(អាមេរិក)៖ ទិដ្ឋភាពនៃកំសួលថាមពល ឬ jet ដែលប្រៀបបីដូចជាការបាញ់ចេញ កាំរស្មីឡាស៊ែរ (laser) ដ៏កញ្ជ្រោលទៅក្នុងទីអវកាស ត្រូវបានតេឡេស្កូបអវកាសវ័យជាង ៣០ឆ្នាំ «Hubble» របស់អង្គការ NASA ផ្តិតបាននៅពេលវាសម្ងំអង្កេតមើលតារាទារកមួយដួង ដែលទើបចាប់កំណើតថ្មីៗ ហើយនេះសុទ្ធសឹងតែជាមេរៀន ដើម្បីឲ្យយើងធ្វើការស្វែងយល់បន្ថែម អំពីដំណើរវិវឌ្ឍនៃព្រះអាទិត្យផ្ទាល់។
បើតាមការពណ៌នារបស់អង្គការអវកាសអឺរ៉ុប ESA, កំសួលថាមពល (jet) ខាងលើនេះ គឺមានពណ៌ចំរុះគួរឲ្យគយគន់ និងបង្ហាញអំពីថាមពលដ៏អស្ចារ្យ ដែលតារាកំពុងចាប់កំណើតដ៏កញ្ជ្រោលមួយ អាចបាញ់ចេញទៅកាន់ទីអវកាស នៅជុំវិញខ្លួនវា។ តំបន់ដែលតារាមួយទើបចាប់កំណើតនេះ ត្រូវបានដាក់ឈ្មោះសម្គាល់ថា HH34 ហើយវាត្រូវបាន Hubble ក្រឡេកឃើញលើកដំបូងកាលពីអំឡុងឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០៧ (នៅពេលដែល Hubble កំពុងធ្វើតេស្តកាមេរ៉ា) និងការអង្កេតលម្អិតតែម្តងនៅឆ្នាំ ២០១៥។
គួរបញ្ជាក់ថា តំបន់តារាទើបចាប់កំណើត HH34 មានចម្ងាយ ១,២៥០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយវាស្ថិតនៅក្នុងតំបន់នីបូឡា អូរ៉ៃអិន (Orion Nebula) ដ៏ល្បីល្បាញ ដែលយើងតែងតែមើលឃើញ លើផ្ទៃមេឃនាពេលរាត្រីនោះឯង។ តំបន់ Orion ត្រូវបានក្រុមតារាដាក់រហស្សនាមឲ្យថា តំបន់នៃផ្កាយចាប់កំណើត និងងាយក្នុងការអង្កេតពីភពផែនដីយើង។
អង្គការអវកាស ESA ដែលជាដៃគូដ៏សំខាន់មួយរបស់អង្គការ NASA បានបង្ហាញក្តីសង្ឃឹមថា តេឡេស្កូបអវកាស James Webb ដែលនឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២២ ឆាប់ៗខាងមុខនេះ នឹងអាចចោលក្រសែភ្នែកទៅរក HH34 ដើម្បីសិក្សាលម្អិតបន្ថែមជាង Hubble ទៀត។
James Webb អាចសិក្សាអំពីរលកពន្លឺ infrared នៃកំសួល Jet របស់វា និងបរិស្ថានជារួមនៃកម្ទេចធូលីដ៏ក្តៅគគុក ដែលស្ថិតនៅជុំវិញ HH34 នោះ។ ការសិក្សាអំពីតារាចាប់កំណើត, បម្រែបម្រួលនៃពន្លឺ និងការផុតរលត់ជីវិត គឺសុទ្ធតែជាប្រយោជន៍សម្រាប់ឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ស្វែងយល់អំពីដំណើរវិវឌ្ឍ នៃព្រះអាទិត្យរបស់យើងផ្ទាល់៕
ប្រែសម្រួល៖ Cambo Space (វឌ្ឍនៈ)
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២)