(បរទេស)៖ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ពិតជាកំពុងធ្វើឲ្យមនុស្សលើភពផែនដី ភ័យព្រួយយ៉ាងខ្លាំងអំពីឥទ្ធិពល នៃសង្គ្រាមនុយក្លេអ៊ែរ ដែលអាចកើតឡើងនៅថ្ងៃអនាគត ព្រោះប្រទេសមហាអំណាចធំៗទាំងអស់ ជាពិសេសសហរដ្ឋអាមេរិក និងរុស្ស៊ីតែម្តង សុទ្ធតែមានក្បាលគ្រាប់នុយក្លេអ៊ែរ រាប់ពាន់គ្រាប់នៅក្នុងកណ្តាប់ដៃ។
អាវុធនុយក្លេអ៊ែរដែលត្រូវបានប្រើប្រាស់ជាក់ស្តែងតែម្តង ដើម្បីបង្ខំគូសត្រូវឲ្យចុះចាញ់សង្គ្រាម នោះគឺកាលពីសម័យសង្គ្រាមលោកលើកទី ២ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង ហ៊ីរ៉ូស៊ីម៉ា (Hiroshima) និងណាហ្គាសាគិ (Nagazaki) កាលពីឆ្នាំ១៩៤៥ ដែលបានផ្តាច់ជីវិតមនុស្សរាប់សែននាក់។
ប៉ុន្តែ, តើក្រោយសង្គ្រាមលោកលើកទី ២ ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ថ្មីៗជាបន្តបន្ទាប់មានឥទ្ធិពល ខ្លាំងជាងការទម្លាក់លើប្រទេសជប៉ុនដល់កម្រិតណា? ខាងក្រោមនេះ គឺជាការប្រៀបធៀបឥទ្ធិពល នៃការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរទាំង ៩លើក ដែលបានកើតមានលើភពផែនដី ក្រោយសង្គ្រាមលោកលើកទី ២ បញ្ចប់ទៅ កាលពីឆ្នាំ១៩៤៥៖
១៖ ការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរមានរហស្សនាមថា «Tsar Bomba» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៦១ ដោយអតីតសហភាពសូវៀតនៅប្រជុំកោះ Novaya Zemlya ជាប់មហាសមុទ្រទឹកកកអាក់ទិច៖ វាមានកម្លាំងខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima រហូតដល់ ៣,៣០០ដង។
២៖ ការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរមានលេខសម្គាល់ «TEST 219» នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៦២ ដោយអតីតសហភាពសូវៀតនៅប្រជុំកោះ Novaya Zemlya ដដែល៖ វាមានកម្លាំងខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima រហូតដល់ ១,៦០០ដង។
៣៖ ការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរមានលេខសម្គាល់ «TEST 147» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៦២ ដោយអតីតសហភាពសូវៀតនៅប្រជុំកោះ Novaya Zemlya ដដែល៖ វាមានកម្លាំងខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima រហូតដល់ ១,៤០០ដង។
៤៖ ការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរមានលេខសម្គាល់ «TEST 173» នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦២ ដោយអតីតសហភាពសូវៀតនៅឧបទ្វីប Novaya Zemlya ដដែល៖ វាមានកម្លាំងខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima រហូតដល់ ១,២៧០ដង។
៥៖ ការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរមានរហស្សនាមថា «Castle Bravo» នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៥៤ ដោយសហរដ្ឋអាមេរិក៖ វាត្រូវបានធ្វើឡើងនៅលើប្រជុំកោះ Marshall Islands នឹងត្រូវបានចាត់ទុកជាអាវុធនុយក្លេអ៊ែរ ខ្លាំងបំផុតលំដាប់លេខ ៥ ក្នុងគ្រានោះ។ វាបានធ្វើឲ្យឥទ្ធិពលនុយក្លេអ៊ែរ រីកសាយភាយលើសការរំពឹងទុករហូតដល់ទៅជាង ២ដង (១៨,០១៣គីឡូម៉ែត្រក្រឡា) នៅជុំវិញតំបន់ធ្វើតេស្ត។
៦៖ ការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរមានរហស្សនាមថា «Castle Yankee» នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៥៤ ដោយសហរដ្ឋអាមេរិក៖ វាត្រូវបានធ្វើឡើងនៅតំបន់ឆ្នេរ Bikini Atoll ដោយមានកម្លាំងខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima រហូតដល់ ៩០០ដង។
៧៖ ការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរមានលេខសម្គាល់ថា «TEST 123» នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៦១ ដោយសហភាពសូវៀត៖ វាត្រូវបានធ្វើឡើងនៅប្រជុំកោះ Novaya Zemlya ដោយមានកម្លាំងខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima រហូតដល់ ៨៣០ដង។
៨៖ ការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរមានរហស្សនាមថា «Castle Romeo» នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៥៤ ដោយសហរដ្ឋអាមេរិក៖ វាត្រូវបានធ្វើឡើងនៅតំបន់ឆ្នេរ Bikini Atoll ដោយមានកម្លាំងខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima រហូតដល់ ៧៣០ដង។
៩៖ ការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរមានរហស្សនាមថា «Ivy Mike ឬ Mike» នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៥២ ដោយសហរដ្ឋអាមេរិក៖ វាត្រូវបានធ្វើឡើងនៅលើប្រជុំកោះ Marshall Islands ដោយមានកម្លាំងខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima រហូតដល់ ៦៩០ដង។
គួរបញ្ជាក់ថា ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរឈ្មោះ Little Boy មានកម្លាំងផ្ទុះ ១៥គីឡូតោន (TNT) ដោយសហរដ្ឋអាមេរិក ទៅលើទីក្រុង Hiroshima របស់ជប៉ុនកាលពីខែសីហា ឆ្នាំ១៩៤៥ បានផ្តាច់ជីវិតមនុស្សរហូតដល់ទៅជាង ១៤០,០០០នាក់ និងបំផ្លាញអគារ ៧០% នៅក្នុងទីក្រុងនេះ (តំបន់ព័ទ្ធជុំវិញចំណុចផ្ទុះ ៣.២គីឡូម៉ែត្របានទទួលរងឥទ្ធិពល និងការបំផ្លិចបំផ្លាញ)។
ទោះបីក្រោយការផ្ទុះស្ងប់ស្ងាត់ តែឥទ្ធិពលនៃរលកធាតុវិទ្យុសកម្ម បន្សល់ទុកពីការផ្ទុះនោះ នៅតែបន្តគំរាមកំហែងដល់អាវុធជីវិតមនុស្ស ហើយជប៉ុនត្រូវការពេល ៤ឆ្នាំ ទើបអាចសម្អាតភាពគ្រោះថ្នាក់ ចេញពីទីក្រុងភាគអាគ្នេយ៍នោះបាន។ បច្ចុប្បន្ននេះ, នៅក្នុងដីនៃទីក្រុង Hiroshima និង Nagazaki សុទ្ធតែនៅសេសសល់សារធាតុវិទ្យុសកម្ម ប៉ុន្តែស្ថិតក្នុងកម្រិតតិចតួចបំផុត ដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (វឌ្ឍនៈ)
ប្រភព៖ Live Science (ថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២)