(អាមេរិក)៖ ទីបំផុតក្រុមហ៊ុនផលិតរ៉ុក្កែត Astra នៃសហរដ្ឋអាមេរិក បានកសាងភាពជោគជ័យជាលើកដំបូង ក្នុងការបញ្ជូនផ្កាយរណប ទៅកាន់គន្លងគោចរជុំវិញភពផែនដី បន្ទាប់ពីការទទួលបរាជ័យកាលពីខែកុម្ភៈ។ ការបាញ់បញ្ជូនផ្កាយរណបតាមរយៈរ៉ុក្កែត ២ដំណាក់កាលហៅកាត់ថា LV0009 (Launch Vehicle 0009) ត្រូវបានធ្វើឡើងចេញពីមូលដ្ឋានបាញ់បង្ហោះ Pacific Spaceport ស្ថិតនៅកោះ Kodiak នៃរដ្ឋអាឡាស្កា (Alaska) ជាប់មហាសមុទ្រប៉ាស៊ីហ្វិក កាលពីវេលាម៉ោង ១២៖២២រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ (ម៉ោងនៅក្នុងតំបន់នោះ)។ ទស្សនាវីដេអូនៃការបាញ់បង្ហោះផ្កាយរណប៖
ត្រឹមតែរយៈពេលជិត ៩នាទី បន្ទាប់ពីហោះចេញពីផ្ទៃដី, រ៉ុក្កែតដែលមានកម្ពស់ ១៣ម៉ែត្ររបស់ក្រុមហ៊ុន Astra ខាងលើនេះ បានដឹកនាំផ្កាយរណប និងបញ្ចេញវាទៅកាន់គន្លងគោចរជុំវិញភពផែនដី ដែលមានរយៈកម្ពស់ ៥២៥គីឡូម៉ែត្រ ប្រកបដោយជោគជ័យ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើនេះ គឺជាប្រវត្តិសាស្ត្រដ៏ធំធេងមួយសម្រាប់ Astra បន្ទាប់ពីការទទួលបរាជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបលើកដំបូង កាលពីខែកុម្ភៈកន្លងទៅ។ នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Astra លោក Chris Kemp បានថ្លែងបន្ទាប់ពីការទទួលបានជោគជ័យនោះថា «គ្មានអ្វីដែលអាចឲ្យយើងរំភើបចិត្ត ជាងការបន្តផ្តល់សេវាដល់ អតិថិជនរបស់យើងនោះឡើយ»។
សម្រាប់គោលដៅធំបំផុតរបស់ក្រុមហ៊ុន Astra ដែលមានមូលដ្ឋាននៅរដ្ឋ California មួយនេះ គឺការបញ្ជ្រៀតខ្លួនចូលទៅក្នុង ទីផ្សារបាញ់បង្ហោះផ្កាយរណបធុនតូច តាមរយៈការបោះជំហានដ៏ធំ ទៅរកការប្រកួតប្រជែងផ្នែកតម្លៃ ព្រមទាំងប្រសិទ្ធភាពនៃការដឹកជញ្ជូន ដោយគ្រាប់រ៉ុក្កែត៕
ប្រែសម្រួល៖ Cambo Space (វឌ្ឍនៈ)
ប្រភព៖ Space.com (ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២)