(អឺរ៉ុប)៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ បេសកកម្ម ExoMars របស់អង្គការអវកាសអឺរ៉ុប ESA ត្រូវបានបាញ់បញ្ជូនទៅកាន់ភពព្រះអង្គារ ដើម្បីបំពេញបេសកកម្មស្វែងរកដាននៃជីវិត នៅលើភពក្រហមនោះ។ បេសកកម្ម ExoMars ដំបូងនោះមានផ្កាយរណបមួយគ្រឿងឈ្មោះ TGO (Trace Gas Orbiter) សម្រាប់គោចរជុំវិញភពអង្គារ និងជើងទម្រផ្ទុកយានមួយគ្រឿងទៀត ឈ្មោះ Schiaparelli។
ឧបករណ៍វិទ្យាសាស្ត្រទាំងពីរគ្រឿងខាងលើនេះ ត្រូវបានបាញ់បញ្ជូនចេញពីផែនដី តាមរយៈគ្រាប់រ៉ុក្កែតរុស្ស៊ី Proton ពីមូលដ្ឋាន Baikonur Cosmodrome ស្ថិតក្នុងប្រទេសកាហ្សាក់ស្ថាន។ ក្រោយពីបានចំណាយពេល ៧ខែ បេសកកម្ម ExoMars ក៏បានទៅដល់ភពអង្គារ ហើយផ្កាយរណប TGO បានជ្រៀតចូលគន្លងគោចរនៃភពក្រហមនេះ ប្រកបដោយជោគជ័យ។ ប៉ុន្តែជាអកុសល, យាន Schiaparelli ដែលបានផ្តាច់ខ្លួនចេញ និងចុះចតលើផ្ទៃភពអង្គារនោះ បានជួបប្រទះបញ្ហាបច្ចេកទេស និងបានធ្លាក់ខ្ទេចខ្ទីលើផ្ទៃភពក្រហមនោះតែម្តង។
បើតាមក្រុមជំនាញរបស់ ESA, ការគណនាពេលវេលាខុសតែបន្តិចប៉ុណ្ណោះ ដោយសារតែបញ្ហាផ្នែកប្រព័ន្ធកុំព្យូទ័រ គឺជាកត្តាចម្បងដែលបាននាំឲ្យយាន Schiaparelli ធ្លាក់លើភពអង្គារ។ យ៉ាងណាក៏ដោយ, បេសកកម្ម ExoMars ថ្មី បានគ្រោងនឹងចាកចេញពីផែនដី នៅក្នុងឆ្នាំ២០២២នេះ ដើម្បីសំដៅទៅរកភពអង្គារម្តងទៀត ក្រោមកិច្ចសហប្រតិបត្តិការរវាង អង្គការអវកាសរុស្ស៊ី ROSCOSMOS និង ESA, ប៉ុន្តែសង្គ្រាមដែលបាននិងកំពុងផ្ទុះឡើង រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងក្លាយជារនាំងធំបំផុត ដែលអាចនាំឲ្យគម្រោងទាំងមូលត្រូវជាប់គាំង៕
ប្រែសម្រួល៖ Cambo Space (វឌ្ឍនៈ)
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២)