥណ្ឌា៕
ប្រែសម្រួល៖ Cambo Space (វឌ្ឍនៈ)
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២)